អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េ​ខាង​ជើង

កូរ៉េខាងត្បូង​អាចនឹង​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ឧស្សាហកម្ម Kaesong នៅ​កូរ៉េ​ខាង​ជើង

រដ្ឋមន្រ្តី​កូរ៉េ​ខាង​ត្បូង ​ទទួលបន្ទុក​កិច្ចការ​បង្រួបបង្រួម​កូរ៉េ បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​សុក្រ​នេះ​ថា កូរ៉េ​ខាង​ត្បូង​អាច​នឹង​ធ្វើការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​តំបន់​ឧស្សាហកម្ម Kaesong ដែល​ស្ថិត​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង ប្រសិនបើ​មើលទៅ​ឃើញ​ថា​មាន​ចោទ​ជា​បញ្ហា​សុវត្ថិភាព​ដល់​ពួកគេ។ ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​រូបនេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា នៅ​ពេលនេះ កូរ៉េ​ខាង​ត្បូង​នៅមិនទាន់​មើលឃើញ​មាន​ស្ថានភាព​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ជម្លៀស​នេះ​នៅឡើយទេ។

តំបន់ឧស្សាហកម្ម Kaesong ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង ប្រមាណ​ ១០គីឡូម៉ែត្រ​ពី​ព្រំដែន
តំបន់ឧស្សាហកម្ម Kaesong ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង ប្រមាណ​ ១០គីឡូម៉ែត្រ​ពី​ព្រំដែន REUTERS/Jo Yong-Hak/Files
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការបង្រួបបង្រួម​កូរ៉េ​បាន​បញ្ជាក់​ឲ្យដឹង​ថា ការ​ជម្លៀស​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ចេញ​ពី​តំបន់​ឧស្សាហកម្ម Kaesong នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​មាន​ការ​ពិគ្រោះយោបល់​ជាមុន ជាមួយ​នឹង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ទាំង ១២៣ ដែល​មាន​រោងចក្រ ឬ​ការិយាល័យ នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​នេះ។

គួរបញ្ជាក់ថា តំបន់​ឧស្សាហកម្ម Kaesong ស្ថិត​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង ក្នុង​ចម្ងាយ​ប្រមាណ​ជា ១០គីឡូម៉ែត្រ ពី​ព្រំដែន។ តំបន់​ឧស្សាហកម្ម​នេះ ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​២០០៤ ហើយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ក៏ប៉ុន្តែ ជារឿយៗ នៅ​ពេល​ដែល​មាន​ភាព​តានតឹង​កើតឡើង កូរ៉េ​ខាងជើង​តែងតែ​គំរាម​បិទ​តំបន់​ឧស្សាហកម្ម​នេះ​ ហើយ​មាន​ពេលខ្លះ ថែម​ទាំង​បាន​រារាំង​មិន​ឲ្យ​បុគ្គលិក​កូរ៉េ​ខាង​ត្បូង វិលត្រឡប់​ចូល​ទៅ​ប្រទេស​របស់​គេ​វិញ​ទៀត​ផង។

នៅ​ពេលនេះ បើទោះបី​ជា​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ និង​បាន​ប្រកាស​ដាក់​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម ក៏ប៉ុន្តែ តំបន់​ឧស្សាហកម្ម Kaesong នៅ​តែ​បន្ត​ដំណើរការ។ កូរ៉េ​ខាង​ជើង​បាន​បិទ​ច្រក​ព្រំដែន មិន​ឲ្យ​បុគ្គលិក​កូរ៉េ​ខាង​ត្បូង​ចូល​ទៅ​ធ្វើការ​នៅ Kaesong ក៏ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ចេញ​ពី Kaesong ចូល​ទៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង​មិន​ត្រូវ​បាន​រារាំង​នោះទេ។

យោងតាម​រដ្ឋាភិបាល​ក្រុង​សេអ៊ូល គិត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ នៅ​មាន​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ចំនួន ៦០៨​នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម Kaesong ក្នុងនោះ មាន ១០០នាក់ គ្រោង​នឹង​ចេញ​ពី Kaesong ចូល​មក​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​សៅរ៍​ស្អែក។

ទាក់ទង​នឹង​គម្រោង​ជម្លៀស​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ចេញ​ពី​តំបន់​ឧស្សាហកម្ម Kaesong នេះ រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​បង្រួបបង្រួម​កូរ៉េ មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​បែបណា​នោះទេ។ ក៏ប៉ុន្តែ កន្លងមក រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកូរ៉េ​ខាង​ត្បូង​ធ្លាប់​បាន​លើកឡើង កាល​ពី​ដើមសប្តាហ៍​ក​ន្លងទៅនេះ​ថា កូរ៉េ​ខាង​ត្បូង​បាន​រៀបចំ​ផែនការ​ត្រៀមទុក​រួចជាស្រេច​ហើយ ដើម្បី​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​ឧស្សាហកម្ម Kaesong ហើយ​ការ​ជម្លៀស​នេះ​នឹង​ត្រូវ​ធ្វើ​តាមផ្លូវ​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ