អានតួអត្ថបទ
ស៊ីរី

អង្គការ​​សិទ្ធិមនុស្ស​​ស៊ីរី​OSDH៖​ ប្រតិបត្តិការ​​​រុស្ស៊ី​​នៅ​​ស៊ីរី​​១ឆ្នាំ​មកនេះ​ សម្លាប់​​ជនស៊ីវិល​​ជាង​៣៨០០នាក់​

ថ្ងៃសុក្រ​៣០កញ្ញានេះ អង្គការ​​សិទ្ធិមនុស្ស​ស៊ីរី ហៅកាត់ថា ​OSDH បាន​ចេញតួលេខ​ជន​ស៊ីវិល​​​ ​​ដែលស្លាប់​​ក្នុង​​​​ការវាយប្រហារ​របស់​យន្តហោះ​រុស្ស៊ី ១ឆ្នាំមកនេះ។ តាំងពី​រុស្ស៊ី​បើកប្រតិបត្តិការ​ជួយ​កងទ័ព​ស៊ីរី​ ថ្ងៃ៣០កញ្ញា ឆ្នាំ២០១៥​មក ​ជនស៊ីវិល​​ដែល​ស្លាប់​ដោយសារ​​​​យន្តហោះ​រុស្ស៊ី មានចំនួន​​ជាង៣៨០០នាក់។ ក្រុងម៉ូស្គូ​បាន​បដិសេធ​តួលេខ​អង្គការ​​សិទ្ធិ​មនុស្ស​​ស៊ីរី។ 

ក្មេងប្រុស​ម្នាក់​ដើរ​មុខ​អគារ​បែកបាក់ នៅ​អាឡិប ​ក្នុង​តំបន់​គ្រប់គ្រងដោយ​ក្រុមឧទ្ទាម ថ្ងៃ​២៩កញ្ញា ២០១៦។
ក្មេងប្រុស​ម្នាក់​ដើរ​មុខ​អគារ​បែកបាក់ នៅ​អាឡិប ​ក្នុង​តំបន់​គ្រប់គ្រងដោយ​ក្រុមឧទ្ទាម ថ្ងៃ​២៩កញ្ញា ២០១៦។ Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ៣០កញ្ញា ឆ្នាំ២០១៥ ​គិតដល់​ថ្ងៃ៣០កញ្ញា ដដែល ក្នុង​ឆ្នាំ២០១៦​នេះ ​តាំងពី​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​​ផ្លូវអាកាស​​​ជួយ​កងទ័ព​ស៊ីរី ​យន្តហោះ​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិលនៅ​ស៊ីរី ​​​៣៨០៤នាក់។ ទន្ទឹមនេះដែរ ​សកម្មជន​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​​២៧៤៦នាក់ ​និង​សកម្មជន​ប្រយុទ្ធ​តាម​ក្រុមជីហាត​ផ្សេងៗ​ទៀត ​២៨១៤នាក់ ក៏បា​នស្លាប់​ក្រោម​ការវាយប្រហារ​របស់​រុស្ស៊ីដែរ។ នេះជា​តួលេខ​ផ្តល់​ដោយ​អង្គការ​​សិទ្ធិ​មនុស្ស​ស៊ីរីOSDH។

វិមានក្រេមឡាំង​បាន​​​ទាត់ចោល​តួលេខ​នេះ ដោយចាត់ទុក​ថា ​ជា​តួលេខ​មិនអាច​យក​ជាការ​បាន​ ​​របស់​អង្គការ​OSDH ជា​អង្គការ​​​មាន​ទីតាំងនៅ​​អង់គ្លេស​។ ​រុស្ស៊ី​លើកឡើង​ថា រុស្ស៊ី​ជួយ​កងទ័ព​ស៊ីរី ​កំចាត់​ក្រុមភេរវជន​ ហើយ​ការដែល​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ​ក្រុមអាល់កៃដា រឺក៏​ក្រុម​​អាល់ណូស្រា ​​​គ្មានវត្តមានក្នុង​​​ទីក្រុង​ដាម៉ាស ក៏ដោយសារ​ជំនួយ​របស់​រុស្ស៊ី​ដែរ។

វិមាន​ក្រេមឡាំង​ប្រកាស​ជំហរ​រុស្ស៊ី ក្នុង​ការ​បន្ត​ជួយ​កងទ័ព​ស៊ីរី កំទេច​ក្រុមភេរវជន។ រុស្ស៊ី​នៅតែ​ប្រកាន់​​ជំហរ​ដូច្នេះ ទោះជា​សហគមន៍អន្តរជាតិ​​ទាមទារ​អោយ​រុស្ស៊ី​បញ្ឈប់​ការទំលាក់​គ្រាប់បែក​​ ពិសេស​​នៅ​អាឡិប​ ​​ភាគខាងជើងក៏ដោយ។ ក្រោយ​បទឈប់បាញ់​ស៊ីរី​​​ជួប​បរាជ័យ​ ​ថ្ងៃ១៩កញ្ញាមក ​​​​រុស្ស៊ី​បានបន្ត​​​ប្រតិបត្តិការ​​ជួយ​កងទ័ព​ស៊ីរីតទៅទៀត​។

ក្នុងការ​​វាយដណ្តើម​យក​​តំបន់​ក្រុង​​អាឡិប ដែល​ស្ថិត​ក្រោមការ​​គ្រប់គ្រង​របស់​ក្រុមឧទ្ទាម​​​ ថ្ងៃសុក្រ​នេះ​ ​​កងទ័ព​ស៊ីរី​បាន​​​ឆ្ពោះ​ទៅមុខ​ តាម​​ភាគខាងជើង និង​ភាគកណ្តាល​ក្រុងអាឡិប។ ថ្ងៃសុក្រ​នេះ កងទ័ព​បាន​យក​មន្ទីរពេទ្យ​១កន្លែង​បាន​មកវិញ។ ​កាលពីថ្ងៃ​ព្រហស្បតិ៍ ​នៅ​​ភាគខាងជើង​អាឡិប ​​កងទ័ពក៏​បាន​​វាយយក​បាន​​ជំរុំ​ភៀសខ្លួន​​ប៉ាឡេស្ទីន​​មួយកន្លែង​មកវិញ​ដែរ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ