អានតួអត្ថបទ
រុស្សី

Snowden បាន​សុំ​មែន ជម្រក​នយោបាយ​នៅ​រុស្ស៊ី

ការសុំនេះ ត្រូវបាន គាត់​ប្រកាស​ឲ្យ​ដឹង ពេល​ជួប​នៅ​ម៉ោង​៥​ល្ងាច​ម្សិលមិញ នៅ​ឯ​សាល​ស្នាក់​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុងម៉ូស្គូ។ ក្នុងជំនួប​នោះ គាត់​បាន​អញ្ជើញ​ឲ្យ​ចូលរួម គឺ​តែ​តំណាង ៩​នាក់​ប៉ុណ្ណោះ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស រុស្ស៊ី​និង​អន្តរជាតិ ដោយ​មិន​ឲ្យ​ភ្នែក​ពួក​អ្នកកាសែត​ឃើញ​ឡើយ។

លោក​ Snowden ក្នុង​ពេល​ជួប​ជាមួយ​តំណាង​សិទ្ធិមនុស្ស​ នៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ ថ្ងៃទី ១២​កក្កដា​២០១៣
លោក​ Snowden ក្នុង​ពេល​ជួប​ជាមួយ​តំណាង​សិទ្ធិមនុស្ស​ នៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ ថ្ងៃទី ១២​កក្កដា​២០១៣ AFP PHOTO / STR
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹកថា គឺ​តាំងពី​ថ្ងៃ​ទី​២៣​មិថុនា​មក ដែល​អតីត​សហការី CIA ឈ្មោះ Snowden បាន​មក​ទើរ នៅ​ឯ​សាល Transit នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ម៉ូស្គូ ក្រោយ​ពី​គាត់​ធ្វើ​ដំណើរ​ពី​ក្រុងហុងកុង​មក។ អាយុ​៣០​ឆ្នាំ គាត់​ល្បី​ខាង​បរិហារ​អាក្រាត​សកម្មភាព CIA ទល់​នឹង​ពលរដ្ឋ​អាមេរិកាំង​ផ្ទាល់ ក៏​ដូច​ជា ទល់​នឹង​ប្រទេស​សម្ព័ន្ធ​មិត្ត​អាមេរិកាំង​ផង​ដែរ។ ម៉្លោះហើយ បាន​ជា​អាជ្ញាធរ​វ៉ាស៊ីនតោន ស្វែង​រក​ចាប់​ខ្លួន​គាត់ ក្រោម​បទ​ចោទ​ប្រកាន់​ថា គាត់​ទម្លាយ​ឲ្យ​បែក​ការណ៍​ទៅ​រឿង​សម្ងាត់​របស់​រដ្ឋ​អាមេរិកាំង និង​ទាមទារ​ពី​រដ្ឋ​ណា ដែល​គាត់​កំពុង​ស្នាក់​នៅ ឲ្យ​ធ្វើ​បត្យាប័ន ប្រគល់​រូប​គាត់​ទៅ​ ស.រ.អា.វិញ។ 

តាមពិត គោលដៅ​អវសាន​របស់​គាត់ គឺ​សុំ​ជម្រក​ជ្រក​កោន​នៅ​តាម​ប្រទេស​អាមេរិក​ខាង​ត្បូង​ទេ​តើ ដោយ​ថែម​ទាំង​មាន​ប្រទេស​ខ្លះ នៃ​ទ្វីប​នោះ បែប​យ៉ាង Venezuela Bolivie Nicaragua ត្រៀម​ផ្តល់​ជម្រក​នេះ​ដល់​គាត់​ទៅ​ផង ប៉ុន្តែ ដោយហេតុ​ថា​លិខិត​ឆ្លង​ដែន​របស់​គាត់ ត្រូវ​បាន​អាជ្ញាធរ​អាមេរិកាំង លុប​សុពលភាព ទៅ​ហើយ បាន​ជា​គាត់​មិន​អាច​បន្ត​ដំណើរ​ទៅ​ទៀត។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ធ្លាប់​បាន​លើក​ឡើង​ពី​ល័ក្ខខ័ណ្ឌ ដែល​លោក Snowden ត្រូវ បំពេញ​ខាន​មិន​បាន​ សម្រាប់​ទទួល​ជម្រក​នយោបាយ​នៅ​រុស្ស៊ី គឺ​គាត់​ត្រូវ​បញ្ឈប់​សកម្មភាព ដែល​នាំ​ឲ្យ​ខូច​ដល់​ផលប្រយោជន៍​ស.រ.អា. ជា​ដៃ​គូ​របស់​រុស្ស៊ី។ តាម​សំដី​ឥស្សរជន​រុស្ស៊ី ដែល បាន​ជួប​នឹង​រូប​គាត់​ល្ងាច​មិញ លោក Snowden សុខចិត្ត​បំពេញ​តាម ល័ក្ខខ័ណ្ឌ​នេះ ដ្បិត​អ្វីៗ​ដែល​គាត់​បាន​រៀបរាប់​អំពី CIA គឺ​ជា​រឿង​ចាស់​ទៅ​ហើយ។ ចំណែកអ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក Peskov លំអិត​ថា ល័ក្ខខ័ណ្ឌ​មួយ​ទៀត គឺ​គាត់​ត្រូវ​ដាក់​ពាក្យ​ដោយ​ដៃ​គាត់​ផ្ទាល់ ដើម្បី​សុំ​ជម្រក​នេះ។

តាមពួក​អ្នក​ច្បាប់​រុស្ស៊ី ពាក្យ​នេះ ត្រូវ​ដាក់​ទៅ​ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី​ ដែល​បន្ទាប់​មក នឹង​ពិនិត្យ​មើល​ដោយ​គណៈកម្មការ​ពិសេស ដែល​នឹង​ស៊ី​ពេល​ពី​មួយ​សប្តាហ៍​រហូត​ដល់​៣​ខែ។ រួចនៅទី​បំផុត គឺ​ត្រូវ​ទទួល “ភ្លើងខៀវ “ ពី​ប្រធានាធិបតី​រុស្ស៊ី​តែ​ម្តង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ