អានតួអត្ថបទ
កម្ពុជា

និស្សិត​ខ្មែរ​មួយក្រុម​នាំគ្នា​ចោទសំណួរ​ស្តីបន្ទោស​លោក​ស៊ូបេឌី​ក្នុង​វេទិកា​សាធារណៈ

ព្រឹត្តិការណ៍​នៃ​ការ​បញ្ចេញ​មតិ​របស់​ក្រុម​និស្សិត​ប្រឆាំងនឹង​​ លោក​ស៊ូរិយ៉ា ស៊ូបេឌី អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប. ​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់ផ្អើ​ល​ដល់​អ្នកសង្កេតការណ៍​​នយោបាយ​កម្ពុជា។ ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​​បាន​លើកឡើង​​ដូចគ្នា​អំពី​ភាព​ក្លាហាន​របស់​យុវជន​ខ្មែរក្នុង​ការ​បញ្ចេញ​មតិ​​តតាំង​ អំពី​បញ្ហា​សិទ្ធិមនុស្ស​នោះ។ ប៉ុន្តែ​ តំណាង​សង្គមស៊ីវិល​ទាំងនោះ​​ក៏​ថ្លែង​ផងដែរ​ថា ពួកគេ​សង្ឃឹមថា សកម្មភាព​របស់​​ក្រុម​និស្សិត​​ទាំងនោះ ​មិន​បាន​ជាប់ពាក់ព័ន្ធ​នឹង​នយោបាយ។

លោក​ស៊ូរិយ៉ា ស៊ូបេឌី អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប. ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា
លោក​ស៊ូរិយ៉ា ស៊ូបេឌី អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប. ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

វេទិកា​ដែល​គ្រោង​សម្រាប់​ការ​ជជែកពិភាក្សា​គ្នា ​រវាង​ក្រុមនិស្សិត និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​លោក​ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អំពី​បញ្ហា​ប្រកួត​ប្រជែង​ផលប្រយោជន៍​ក្នុង​ច្បាប់​វិនិយោគ​បរទេសនោះ បាន​ក្លាយ​ទៅជា​វេទិកា​នៃ​ការ​សំដែង​មតិ​របស់​និស្សិត​​មួយ​ក្រុម​ ដែល​ស្រែក​ថា កម្ពុជា​មិន​ត្រូវ​ការ​អ្នករាយការណ៍​ពិសេស​នេះ​ទៅវិញ។ ក្រៅ​ពី​សួរ​សំនួរ​ដែល​មាន​ន័យ​ស្តីបន្ទោស​លោក​ស៊ូបេឌី​ថា​បាន​ធ្វើ​របាយការណ៍​បង្អាប់​កម្ពុជា ក្រុម​និស្សិត​មួយ​ចំនួន​ក៏​បាន​លើក​បដា​ប្រឆាំង​វត្តមាន​របស់លោក​ផងដែរ។

ក្រុម​សង្គម​ស៊ីវិលមួយ​ចំនួនបាន​អត្ថាធិប្បាយ​លើទិដ្ឋភាពនេះថា ជា​ភាព​ក្លាហាន​របស់​ក្រុម​និស្សិត​ដែល​ហ៊ាន​សម្តែង​មតិ​ និង​ចំណាប់​អារម្មណ៍​របស់​ខ្លួន។ ប៉ុន្តែ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផងដែរ ខ្លាច​ថា​ សកម្មភាព​របស់​យុវជន​នេះ​អាច​ត្រូវបាន​រៀបចំ​ដោយ​ក្រុម​អ្នកនយោបាយ​ទៅវិញ។ នេះ​ក៏​ជា​មតិ​របស់​ លោកសុខ សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នកច្បាប់​ការ​ពារសិទ្ធិ​កម្ពុជាផងដែរ។ មេធាវី​រូប​នេះ​បាន​ពន្យល់​ថា ការសម្តែង​មតិ​របស់​យុវជន​គឺ​ជា​រឿង​មួយ​ដ៏​គួរអោយលើកទឹកចិត្ត ប៉ុន្តែ ​លោក​ចាប់អារម្មណ៍​ថា ទិដ្ឋភាព​នៃ​ការ​សួរ​ចំអក​របស់​ក្រុម​និស្សិត​ទៅ​លើ​លោក​ស៊ូបេឌី បាន​កើត​ឡើង​ផ្ទួន​គ្នា​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ស៊ូបេឌី​ដែរ។

នៅពេល​ដែល​ក្រុម​និស្សិត​ស្រែក​ថា កម្ពុជា​មិនត្រូវ​ការ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិនោះ លោក​សុខ សំអឿន ឆ្លើយ​តប​ថា ប្រសិន​បើ​កម្ពុជា​មាន​សុវត្ថិភាព​ និង​ស្ថេរភាព​នយោបាយ​ពេញលេញ​ហើយ​នោះ កម្ពុជា​ពិត​ជា​មិន​ត្រូវការ​អ្នក​រាយការណ៍​ពិសេស​នេះ​មែន។

លោកយ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព ក៏​បាន​លើកឡើង​អំពី​ភាព​ក្លាហាន​របស់​និស្សិត​ខ្មែរ​ដែរ ប៉ុន្តែ​ លោក​យ៉ង់ គីម​អេង​​ បញ្ជាក់ថា ភាព​ក្លាហាន​នេះ​ ហាក់​មិន​បាន​ប្រើប្រាស់​ចំ​ពេល​ដ៏​ល្អ​ទៅវិញ។ ចំពោះ​លោក​យ៉ង់ គីមអេង ក្រុម​និស្សិត​គួរ​តែ​យក​ឱកាស​នេះ​ពិភាក្សា និង​រៀន​ពី​ទ្រឹស្តី​និង​បទពិសោធន៍​របស់​អ្នកជំនាញ​ច្បាប់​ ទើប​ជា​ការ​ប្រសើរ​ជាង។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ បារម្ភ​ខ្លាច​ថា សកម្មភាព​របស់​ក្រុមនិស្សិត​នៅ​ពេល​នេះ ធ្វើ​អោយ​ប៉ះពាល់​ដល់មុខមាត់​របស់​កម្ពុជាទៅវិញ។

មន្ត្រីស៊ើបអង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក​ចាន់ សុវេត ​ថ្លែងថា កម្ពុជា​ពិត​ជា​មិន​មាន​ភាព​ចាំបាច់​ ដើម្បី​ត្រូវការ​អ្នករាយការណ៍​ពិសេស​មែន។ ប៉ុន្តែ​លោកថា កម្ពុជា​ក៏មិន​អាច​បំភ្លេច​ចោល​ទាំងស្រុង​ឡើយ នូវ​បេសកកម្ម​របស់​តំណាងអ.ស.ប. ដែល​ជាការ​រួមចំណែក​ ដើម្បី​ធ្វើ​អោយ​មាន​ភាព​ថ្លឹងថ្លែង​គ្នា ​រវាង​របាយការណ៍​របស់​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ក្នុង​វិស័យ​សិទ្ធិមនុស្ស។

លោកចាន់ សុវេត​ បញ្ជាក់ថា ប្រសិន​បើ​មិន​មាន​ការ​រៀបចំ​ជា​នយោបាយមែន លោក​កោតសរសើរ​ចំពោះ​សកម្មភាព​សម្តែង​មតិ​របស់​និស្សិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ