អានតួអត្ថបទ
ឥណ្ឌូនេស៊ី

តុលាការ​ចាប់​ផ្តើម​ជំនុំ​ជម្រះ​អ្នក​ផលិត​គ្រឿង​ផ្ទុះ​

ការ​​ជំនុំ​​​ជម្រះ​​ទោស​​លើ​​ជន​ អ៊ូម៉ារ ប៉ាតិក ​(Umar Patek) ​ទើប​​បាន​​ចាប់​​ផ្តើម​ហើយ​​នៅ​​ព្រឹក​ថ្ងៃ​​ចន្ទ​​១៣​​កុម្ភៈ​​​នៅ​​តុលាការ​​ក្រុង​​ហ្សាកាតា។​ ជន​អ៊ីស្លាមនិយម​ជ្រុល​មួយ​នេះ​ដែល​​​ស្និទ្ធ​​​នឹង​​ចលនា​ភេរវនិយម​​អាល់កៃដា​​និង​​ក្រុម​​ភេរវនិយម​​អ៊ីស្លាម​ជ្រុល​​និយម​​នៅ​​អាស៊ី​​អាគ្នេយ៍​​​ Jemaah Islamiyah​ ជាប់​សង្ស័យ​​ពី​បទ​​បាន​ផលិត​​គ្រឿង​ផ្ទុះ​ ប្រើប្រាស់​នៅ​​ក្នុង​​អំពើ​​ភេរវកម្ម​​មួយ​ដ៏​កាច​សាហាវ​​បំផុត​នៅ​ទីក្រុង​បាលី​​នៅ​ឆ្នាំ​ ២០០២​ ដែល​​​ឥណ្ឌូនេស៊ី​​ពុំ​​ធ្លាប់​​ជួប​ប្រទះ​​ឡើយ​​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​និង​​ដែល​បាន​សម្លាប់​ជីវិត​​មនុស្ស​​ចំនួន​​ជាង​២០០​នាក់​ក្នុងចំណោមនោះ​ភាគច្រើនជាជនជាតិបរទេស។

អ៊ូម៉ារ ប៉ាតិក (Umar Patek) នៅពេលចេញ​ពីតុលាការ​ បាន​ចាប់ដៃ​រលាក់​ចៅក្រម​និង​បាននិយាយ​ផ្តោះប្តូរគ្នា​ពីរ​ឬ​បីម៉ាត់​
អ៊ូម៉ារ ប៉ាតិក (Umar Patek) នៅពេលចេញ​ពីតុលាការ​ បាន​ចាប់ដៃ​រលាក់​ចៅក្រម​និង​បាននិយាយ​ផ្តោះប្តូរគ្នា​ពីរ​ឬ​បីម៉ាត់​ REUTERS/Enny Nuraheni
ផ្សាយពាណិជ្ជកម្ម

ប្រកបដោយទឹកមុខសើច​សប្បាយ​រីករាយ​ខ្លាំង​និង​មេដៃ​ទាំង​ពីរ​លើក​ឡើងជា​សញ្ញា​បញ្ជាក់​​សេចក្តី​ក្លាហាន​ អ៊ូម៉ារប៉ាតិក (Umar Patek) ​បាន លេច​បង្ហាញ​ខ្លួន​នៅ​ច្រក​ចូល​ខាងលិច​នៃ​តុលាការ​​ ក្រុង​ហ្សាកាតា​ដើម្បី​ ការជំនុំជម្រះទោស​ដ៏​ធំ​បំផុត​ចុងក្រោយគេ​លើរូប​ជ​ន​អ៊ីស្លាម​និយម​​​ជ្រុលរូបនេះ​ បន្ទាប់ពី ការប្រហារជីវិត​និង​ដាក់ឃុំឃាំង​ក្នុង​ពន្ធនាគារ​ ពួក​​ភេរវជន​​​​ជា​ច្រើន​​នៅ​​អំឡុង​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ។

ទុកពុកចង្កា​តាមប្រពៃណីនិង​ពាក់មួក​​សំរាប់សូត្រធម៌តាម​សាសនាអ៊ីស្លាម អ៊ូម៉ារប៉ាតិក បាន​មកដល់តុលាការ​ តាមរថយន្តពាសដែកមួយគ្រឿងដែល​​​ជាវិធានការ​សន្តិសុខ​ដ៏​សំខាន់​​បំផុត​​សំរាប់​​ការ​កាត់​ទោសនេះ​ដែល​គ្រោង​ទុក​​រយៈពេល​ជាង​៤ខែ។

នៅ​ថ្ងៃជំនុំជម្រះ គេពុំឃើញ មានបាតុកម្ម ឬ​ ក៏ ការប្រជុំបក្សព័ន្ធណាមួយឡើយ ដែល​ខុស​ផ្ទុយ​ពីការជំនុំជម្រះស្រដៀងគ្នានេះនៅ​ក្នុង​អតីតកាល។ គេ​គ្រាន់តែ​ឮ​សូរ​ពាក្យ​ស្រែក ពីរ​​ឬ​បី​ម៉ាត់​ប៉ុណ្ណោះ  គឺ «  Allah Akbar « ជាពាក្យ លើក​តម្កើង​ព្រះ​ជាម្ចាស់​​តាម​បែប​សាសនា​អ៊ីស្លាម នៅក្នុងចំណោមសាធារណជន នៅ​​ពេល​ចប់​សវនាការ​លើក​ទី​មួយដែលមាន​រយៈ​ពេល​​ដ៏​​ខ្លី​​នៅ​ព្រឹក​មិញ​នេះ ។ សវនាការនាព្រឹកមិញនេះ គ្រាន់​​តែ​ឧទ្ទិសចំពោះ​ ការអាន ខ ​ ​ចោទ​ប្រកាន់​​ធំៗរបស់តុលាការ ​ទៅលើ​រូប​ អ៊ូម៉ារ​ ប៉ាតិក។

អាច​នឹងត្រូវ​​ជាប់ទោស​ប្រហារជីវិត អ៊ូម៉ារ ប៉ាតិក បានទទួលស្គាល់ដែរ ថាខ្លួន​បាន​ជួយ​ចូក​ជួយចែវ​ក្នុង​ការ​​ផលិត​គ្រឿង​ផ្ទុះ​នានា ដែល​បាន​ធ្វើ​ឲ្យ​ឆេះអន្តរាយនៅទីកន្លែង Pub ​​ភេសជ្ជដ្ឋាន​មួយនិង​រង្គសាលរាំរែក​​នៅទីឆ្នេរជលសា ​Kuta លើកោះបាលី​កាលពិថ្ងៃទី១២​តុលា​២០០២។

មិនតែប៉ុណ្ណោះ ប៉ាតិក ក៏ត្រូវជាប់ចោទ​ផងដែរ ពីបទ បាន​ផលិតគ្រាប់​បែក​ច្នៃ​ ដែល​ត្រូវ​បាន​លួច​បង្កប់នៅក្នុង​កាដូនាពេលបុណ្យណូអែល​​និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​១៩នាក់នៅក្នុងព្រះវិហារ​គ្រិស្តសាសនា នានា​នៅថ្ងៃទី២៤ធ្នូ​ឆ្នាំ ២០០០ ក៏​ព្រម​ទាំង​បាន​ចូលរួមចំណែក​ក្នុង​ការចាត់តាំងឡើង​ បណ្តាញអាល់កៃដា ​តូច​មួយ​នៅ​ឥណ្ឌូនេស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ