អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់​កំពុង​ពិចារណា​ពង្រីក​ផ្លូវ​យន្តហោះ​នៅលើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

អាជ្ញាធរ​តៃវ៉ាន់​កំពុង​តែ​ពិចារណា​លើ​គម្រោង​ពង្រីក​ផ្លូវ​ចុះចត​យន្ត​ហោះ នៅលើ​កោះ​មួយ ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​កំពុង​ជាប់ជម្លោះ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​កាសែតតៃវ៉ាន់ ឈ្មោះ The Liberty Times។ ព័ត៌មាន​ស្តីពី​គម្រោង​ពង្រីក​ផ្លូវ​ចុះចត​យន្តហោះ​នេះ​កើតមាន​ឡើង នៅ​ចំពេល​ដែល​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​​កំពុង​តែ​ពុះកញ្ជ្រោល​យ៉ាង​ក្តៅគគុក រវាង​​ចិន និង​ប្រទេស​មួយ​ចំនួនទៀត ក្នុង​តំបន់​អាស៊ាន។

សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជាប់ជម្លោះ (ខ្សែបន្ទាត់​ក្រហម​ជា​តំបន់​ដែល​ចិន​ទាមទារ)
សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជាប់ជម្លោះ (ខ្សែបន្ទាត់​ក្រហម​ជា​តំបន់​ដែល​ចិន​ទាមទារ)
ផ្សាយពាណិជ្ជកម្ម

កាសែត The Liberty Times ដែល​បាន​ដកស្រង់​សម្តី​មន្រ្តី​អាជ្ញាធរ​តៃវ៉ាន់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹង​ថា នៅពេលនេះ អាជ្ញាធរ​តៃវ៉ាន់​ទទួលបន្ទុក​សន្តិសុខ​ជាតិ​ កំពុង​ធ្វើការ​សិក្សា​ទៅលើ​គម្រោង​ពង្រីក​ផ្លូវចុះចត​យន្តហោះ នៃ​មូលដ្ឋាន​ទ័ព​អាកាស​តៃវ៉ាន់ ស្ថិត​នៅលើ​កោះ​មួយ​ ដែល​តៃវ៉ាន់​ហៅថា Taiping ស្ថិត​ក្នុង​ចំណោម​ប្រជុំកោះ Spratlys ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

គួរ​បញ្ជាក់ថា តៃវ៉ាន់​បាន​ចាប់​ផ្តើម​សាងសង់​​ព្រលាន​យន្តហោះ​ នៅកោះ Taiping នេះ កាល​ពី​ឆ្នាំ​២០០៦ បើទោះជា​មាន​ការ​តវ៉ា​ពី​សំណាក់ប្រទេស​ជាប់ជម្លោះ​ផ្សេងទៀត​​ក៏ដោយ។ ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​សាងសង់​ចប់សព្វគ្រប់ នៅ​ចុង​ឆ្នាំ​២០០៧ ដោយ​មាន​ផ្លូវ​ចុះចត​ប្រវែង​ជិត ១ពាន់២រយ​ម៉ែត្រ ដែល​អាច​ឲ្យ​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា​ចុះចតបាន។

ប្រជុំកោះ Spratlys ស្ថិត​នៅ​ចុងខាង​ត្បូង នៃ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ ក្រៅពីតៃវ៉ាន់ មាន​ប្រទេស​ ៥​ទៀត ដែល​កំពុងឈ្លោះ​ដណ្តើម​គ្នា​កាន់កាប់ គឺ​ ចិន វៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ ក្រៅពីព្រុយណេ ប្រទេស​ជាប់ជម្លោះ​ទាំងអស់​សុទ្ធតែ​បាន​ដាក់ទីតាំង​ទ័ព​នៅលើ​កោះ​ណាមួយ ក្នុង​ចំណោម​កូនកោះ ទាំង​ជាង ១០០ នៅ​ក្នុង​ប្រជុំកោះ Spratlys នេះ។

នៅ​ក្នុង​មួយ​រយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជារឿយៗ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រវាង​នាវា​របស់​ប្រទេស​ជាប់ជម្លោះ។ គឺ​ដោយសារ​តែ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅ​កម្ពុជា ត្រូវ​ទទួលបរាជ័យ ដោយ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមាន​បាន កាល​ពី​ថ្ងៃ​សុក្រ។

គម្រោង​ពង្រីក​ផ្លូវ​ចុះចត​យន្តហោះ​​នៃ​មូលដ្ឋាន​ទ័ពអាកាស​តៃវ៉ាន់​នេះ អាច​នឹង​ធ្វើ​ឲ្យ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​កំពុង​តែ​ក្តៅគគុក​ស្រាប់​នេះ កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ