អានតួអត្ថបទ
ស៊ីីរី​

ក្រុមឧទ្ទាម​ស៊ីរី​ប្រយុទ្ធ​គ្នា​ ធ្វើអោយ​ប្រជាជន​៦ម៉ឺននាក់​រត់ភៀស​ខ្លួន​

នៅ​​ភាគខាងកើត​​ស៊ីរី ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​មនុស្ស​យ៉ាងហោច​ណាស់​៦ម៉ឺននាក់​ បាន​រត់​ភៀសខ្លួន ​នៅ​ខេត្ត​ឌែរ អេហ្សរ Deir Ezzor ដើម្បីគេច​ពី​ការប្រយុទ្ធ​​រវាង​​ក្រុមឧទ្ទាម​​ ដែលកំពុង​​​​ប្រជែងគ្នានៅស៊ីរី។ ការ​ប្រយុទ្ធ​​គ្នា​​នេះ នៅតែ​បន្តធ្វើ ទោះ​ជា​មេក្រុម​អាល់កៃដា បាន​អំពាវនាវ​អោយ​ក្រុម​ឧទ្ទាម​ទាំងនេះ​​​ឈប់​ប្រយុទ្ធ​គ្នា​ក៏ដោយចុះ។ ម្សិលមិញ ប្រធានាធិបតី​អាសាដ បាន​អំពាវនាវ​អោយ​​អាជ្ញាធរ​ទទួល​បន្ទុក​ជំនួយ​គ្រប់ផ្នែក សហការ​អោយ​ទូលំទូលាយ​ជាមួយ​អង្គការ​ក្នុង​ស្រុក​និង​ក្រៅស្រុក ដើម្បីជួយ​​ប្រជាជន​ដែល​ត្រូវការ​ជំនួយ។​​

កុមារ​ស៊ីរី​​ទាំង​២នាក់​នេះ ជា​បងប្អូន​គ្នា កំពុង​ដង​ទឹក​ នៅ​Ghouta ភាគខាងលិច​​ស៊ីរី ថ្ងៃ​២ ឧសភា។ អង្គការ​សហប្រជាជាតិ​រិះគន់​ថា ពិបាក​នាំ​ជំនួយ​ទៅ​ជួយ​​ជន​ស៊ីវិល ដល់​កន្លែង​រងគ្រោះ​ដោយ​ការ​ប្រយុទ្ធ​ក្នុង​​ស្រុក។
កុមារ​ស៊ីរី​​ទាំង​២នាក់​នេះ ជា​បងប្អូន​គ្នា កំពុង​ដង​ទឹក​ នៅ​Ghouta ភាគខាងលិច​​ស៊ីរី ថ្ងៃ​២ ឧសភា។ អង្គការ​សហប្រជាជាតិ​រិះគន់​ថា ពិបាក​នាំ​ជំនួយ​ទៅ​ជួយ​​ជន​ស៊ីវិល ដល់​កន្លែង​រងគ្រោះ​ដោយ​ការ​ប្រយុទ្ធ​ក្នុង​​ស្រុក។ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

នៅ​ខេត្ត​ឌែរ អេហ្សរ ​ភាគខាងកើត​ស៊ីរី ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ មនុស្ស​រាប់ម៉ឺននាក់​បាន​ភៀសខ្លួន គេច​ពី​ការ​ប្រយុទ្ធ​រវាង​ក្រុមឧទ្ទាម​​ ២ក្រុម​ ដែល​ប្រជែង​គ្នា​នៅ​ស៊ីរី។ ក្រុមឧទ្ទាម​ទាំង២​ គឺ​ក្រុម​អាល់ណូស្រា ចេញ​ពី​សាខា​ក្រុមអាល់កៃដា និង​ក្រុម​ជីហាដ​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់។ ក្រុមទាំង​២​បាន​ប្រយុទ្ធ​គ្នា តាំង​ពី​ថ្ងៃ​ពុធ​។ ​​ការ​ប្រយុទ្ធ​បាន​រាលដាល​ខ្លាំង នៅថ្ងៃ​សៅរ៍​ម្សិលមិញ។ ​ក្រុម​ឧទ្ទាម​​អាល់ណូស្រា ​មិនបាន​ស្តាប់​ការអំពាវនាវ​របស់​មេក្រុម​អាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ារី ដែល​បាន​បញ្ជា កាលពីថ្ងៃ​សុក្រ​ ​អោយ​ឈប់​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់​នោះ​ទេ។ ​តាំង​ពី​ខែ​មករា​មក ការប្រយុទ្ធ​រវាង​ក្រុមឧទ្ទាម​ដែល​ប្រជែងគ្នា​ នៅ​ស៊ីរី ​បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់។

ដោយសារ​សង្គ្រាម និង​ការ​ប្រយុទ្ធគ្នា​ក្នុង​ស្រុក ​ស្ថានភាព​មនុស្សធម៌​​ កាន់តែធ្លាក់​ដុនដាប​រៀង​រាល់ថ្ងៃ។ ក្រុម​សិទ្ធិមនុស្ស​ស៊ីរី ប្រាប់ថា ប្រជាជន​ភាគច្រើន​ព្យាយាម​ភៀសខ្លួន​ពី​តំបន់​ដែល​អាជ្ញាធរ​​គ្រប់គ្រង​ និងក្នុង​តំបន់​ផ្សេងៗ​នៅ​ខេត្ត​ឌែរ អេហ្សរ ​ភាគខាងកើត​។ ​អង្គការ​សហ​ប្រជាជាតិ​បាន​រិះគន់​ថា ពិបាក​​ចូល​ទៅ​ជួយ​ប្រជាជន​ស៊ីវិល​ ​រងគ្រោះ ​​ដល់​កន្លែងផ្ទាល់​។ ​ម្សិលមិញ ​ប្រធានាធិបតី​ស៊ីរី​បានអំពាវនាវ​អោយ​អាជ្ញាធរ​ទទួលបន្ទុក​ជំនួយ​ ធ្វើការ​សហការ​អោយ​បាន​ខ្លាំងក្លា​ជាមួយ​អង្គការ​ក្នុង​ស្រុក និងអង្គការ​អន្តរជាតិ ដើម្បី​អាច​អោយប្រជាជន​បាន​ទទួល​​ជំនួយ។

ដោយឡែក នៅ​ភាគកណ្តាល​ស៊ីរី ការចរចា​រវាង​​អាជ្ញាធរ​ខេត្ត​ហូម ​និង​ក្រុមឧទ្ទាម​​ ​​ទាក់ទង​នឹង​ការ​ដកថយ​របស់​ក្រុមឧទ្ទាម​ ​ចេញពីតំបន់​ផ្សេងៗ បាន​ឈាន​ដល់​ដំណាក់កាល​​បញ្ចប់​ហើយ។ កិច្ចព្រមព្រៀង​មួយផ្នែក​ក្នុង​​កិច្ចចរចា​នេះ និយាយពី​​​ការដោះលែង​មន្ត្រីជនជាតិ​អ៊ីរ៉ង់​ នៅ​ក្រុង​អាឡិប។​ ​ភាគីចរចា​ទាំង២​ត្រូវ​រក​ដំណោះស្រាយ​​សន្តិភាព ធ្វើ​​យ៉ាងណា ​ធានា​អោយ​បាន​សុវត្ថិភាព​សន្តិសុខ។

សង្គ្រាម​រ៉ាំរ៉ៃ​​ជាង​៣ឆ្នាំ​​មកនេះ​ បាន​សម្លាប់​​មនុស្ស​​​ជាង​​១សែន​៥ម៉ឺន​នាក់ នៅ​​ស៊ីរី។ ​ប្រធានាធិបតី​​​​អាសាដ​ នៅ​តែ​​ចង់​​បន្ត​ដឹកនាំ​​ប្រទេស​ ដោយ​បាន​​ប្រកាស​​​ឈរឈ្មោះ​​ជា​​បេក្ខជន​​សម្រាប់​ការ​បោះឆ្នោត​​​ប្រធានាធិបតី​​ ដែល​​ត្រូវ​​រៀបចំ​​នៅ​​​ថ្ងៃ​៣​មិថុនា​​ខាងមុខ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ