អានតួអត្ថបទ
កម្ពុជា

បាតុកម្ម​ធ្វើ​អោយ​រោងចក្រ​ខាត​បង់​ប្រាក់​៧​លាន​ដុល្លារ

បាតុកម្ម​ក្នុង​រយៈពេល​៤​ថ្ងៃ​កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ធ្វើ​អោយ​រោងចក្រ ​កាត់ដេរ​ខាតបង់​ប្រាក់​៧​លាន​ដុល្លារ​អាមេរិក។ កាល​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​នេះ កម្មករ​ច្រើន​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ បាតុកម្ម​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​រហូត​ដល់​៩៣​ដុល្លារ។

កម្មករ-កម្មការិនីធ្វើ​កូដកម្ម ៤ថ្ងៃ​ រោងចក្រ​​ខាត​បង់ប្រាក់​៧​លាន
កម្មករ-កម្មការិនីធ្វើ​កូដកម្ម ៤ថ្ងៃ​ រោងចក្រ​​ខាត​បង់ប្រាក់​៧​លាន ©ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម
03:49

បទ​អន្តរាគមន៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា បាតុកម្ម​ក្នុង​រយៈពេល​៤​ថ្ងៃ​ក្នុង​ដើម​សប្ដាហ៍​នេះ​បាន​បង្ក​អោយ​រោងចក្រ​កាត់ដេរ​ដែល​ពាក់ព័ន្ធ​ខាតបង់​ប្រាក់​ប្រមាណ​ជា​៧​លាន​ដុល្លារ​អាមេរិក។

ការ​ខាតបង់​នេះ​ ត្រូវ​បាន​គេ​គិតគូរ​ទៅលើ​ការ​ចំណាយ​សម្រាប់​ការ​ប្រើប្រាស់​ទឹក ភ្លើង ការ​ថយ​ចុះ​ផលិតភាព​ការងារ​របស់​រោងចក្រ​ និង​ការ​កើន​ឡើង​នៃ​តម្លៃ​ដឹក​ជញ្ជូន។ ទាក់ទង​ទៅ​នឹង​ការ​ដឹក​ជញ្ជូន​នេះ​មន្ត្រី​តំណាង​ថៅកែ​រោងចក្រ​បាន​បញ្ជាក់​ថា ប្រសិនបើ​កម្មករ​មិន​បាន​ធ្វើ​បាតុកម្ម ពេលនោះ​ការ​ដឹកជញ្ជូន​ត្រូវ​ធ្វើ​ឡើង​តាម​កប៉ាល់​ធម្មតា​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​កូដកម្ម​ធ្វើ​អោយ​គាំង​ចង្វាក់​ផលិតកម្ម​ចំនួន​៤​ថ្ងៃ ពេលនោះ​ ថៅកែ​ត្រូវ​ធ្វើការ​​ផ្ទេរ​ពី​ការ​បញ្ជូន​តាម​កប៉ាល់​ទៅ​ជា​ការ​បញ្ជូន​តាម​​យន្តហោះ​វិញ។ ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​អាច​ធ្វើ​អោយ​តម្លៃ​ដឹក​ជញ្ជូន​កើន​ឡើង​ជាង​ការ​ដឹក​តាម​កប៉ាល់។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​ថៅកែ​ត្រូវ​តែ​ធ្វើ​យ៉ាង​ដូច្នេះ​ដែរ​ពីព្រោះ​ពួកគេ​ចៀសវាង​កុំ​អោយ​ទំនិញ​ទៅ​ដល់​ដៃ​អ្នក​ទិញ​យឺត។

បើ​យោង​តាម​កិច្ច​សន្យា​ពាណិជ្ជកម្ម ប្រសិន​បើ​ការ​ប្រគល់​ទំនិញ​មាន​លក្ខណៈ​យឺត​ ពេលនោះ​អ្នក​លក់​ទំនិញ​ត្រូវតែ​បង់ខាត​ក្នុង​កម្រិត​ណា​មួយ​អាស្រ័យ​ទៅលើ​កិច្ច​ព្រមព្រៀង។

ដោយសារ​បាតុកម្ម​បាន​ធ្វើ​អោយ​ខូច​ប្រយោជន៍​របស់​ខ្លួន រោងចក្រ​មួយ​ចំនួន​គ្រោង​ចាត់​វិធានការ​ប្រឆាំង​នឹង​សហជីព។ លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​គ្រោង​ប្ដឹង​មេ​ដឹកនាំ​សហជីព​ដែល​បាន​ញុះញង់​អោយ​មាន​បាតុកម្ម​នា​ពេល​កន្លង​មក។ ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ឈ្មោះ​មេ​ដឹក​នាំ​សហជីព​នៅ​ឡើយ​ទេ។

ទាក់ទង​ទៅ​នឹង​ពាក្យ​បណ្ដឹង​នេះ លោក អាត់ ធន់ ប្រធាន​​សហជីព​សហភាព​ការងារ​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​មិនទាន់​ដឹង​ពី​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​របស់​ថៅកែ​រោងចក្រ​កាត់ដេរ​ប្រឆាំង​នឹង​មេដឹកនាំ​បាតុកម្ម​នៅ​ឡើយ​ទេ។ រីឯ​ទាក់ទង​ទៅ​នឹង​ការ​ខាតបង់​របស់​ថៅកែ​រោងចក្រ​កាត់ដេរ​វិញ​ លោក អាត់ ធន់ បាន​បញ្ជាក់​ថា នៅ​ពេល​មាន​កូដកម្ម​ បាតុកម្ម​ម្តងៗ ទាំង​កម្មករ​ទាំង​ថៅកែ​រោងចក្រ​កាត់ដេរ​ខាតបង់​ដូច​តែ​គ្នា។ លោក អាត់ ធន់ បាន​បន្ថែម​ទៀត​ថា កម្មករ​មិន​ចង់​ធ្វើ​បាតុកម្ម​ ឬ​កូដកម្ម​ទេ​ ប៉ុន្តែ​ពួកគេ​គ្មាន​ជម្រើស។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ខាង​មុខ​នេះ សហជីព​និង​ថៅកែ​រោងចក្រ​គ្រោង​នឹង​ជជែក​គ្នា​អំពី​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​ក្រៅពី​ប្រាក់​ឈ្នួល​អប្បបរមា។ អត្ថប្រយោជន៍​ផ្សេងៗ​ជា​រួម​មាន៖ ប្រាក់​ទ្រទ្រង់​សុខភាព ប្រាក់​អតីតភាព ប្រាក់​បន្ថែម​ម៉ោង។ល។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​កិច្ច​ចរចា​ខាងមុខ​នេះ​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ