អានតួអត្ថបទ
ជប៉ុន-អាមេរិក

ភាពតានតឹង​នៅ​កោះ​អូគីណាវ៉ា ក្រោយ​ពី​ទាហាន​អាមេរិកំាង​ពីរនាក់​បាន​រំលោភ​ស្រ្តី​វ័យក្មេង​ជប៉ុន​ម្នាក់

បច្ចុប្បន្ន​នេះ មាន​ទាហាន​អាមេរិកំាង​ចំនួន ៤៧ ០០០នាក់​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន ក្នុង​នោះ​មាន​ពាក់កណ្តាល​នៅ​លើ​កោះ​អូគីណាវ៉ា។ ប្រមុខ​កម្លំាង​ទ័ព​អាមេរិកំាង លោក​ឧត្តមសេនីយ Sam Angelella បាន​សន្យា​ថា បុគ្គលិក​ជា​ទាហាន និង​ស៊ីវិល​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​នឹង​ទទួល​ការ​អប់រំ​នូវ​តម្លៃ​ជា​សារវន្ត។ សេចក្តីសម្រេច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទាហាន​អាមេរិកំាង​ពីរ​នាក់​បាន​ចាប់​រំលោភ​ស្រ្តី​វ័យក្មេង​ជប៉ុន​ម្នាក់​នៅ​កោះ​អូគីណាវ៉ា។

បាតុករ​ជប៉ុន​ប្រឆំាង​នឹង​ការ​ចាប់​រំលោភ​ស្រ្តីវ័យក្មេងជប៉ុន​ម្នាក់​ពី​សំណាក់​ទាហាន​អាមេរិកំាង​ពីរនាក់
បាតុករ​ជប៉ុន​ប្រឆំាង​នឹង​ការ​ចាប់​រំលោភ​ស្រ្តីវ័យក្មេងជប៉ុន​ម្នាក់​ពី​សំណាក់​ទាហាន​អាមេរិកំាង​ពីរនាក់ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ហេតុការណ៍​ចាប់​រំលោភ​ស្រ្តី​វ័យក្មេង​ជប៉ុន​ម្នាក់​មក មាន​ទាហាន​អាមេរិកំាង​ចំនួន​ពីរ​នាក់​ក្នុង​អាយុ ២៣​ឆ្នំា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះ​អូគីណាវ៉ា។ អូគីណាវ៉ា​ដែល​មាន​វត្តមាន​ទាហាន​អាមេរិកំាង​ប្រមាណ​ជា​ពាក់​កណ្តាល​ក្នុង​ចំនួន​ទាហាន​អាមេរិកំាង​សរុប
៤៧ ០០០នាក់​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ដែល​ការ​ចាប់​រំលោភ​ពី​សំណាក់​ទាហាន​អាមេរិកំាង​មាន​ការ​កើន​ឡើង​ខ្ពស់ បើ​ប្រៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​មូលដ្ឋាន​យោធា​អាមេរិកំាង។

គួរ​ជម្រាប​ជូន​ថា ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​វត្តមាន​មូលដ្ឋាន​យោធា​អាមេរិក​ធំ​ជាង​គេ នៅ​ក្រៅ​ទឹកដី​អាមេរិកំាង។ មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះ​អូគីណាវ៉ា គឺ​ទុក​សម្រាប់​ឃ្លំាមើល​សកម្មភាព​របស់​ប្រទេស​ចិន​ដែល​ទើប​បាន​បញ្ជូន​នាវាចម្បំាង​ចំនួន ៧គ្រឿង​ទៅ​ដាក់​ព័ទ្ធជុំវិញ​ទីប្រជុំ​កោះ Senkaku ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន និង​ដែល​ចិន​កំពុង​ទាមទារ​ថា​ជា​របស់​ខ្លួន។ ម្យ៉ាង​ទៀត ចិន​ក៏​កំពុង​ត្រៀម​រៀបចំ​មហាសមយុទ្ធ​ផ្លូវអាកាស និង​ផ្លូវទឹក​នៅ​ប៉ែក​ខាង​ត្បូង​កោះ​អូគីណាវ៉ា។

ដូច្នេះ​ឃើញ​ថា ចង់ ឬ​មិន​ចង់ ជប៉ុន​ពិត​ជា​ត្រូវ​ការ​ដោយ​ចៀស​មិន​រួច​នូវ​អ្នក​ការពារ​ខ្លួន គឺ​អាមេរិកំាង​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើងៗ​របស់​ប្រទេស​ចិន។ ប៉ុន្តែ​នៅ​កោះ​អូគីណាវ៉ា វត្តមាន​ទាហាន​អាមរិកំាង​បាន​និង​កំពុង​ទទួល​រង​ការ​ប្រឆំាង​កាន់​តែ​ខ្លំាង​ឡើងៗ​ពី​សំណាក់​ប្រជាជន​ជប៉ុន​នៅ​កោះ​អូគីណាវ៉ា។ មាន​ប្រជាជន​ជប៉ុន​រាប់សិប​ពាន់នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការ​ចាប់​រំលោភ​ស្រ្តី​វ័យក្មេង​ជប៉ុន​ម្នាក់​ពី​សំណាក់​ទាហាន​អាមេរិកំាង​ពីរ​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ