អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក​ចាប់ខ្លួន​មនុស្ស​១០នាក់​ជាប់ចោទ​ថា​ជា​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី

កាល​ពី​ថ្ងៃ​ចន្ទ ទី២៨ មិថុនា ២០១០នេះ អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ គេ​បាន​​បំបែក​សម្បុក​​ភ្នាក់ងារ​ចារកម្ម​​មួយ​ក្រុម​ធំ ដែល​លួចយកការណ៍​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី។ មនុស្ស ១០នាក់​ត្រូវ​បាន​ចាប់ខ្លួន​ បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​​អស់រយៈពេល​ជិត ១០ឆ្នាំ។

ភ្នាក់ងារ​អែហ្វ.ប៊ី.អាយ ធ្វើ​ការ​តាមដាន​ស៊ើប​អង្កេត​ជិត​១០​ឆ្នាំ ទើប​ឈាន​ទៅ​ធ្វើ​ការចាប់ខ្លួន​ជនសង្ស័យ​ពី​បទចារកម្ម​
ភ្នាក់ងារ​អែហ្វ.ប៊ី.អាយ ធ្វើ​ការ​តាមដាន​ស៊ើប​អង្កេត​ជិត​១០​ឆ្នាំ ទើប​ឈាន​ទៅ​ធ្វើ​ការចាប់ខ្លួន​ជនសង្ស័យ​ពី​បទចារកម្ម​ ©FBI
ផ្សាយពាណិជ្ជកម្ម

01:53

សេចក្តីរាយការណ៍​របស់ សេង ឌីណា

គឺ​ជា​រឿង​ពិត តែ​មិន​ចាញ់​រឿង​ក្នុង​កុន​ប៉ុន្មាន​ទេ! ជន​ជាប់ចោទ​ពីបទចារកម្ម ​ទាំង ១០​នាក់ បាន​ទទួល​ការ​ហ្វឹកហ្វឺន​នៅ​សាលា​ចារកម្ម​រុស្ស៊ី។ បន្ទាប់មក ទើប​ចូល​មក​ក្នុង​ទឹកដី​អាមេរិក​រស់​នៅ​​ជា​ប្រជាជន​ធម្មតា អស់រយៈពេល​ជាង​មួយ​ទសវត្សរ៍។​ ខ្លះ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ និង​ប្រកប​ការងារ​ដូច​ប្រជាពលរដ្ឋ​​អាមេរិក​ធម្មតា​។ ខ្លះ​រស់​នៅ​​ជាមួយ​គ្នា ជា​ប្តី-ប្រពន្ធ ហើយ​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែងក្លាយ។ ប៉ូលិស​អាមេរិក​បាន​ឆែក​ឃើញ​សំបុត្រកំណើត​របស់​ជន​សង្ស័យ​ខ្លះ​មាន​ឈ្មោះ ដែល​គ្មាន​ក្នុង​បញ្ជីជាតិ។ ខ្លះទៀត យក​ឈ្មោះ​របស់​អ្នក​ស្លាប់​មក​ប្រើ។

មុននឹង​ឈាន​ទៅ​ដល់​ការចាប់ខ្លួន​នេះ​ ទីភ្នាក់ងារ​​អែហ្វ.ប៊ី.​អាយ អាមេរិក​បាន​ធ្វើ​ការ​តាមដាន ​ស៊ើបអង្កេត​អស់រយៈពេល​ជិត ១០​ឆ្នាំ ដោយ​មាន​ការ​​តាម​ឃ្លាំមើល​សកម្មភាព​ជនសង្ស័យផង ការ​លបស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទផង និង​ការ​បន្លំ​ខ្លួន​ធ្វើ​ជា​មន្រ្តី​ចារកម្ម​រុស្ស៊ីផង។ ឆ្លង​តាម​ការ​ស៊ើបអង្កេតនេះ ភ្នាក់ងារ​អែហ្វ.ប៊ី.អាយ​ បាន​រក​ឃើញ​ថា ជនជាប់ចោទ​ពីបទ​ចារកម្ម​ទាំង ១០នាក់ ទទួល​បេសកកម្ម​ពី​ម៉ូស្គូ​ឲ្យ​ស្វែងរក​ព័ត៌មាន​សម្ងាត់​ទាក់ទងនឹង​អាវុធ​នុយក្លេអ៊ែរ​ ទាក់ទង​នឹង​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​ ជុំវិញ​ការ​ចរចា​រំសាយ​សព្វាវុធ​នុយក្លេអ៊ែរ ជុំវិញ​បញ្ហា​អៀរ៉ង់ ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នៃ​ទីភ្នាក់ងារ​​ចារកម្ម​អាមេរិក ​ស៊ី.អាយ.អេ ជាដើម។ ជន​សង្ស័យ​ខ្លះ ក៏​មាន​ជាប់ពាក់ព័ន្ធ​ផងដែរ​នឹង​ប្រតិបត្តិការ​លាងលុយ​កខ្វក់​។ ជនជាប់ចោទ​ពី​បទចារកម្ម​នេះ អាច​នឹង​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រហូត​ដល់ ២០ ទៅ​២៥​ឆ្នាំ។

នៅពេលនេះ អាមេរិក​ និង​រុស្ស៊ី កំពុង​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក លោក​មេដវេដេវ (Medvedev) ប្រធានាធិបតី​រុស្ស៊ី បាន​ជួប​ជាមួយ​​​​លោក​អូបាម៉ា ​ដោយ​បង្ហាញ​ពី​ភាព​​ស្និទ្ធស្នាល។ ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក សំណុំរឿង​ចារកម្ម​ដ៏​ធំ​មួយ​ក៏​បាន​ផ្ទុះឡើង។

កាល​ពី​ព្រឹកថ្ងៃ​អង្គារ រដ្ឋាភិបាល​រុស្ស៊ី​បាន​បដិសេធ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ ជុំវិញ​​ការចាប់ខ្លួន​ជនសង្ស័យ​​ទាំង ១០​នាក់​នេះ។ ក៏ប៉ុន្តែ ក្រោយមក រដ្ឋមន្រ្តី​ក្រសួងការបរទេស​រុស្ស៊ី​ ​បាន​ច្រានចោល​ការចោទប្រកាន់​របស់​អាមេរិក​ថា ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​ដើរ​ថយក្រោយ ត្រឡប់​ទៅ​សង្រ្គាម​ត្រជាក់វិញ។ រដ្ឋាភិបាល​រុស្ស៊ី​ក៏បាន​ទាមទារ​ផងដែរ​​ឲ្យ​អាមេរិក​បំភ្លឺ​អំពី​​ឲ្យ​បាន​ច្បាស់ អំពី​រឿង​អាស្រូវ​ចារកម្ម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ