អានតួអត្ថបទ
កម្ពុជា

ការ​បាញ់​​ទៅ​លើ​​រថយន្តក្រុង​​សកម្ម​ជន​​ដី​ធ្លី​ ទំនង​ជា​មិន​ជាប់​ទា​ក់​ទង​នឹង​ជម្លោះ​ដី​ធ្លី​នោះ​ទេ​​

សកម្មជន​ដីធ្លី អ្នកភូមិ​បឹងកក់ បុរី​កីឡា និង​​ថ្ម​គោល​​ប្រមាណ​​ជា ​៥០​ នាក់​ បាន​​រង​​ការ​​គំរាម​​កំហែង​ បន្ទាប់​ពី​​មាន​​ខ្មាន់​កាំ​ភ្លើង​​ម្នាក់​​បាន​​បាញ់​កាំ​ភ្លើង​​ទៅ​លើ​​រថយន្ត​ក្រុង​​ធ្វើ​ដំណើរ​​របស់​​ពួក​គេ ​នៅ​ជិត​​ខាង​មុខ​​មណ្ឌល​​សុខ​ភាព​ គល់​ស្ពាន​​ជ្រោយ​ចង្វារ​ កាល​ពី​​ម៉ោង ​៨យប់​​ថ្ងៃ​​សៅរ៍​ ទី២២​ មីនា​។ នេះ​​បើ​តាម​​ការ​អះ​អាង​​របស់​​សកម្មជន​​ដី​ធ្លី​​អ្នក​ភូមិ​​បឹង​កក់។​ ប៉ុន្តែ​​សង្គម​​ស៊ីវិល​​លើក​ឡើង​ថា ហេតុ​ការណ៍​​នេះ ​ទំនង​ជា​​មិន​ជា​ប់​​ពាក់​ព័ន្ធ​ និង​​ជម្លោះ​ដី​ធ្លី​​នោះ​ទេ ​តែ​​វា​​អាច​​នឹង​​ទាក់​ទង​​នឹង​​ការ​​ថ្នាំង​ថ្នាក់​​អ្វី​មួយ ​ហើយ​​បណ្តាល​​ឲ្យ​​មាន​ការ​​បាញ់​បោះ​​ដោយ​​អាណាធិប​តេយ្យ​​​បែប​នេះ​។

រថយន្តក្រុង​ដឹក​សកម្មជនដីធ្លីអ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល មានស្នាមប្រេះនៅកញ្ចក់ខាងមុខ ដោយសារត្រូវគ្រាប់កាំភ្លើង។
រថយន្តក្រុង​ដឹក​សកម្មជនដីធ្លីអ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល មានស្នាមប្រេះនៅកញ្ចក់ខាងមុខ ដោយសារត្រូវគ្រាប់កាំភ្លើង។ RFI/ sophal
ផ្សាយពាណិជ្ជកម្ម

ក្រុម​សកម្មជន​ដីធ្លី អ្នកភូមិ​បឹងកក់ បុរី​កីឡា និង​ថ្មគោល បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​ស្រះចក​រួចរាល់ ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​សកម្មជន​ដីធ្លី​ប្រមាណ​ជា ៥០ នាក់ ដែល​ធ្វើដំណើរ​លើ​រថយន្តក្រុង ដែល​ត្រលប់​មកពី​ចូលរួម​វេទិកា​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​រង​ការវាយប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់ កាលពី​ម៉ោង ៨យប់​ថ្ងៃ​សៅរ ទី ២២ មីនា នៅត្រង់​មុខ​មណ្ឌល​សុខភាព គល់ស្ពាន​ជ្រោយចង្វារ។ បុរស​ខ្មាន់​កាំភ្លើង​នោះ ជិះ​ម៉ូតូ​វី​វ៉ា​​ពណ៌​ខ្មៅ ហើយ​បាន​ជិះ​តាម​ពីក្រោយ រថយន្តក្រុង​របស់​ក្រុម​សកម្មជន​ដីធ្លី ចាប់តាំងពី​គីឡូ​ម៉ែត​លេខ ៦ ហើយ​បាន​ស្រែក​ឲ្យ​រថយន្ត​នោះ​ឈប់​ចំនួន​ពីរដង។ ប៉ុន្តែ​អ្នកបើករថយន្ត​មិន​ព្រម​ឈប់។ លុះ​រហូតមកដល់​ចំណុចកើតហេតុ ទើប​បុរស​នោះបាន​ដក​កាំភ្លើង​បាញ់​ទៅលើ​រថយន្តក្រុង​ចំនួន ១គ្រាប់ ហើយក៏​គេចខ្លួន​បាត់ទៅ។

អ្នកស្រី ទេព វ​ណ្ណី តំណាង​សកម្មជន​ដីធ្លី​អ្នកភូមិ​បឹងកក់​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា សកម្មភាព​ដែល​បានកើត​ឡើង​នេះ គឺជា​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់​សកម្ម​ជន​ដីធ្លី អ្នកភូមិ​បឹងកក់ បុរី​កីឡា និង​ថ្មគោល ពីព្រោះ គ្រាប់កាំភ្លើង​បាន​បាញ់​សំដៅ​ក្រុម​សកម្មជន មិនមែន​បាញ់​សំដៅ​អ្នកបើករថយន្ត​នោះទេ។

បន្ទាប់ពី​ហេតុការណ៍​នោះ​ភ្លាម ក្រុម​សកម្មជន​ទាំងអស់​ក៏បាន​ដាក់ពាក្យ​ប្តឹង​ទៅកាន់​មន្ត្រី​ប៉ូលិស​នៅក្នុង​សង្កាត់​ស្រះចក​រួចរាល់​ហើយ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ។ អ្នកស្រី​ទេព វ​ណ្ណី​បាន​បញ្ជាក់ថា ប្រសិនបើ​សមត្ថកិច្ច​រក​មិនឃើញ​ជនល្មើស​នោះ ករណី​គំរាមកំហែង​នេះ ប្រាកដជា​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ជាមិនខាន។

ប៉ុន្តែ ​លោក ច័ន្ទ សុ​វ៉េ​ត មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក បាន​បញ្ជាក់ថា ខាង​សង្គម​ស៊ីវិល​នៅ​មិនទាន់​ធ្វើ​សេចក្តីសន្និដ្ឋាន​ណាមួយ​ជាក់លាក់​នោះទេ ពីព្រោះ​មិនទាន់​ទទួលបាន​ព័ត៌​មាន​ផ្លូវការ​នៅឡើយ។ លោក​ច័ន្ទ សុ​វ៉េត បានធ្វើការ​សន្និដ្ឋាន​ក្នុង​ជំហាន​ដំបូង​ថា ហេតុ​ការណ៍​បាញ់បោះ​នេះ ទំនងជា​កើតឡើង​ដោយសារ​ការខឹង​សម្បា​រ​គ្នា​ទៅវិញទៅមក រវាង​រថយន្តក្រុង និង​បុរស​ដែលជា​អ្នកបាញ់​កាំភ្លើង​នោះ។ លោក​បន្តថា ករណីនេះ​ដូចជា​ដាច់​ដោយឡែក​ទៅនឹង​ការ​គុំ​គួ​ន ក្នុង​ទំនាស់​ដីធ្លី​នៅ​បឹងកក់ និង​បុរី​ឡា។ ដូច្នេះ លោក​បាន​សំណូមពរ​ឲ្យ​មាន​ការ​​ស៊ើបអង្កេត​លើ​ករណីនេះ ឲ្យ​បានច្បាស់លាស់​ជា​បន្តទៀត ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់ច្រលំ។​

សូមបញ្ជាក់ថា ពុំមាន​អ្នកណាម្នាក់​រងរបួស​នៅក្នុង​ហេតុ​ការណ៍​បាញ់បោះ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ