អានតួអត្ថបទ
កម្ពុជា

អ្នក​រាយការណ៍​ពិសេស​ផ្តើម​ទស្សនកិច្ច ដោយ​ជួប​ជាមួយ​សហគមន៍​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រជា​សហគមន៍​នានា ព្រម​ទាំង​តំណាង​សហជីព​ និង​ព្រះសង្ឃ​ផងផង​បាន​ប្រមូល​គ្នា​ទៅ​ជួប​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​តែ​ម្តង។ នៅ​ពី​មុខ​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស ក្នុង​សង្កាត់​បឹង​កេងកង​១ ក្រុម​ប្រជា​សហគមន៍​បាន​នាំ​យក​ញត្តិ​ជូន លោក ស៊ូរិយ៉ា ប្រាសាទ​ ស៊ូ​បេ​ឌី ដើម្បី​ស្នើ​អោយ លោក ជួយ​អន្តរាគមន៍​ទាមទារ​អោយ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បាតុករ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ 

ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស លោក ស៊ូរិយ៉ា ប្រាសាទ​ ស៊ូ​បេ​ឌី ជួប​ជាមួយ ប្រជាសហគមន៏។
ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស លោក ស៊ូរិយ៉ា ប្រាសាទ​ ស៊ូ​បេ​ឌី ជួប​ជាមួយ ប្រជាសហគមន៏។ RFI
ផ្សាយពាណិជ្ជកម្ម

 

ដំណើរទស្សនកិច្ច​របស់​លោក​ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី នៅ​កម្ពុជា​កំពុង​តែ​ហ៊ុំព័ទ្ធ​ដោយ​ញត្តិ និង​ការ​ស្នើសុំ​ជា​ច្រើន។ នៅព្រឹកថ្ងៃចន្ទនេះ ក្រុម​ប្រជាសហគមន៍​នានា រួម​ទាំង​ព្រះសង្ឃ និង​តំណាងសហជីព​ផង​បាន​ទៅដល់​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ហើយ​បាន​ដាក់​ញត្តិ​របស់​ពួកគេ​ទៅអ្នករាយការណ៍​ពិសេស។ ញត្តិ​របស់​តំណាង​សហគមន៍ ស្វែងរក​ជំនួយ​​របស់​លោក ស៊ូបេឌី ក្នុង​អន្តរាគមន៍​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស តំណាង​សហជីព និង​កម្មករ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ពន្ធនាគារ ទាំងអស់​មាន​ចំនួន​​២៣​នាក់។

អ្នករាយការណ៍​ពិសេស​ក៏​បាន​ចេញមក​ទទួល​យក​ញត្តិ​របស់​តំណាងសហគមន៍​ដែល​បាន​កាន់លើក​បដា​ទាមទារ​អោយដោះលែង​លោកវន ពៅ និង​តំណាងសហជីព និង​កម្មករ​ជាង​២០​នាក់ផ្សេងទៀតនោះ។ អ្នករាយការណ៍​ពិសេស​បាន​ប្រាប់​តំណាងសហគមន៍​វិញថា លោក​នឹង​ព្យាយាម​អន្តរាគមន៍​ក្នុង​ករណី​ទាំង​នេះ ហើយថានេះក៏ជា​តួនាទី​របស់លោកដែរ។

កម្មវិធីលំអិត​នៃ​ដំណើរទស្សនកិច្ច​របស់​លោកស៊ូរិយ៉ា ស៊ូបេឌី​មិន​ត្រូវបាន​គេ​ប្រាប់​អោយ​ដឹង​ឡើយ មុន​លោក​ប្រកាស​ខ្លួន​ឯង​​ តាម​ទំលាប់​នៅ​ក្នុង​សន្និសីទកាសែត​ នៅពេល​បិទបញ្ចប់​ទស្សនកិច្ច​នោះ។

ប៉ុន្តែ​បើតាម​ការ​បង្ហើបអោយដឹង​ពីក្រុមន្ត្រី​នានានៃអង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ ទស្សនកិច្ច​នៅតាម​តំបន់សហគមន៍​ដែល​មានជម្លោះដីធ្លី​នានា​ ទំនងជា​ត្រូវបានគេ​ត្រៀម​នៅ​ក្នុង​កម្មវិធី​របស់​លោក​លោកស៊ូបេឌីនៅ​កម្ពុជានេះ។ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោកស៊ូបេឌី មាន​គម្រោង​ជួបជាមួយ​ប្រធាន​សមាគមការពារសិទ្ធិមនុស្ស​អាដហុក មុន​នឹង​លោក​ជួប​សន្ទនា​ជាមួយ​តំណាងសង្គម​នានា។ ជំនួប​ទាំង​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ក្នុង​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ក្នុង​សង្កាត់បឹងកេងកង​១។

គួរ​រម្លឹកឡើងវិញថា ក្នុង​ដំណើរទស្សនកិច្ចលើកទី​១០​របស់លោកស៊ូរិយ៉ា ស៊ូបេឌី​នេះ លោកស៊ូបេឌី​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លោក​ខកខាន​មិន​បាន​ជួប​ជាច្រើនលើក​រួច​មកហើយ។ ជំនួប​រវាង​អ្នកទាំងពីរ​ កំពុង​តែ​ត្រូវ​បាន​តាមដានយ៉ាងខ្លាំងពី​សង្គម​ស៊ីវិល ក្នុង​បរិយាកាស​តាន​តឹង​នៃ ទំនាស់​នយោបាយ​​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ