អានតួអត្ថបទ
ស៊ីរី

ស៊ីរី​៖​រដ្ឋ​អំណាច​បន្ត​កាប់​សម្លាប់​ ការ​ទូត​អន្តរជាតិ​បន្ត​រាំង​ស្ទៈ

នៅ​ថ្ងៃ​ពុធ​ទី​១៥​សីហា​នេះ អង្គការ​សហ​ប្រតិបត្តិការ​អ៊ីស្លាម​អាច​នឹង​ព្យួរ​សមាជិកភាព​របស់​ប្រទេស​ស៊ីរី។ រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បារាំង​ផ្តើម​បំពេញ​ទស្សកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង​ស៊ីរី ដើម្បី​បង្កើន​ការ​គាប​សង្កត់​ទៅ​លើ​របប​លោក​បាស្ហា អាល់អាសាដ។ ទន្ទឹម​នេះ គេ​រង់​ចាំ​ការ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៃ​របាយការណ៍​របស់​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី នៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​ស្វីស។ 

. លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បារាំង​ ឡូរ៉ង់ ហ្វាប៊្យូស(Laurent Fabius)
. លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បារាំង​ ឡូរ៉ង់ ហ្វាប៊្យូស(Laurent Fabius)
ផ្សាយពាណិជ្ជកម្ម

១៧​ខែ​ក្រោយ​ពី​មាន​ការ​បះបោរ​ប្រឆាំង​នឹង​របប​របស់​ខ្លួន លោក​បាស្ហា អាល់អាសាដ ត្រូវ​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​មួយ​ថ្មី នោះ​គឺ​ការ​ដក​ប្រទេស​ស៊ីរី​ចេញ​ពី​អង្គការ​សហ​ប្រតិបត្តិការ​អ៊ីស្លាម ហៅ​កាត់​ថា​0CI។ បណ្តា​ប្រទេស​សមាជិក​OCI ដែល​កំពុង​បន្ត​រួម​ប្រជុំ​គ្នា​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត នៅ​ថ្ងៃ​ពុធ​ទី​១៥​សីហា​នេះ។

នៅ​ថ្ងៃ​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ឡូរ៉ង់ ហ្វាប៊្យូស(Laurent Fabius) បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្សូរដានី(Jordanie) រួច​ហើយ​លីបង់(Lyban) និង​តួរគី(Turquie) ដែល​ជា​បណ្តា​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ស៊ីរី។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​បារាំង​នៅ​ក្នុង​តំបន់ នឹង​មិន​នាំ​មក​នូវ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។ ការ​ទូត​អន្តរជាតិ​ទាំង​មូល​ត្រូវ​រាំង​ស្ទះ ដោយហេតុតែ​នៅ​អង្គការ​សហ​ប្រជាជាតិ រុស្ស៊ី​និង​ចិន​បន្ត​ប្រើ​សិទ្ធិ​វេតូ​ដើម្បី​ខ្ទប់​មិន​ឱ្យ​មាន​សេចក្តី​សម្រេចចិត្ត​ណា​មួយ​ដែល​ប្រឆាំង​នឹង​របប​របស់​លោក​បាស្ហា អាល់អាសាដ។

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ដែរ អតីត​អ្នក​ការទូត​ស៊ីរី​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ស្វីស(Suisse) ដែល​បាន​រត់​ចោល​ជួរ​រដ្ឋាភិបាល​របស់​លោក​អាសាដ​កាល​ពី​សប្តាហ៍មុន បាន​ចោទ​កង​កម្លាំង​សន្តិសុខ​របស់​ស៊ីរី​ថា បាន​និង​កំពុង​បន្ត​ប្រព្រឹត្ត​ទារុណកម្ម។

នៅ​ថ្ងៃ​នេះ​ដែរ របាយការណ៍​នៃ​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ស៊ីរី​ត្រូវ​ចេញ​ផ្សាយ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​ស្វីស។ គឺ​ជា​លទ្ធផល​នៃ​ការអង្កេត​មួយ​ដែល​ធ្វើ​ឡើង​ពី​ខែ​កុម្ភៈ​ដល់​ខែ​កក្កដា​២០១២។

នៅ​លើ​សមរភូមិ​ឯណោះ​វិញ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត រវាង​កងទ័ព​ស៊ីរី​និង​កង​កម្លាំង​របស់​អ្នក​បះបោរ។ ជា​លើក​ទី​មួយ​បង្អស់ ពួក​បះបោរ​បាន​អះអាង​ថា ពួក​គេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ប្រដេញ​Mig​មួយ​គ្រឿង​របស់​កងទ័ព​ស៊ីរី។ ប៉ុន្តែ​នៅ​ខាង​រដ្ឋអំណាច​វិញ គេ​អះ​អាង​ថា យន្តហោះ​ចម្បាំង​មួយ​នេះ​បាន​ធ្លាក់ ដោយហេតុតែ​មាន​បញ្ហា​បច្ចេកទេស។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ