ប៉ូលិសថៃចាប់បានថ្នាំញៀនអំហ្វេតាមីនជិតមួយលានគ្រាប់ ជាបរិមាណខ្ពស់ប្រចាំឆ្នាំ
នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅជិតព្រំដែនរវាងភូមា និងថៃ ប៉ូលិសថៃបានប្រតិបត្តិការចាប់បានថ្នាំញៀនអំហ្វេតាមីនជិតមួយលានគ្រាប់ ដែលជនល្មើសបានលាក់បង្កប់នៅក្នុងដំបូលរថយន្ត។ ជនល្មើសបួននាក់ត្រូវបានចាប់ខ្លួន។ ពួកគេធ្វើការអោយមេក្រុមចោរម្នាក់ដែលបានភៀសខ្លួន ទៅនៅភូមា។ ជនល្មើសទាំង៤ អាចទទួលទោសជាប់ពន្ធនាគាររាប់សិបឆ្នាំ រឺក៏រហូតដល់ប្រហារជីវិតទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:១៨
៩សែន៨ម៉ឺន នេះជាចំនួនគ្រាប់ថ្នាំញៀនអំហ្វេតាមីន ដែលថៃហៅថា យ៉ាបា ប្រមូលបានដោយកងកម្លាំងថៃ នៅក្នុងដំបូលរថយន្តមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ។ សំរាប់ប៉ូលិស បរិមាណនេះ ជាបរិមាណខ្ពស់ប្រចាំឆ្នាំ។ បើគិតជាចំណូលទឹកប្រាក់សំរាប់ជនល្មើស គ្រាប់ថ្នាំញៀនជិតមួយលានគ្រាប់នេះ មានតំលៃដល់ទៅ៦លានដុល្លារឯណោះ។
បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញទាក់ទងមួយមក ប៉ូលិសថៃបានដាក់របាំងនៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស ដើម្បីឃាត់ខ្លួនជនល្មើស និងឆែកឆេររកថ្នាំញៀន។ ភាគខាងជើងថៃស្ថិតនៅក្នុងតំបន់ត្រីកោណមាស ដែលគិតរួមទៅក៏មានដែនដីមួយភាគនៃប្រទេសភូមា និងប្រទេសឡាវផងដែរ។ តំបន់ត្រីកោណមាសជាជំរកគ្រឿងញៀនដ៏ល្បីល្បាញ ពិសេសជាជំរកនៃថ្នាំញៀនអំហ្វេតាមីនតែម្តង។
យោងតាមការិយាល័យទទួលបន្ទុកគ្រឿងញៀននៃអង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំ តំបន់ត្រីកោណមាស បានផលិតថ្នាំញៀនអំហ្វេតាមីនប្រមាណមួយពាន់លានបួនសែនគ្រាប់ គិតជាទឹកប្រាក់ គឺ៨ពាន់លាន៥សែនដុល្លារ។
រដ្ឋាភិបាលថៃបានដាក់ការប្រយុទ្ធគ្រឿងញៀនជាអាទិភាពកិច្ចការជាតិ។ គ្រឿងញៀនអំហ្វេតាមីនបានថយចុះ ក្នុងរបបដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ចន្លោះឆ្នាំ២០០១ដល់២០០៦។ ប៉ុន្តែ បានកើនឡើងមកវិញ នៅក្នុងពេលបច្ចុប្បន្ន ពិសេសនៅសាលារៀននានានៅតាមខេត្ត និងនៅតាមក្លឹបរាត្រីក្រុងបាងកក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ