អានតួអត្ថបទ
ស៊ីរី

ក្រុមឧទ្ទាម​​និង​ក្រុម​ជីហាត​​វាយបក​​​​​​កងទ័ព​​ស៊ីរី​​វិញ​

តាំងពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ ​ក្រុម​ឧទ្ទាម​ស៊ីរី និង​ក្រុមជីហាត​ហ្វាត អាល់-ឆាំ ដែល​ជា​អតីត​ក្រុម​អាល់ ណូស្រា ​បាន​ធ្វើការ​វាយបក​ទៅ​លើ​កងទ័ព​ស៊ីរី ដើម្បី​បើកច្រក​នៅតាម​សង្កាត់​ភាគខាងកើត ដែល​រងការ​ឡោមព័ទ្ធ​ដោយ​កងទ័ព។ ជនស៊ីវិល​១១នាក់ បាន​ស្លាប់​​ដោយសារ​​រ៉ុកកែត​​របស់​ក្រុមឧទ្ទាម នៅ​ភាគ​ខាងលិច​​ក្រុងអាឡេប។ ​ 

ជនជាតិ​ស៊ីរី​ដើរលើ​កំទេច​អគារ​បាក់បែក នៅ​ក្រុង​អាឡេប
ជនជាតិ​ស៊ីរី​ដើរលើ​កំទេច​អគារ​បាក់បែក នៅ​ក្រុង​អាឡេប REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

ការ​វាយបក​ទៅ​កងទ័ពស៊ីរី ​​​បានធ្វើឡើង​ តាំង​ពី​រសៀល​ថ្ងៃ​អាទិត្យ ​នៅ​ភាគខាងត្បូង និង​ភាគនិរតី​តំបន់​ក្រុង​អាឡេប។  ក្រុមជីហាត​ហ្វាត អាល់-ឆាំ ជាឈ្មោះ​ទើបដូរ​ថ្មី របស់​ក្រុម​អាល់ណូស្រា និង​ក្រុម​ឧទ្ទាម​ស៊ីរី បាន​សហការ​គ្នា បើក​ការ​វាយបក​យ៉ាង​ស្វិតស្វាញ ទៅលើ​ទីតាំង​កងទ័ព​ស៊ីរី នៅ​ភាគខាងត្បូង និង​ភាគនិរតី​តំបន់​អាឡេប។ ក្រុមជីហាត​ព្យាយាម​វាយ​​បើកច្រក​សង្កាត់​នានា ​​នៅតាម​ភាគខាងកើត​​អាឡេប។  

ប្រតិបត្តិការ​វាយបក​នេះ ធ្វើឡើង​ក្រោម​​​​​បញ្ជា​របស់​ជនជាតិ​អារ៉ាប៊ី សាអូឌីត ឈ្មោះ​​​​អាប់ដាឡា អាល់ មូហីស្ន៊ូ ដែលជា​មេក្រុម​របស់​ក្រុមជីហាត​ ហ្វាត អាល់-ឆាំ។ មេក្រុម​ជីហាត​រូបនេះ បាន​បង្ហោះ​វីដេអូ​ក្នុង​បណ្តាញ​សង្គម អួតថា ​នេះ​ជា​យុទ្ធនាការ​​ទាហាន​ធំបំផុត ​តាំង​ពី​​មាន​ការ​ចាប់កំណើត​ជីហាត​នៅ​ស៊ីរី។

​ក្រុមជីហាត​និង​ក្រុមឧទ្ទាម ចង់​វាយ​​យក​សង្កាត់​រ៉ាមូសា នៅ​ភាគ​និរតិ អាឡេប។ ប៉ុន្តែ ការ​ប្រយុទ្ធ​ប្រហែល​ជា​ប្រើពេល​យូរទៀត ព្រោះ​នៅ​សមរភូមិ​ខាងត្បូង​តំបន់​អាឡេប កងទ័ព​ស៊ីរី​មានជំនួយ​ពី​កងទ័ព​អ៊ីរ៉ង់ និង​ក្រុម​អេស្បូឡា​លីបង់។

ប៉ុន្មាន​ថ្ងៃ​មុននេះ ​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ិរី​ទើបតែ​ប្រកាស​បើកច្រក​មនុស្សធម៌​ដើម្បី​រំដោះ​ជនស៊ីវិល និង​ក្រុមឧទ្ទាម​ដែល​​ចង់​ទំលាក់​អាវុធ​ចុះ។ ទោះយ៉ាងនេះ​ក្តី​ កងទ័ព​ស៊ីរី​​បាន​បើក​ការទំលាក់​គ្រាប់បែកឡើងវិញ ទៅលើ​ទីតាំង​ក្រុមឧទ្ទាម នៅ​អាឡេប។ កាលពីថ្ងៃសៅរ៍​ សារព័ត៌មាន​ស៊ីរី បាន​ចុះផ្សាយ​ថា​ មនុស្ស​ប្រមាណ​ជាង​១០​គ្រួសារ​ បាន​ចាកចេញ​តាម​ច្រក​មនុស្សធម៌។ ប៉ុន្តែ ក្រុម​បះបោរ​និង​ប្រជាជន​បាន​បដិសេធ​ប័ត៌មាន​នេះ។
 

​ថ្ងៃចន្ទ​នេះ  ​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​​របស់​រុស្ស៊ី​មួយគ្រឿង ដែល​ប្រតិបត្តិការ​មនុស្សធម៌ នៅ​ក្រុងអាឡេប បាន​រង​ការ​វាយប្រហារ​។ ទាហាន​រុស្ស៊ី​៥នាក់​បានស្លាប់។ ​គិត​តាំង​ពី​រុស្ស៊ី​អន្តរាគមន៍​​យោធា​នៅ​ស៊ីរី ខែ​កញ្ញា​ ឆ្នាំ២០១៥មក ​បូករួម​ទាំងទាហាន​ស្លាប់​៥នាក់​ថ្ងៃនេះ ​ទាហាន​រុស្ស៊ីដែលស្លាប់នៅ​ស៊ីរី ​​ឡើងដល់​ចំនួន​១៨នាក់។ ​​

តាមធម្មតា ថ្ងៃ​ចន្ទ​១សីហា​​នេះ ​អង្គការ​សហប្រជាជាតិត្រូវ​ជំរុញ​អោយ​មាន​កិច្ចចរចា​អន្តរស៊ីរី ​​សម្រាប់​វិបត្តិ​ជម្លោះ​ស៊ីរី។ ប៉ុន្តែ អ្វីៗ​ហាក់​មិនបាន​កើតឡើង​ដូចការគ្រោងទុក។ ​ប្រេសិត​ពិសេស​​អង្គការ​សហប្រជាជាតិ លោក ​ស្តាហ្វាន់ ដឺមីស្ទូរ៉ា (Staffan de Mistura) ​បានត្រឹម​តែ​សង្ឃឹមថា កិច្ចពិភាក្សា​នេះអាច​ធ្វើ​ឡើង​នៅ​ដំណាច់ខែ​សីហា​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ