អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

​សំណួរ-​ចម្លើយ​​អំពី​ការ​តាមដាន​សុខភាព​ធ្មេញ​របស់​កុមារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដុស​ធ្មេញ នាំ​កូន​ទៅ​ពេទ្យ​ ...​ អ្នក​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​គិត​គូរ​អំពី​សុខភាព​ធ្មេញ​ឱ្យ​កូនៗ​ កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ​លោក​ទន្ត​បណ្ឌិត Franck Amoyelle បាន​ចូលខ្លួន​មក​ឆ្លើយ​នឹង​សំណួរ​​មួយ​ចំនួន​របស់​អ្នក​ជា​ឪពុក​ម្តាយ។

ធ្មេញ​ទឹក​ដោះ​មាន​នាទី​សំខាន់​ក្នុង​ការ​ជួយ​តម្រង់ធ្មេញ​ស្រុក
ធ្មេញ​ទឹក​ដោះ​មាន​នាទី​សំខាន់​ក្នុង​ការ​ជួយ​តម្រង់ធ្មេញ​ស្រុក © sokminh
ផ្សាយពាណិជ្ជកម្ម

១- តើ​ចាប់​ពី​អាយុ​ប៉ុន្មាន​ឆ្នាំ​ឡើង​ទៅ ដែល​អ្នក​ជា​ឪពុកម្តាយ​គួរ​នាំ​កូន​ទៅ​គ្រូពេទ្យ​ធ្មេញ​ជា​លើក​ដំបូង ? ហើយ​នៅ​អាយុ​ប៉ុន្មាន​ត្រូវ​ដុស​ធ្មេញ​ឱ្យ​កូន ?

 

ជំនួប​លើក​ដំបូង​នៅ​ពេល​កូន​មាន​អាយុ​ បី​ ឬ​បួន​ឆ្នាំ ! ចំពោះ​ការ​ដុស​ធ្មេញ គឺ​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​មាន​ធ្មេញ​ដុស​ចេញ​មក​ភ្លាម ! មិនត្រូវ​រង់ចាំ​ទាល់​តែ​មាន​ដង្កូវ​ស៊ីទេ។ ឪពុក​ម្តាយ​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​បង្រៀន​កូន​ឱ្យ​ចេះ​ដុស​ធ្មេញ​ពី​ព្រោះ​កូន​ក្មេង​ចេះ​ធ្វើ​អ្វី​ដោយ​ការ​ធ្វើ​ត្រាប់​។ ការ​ដុស​ធ្មេញ​ដំបូង គឺ​មិន​ត្រូវ​ដាក់​ថ្នាំ​ទេ​ ព្រោះ​ក្មេង​នៅ​តូច​ពេក​មិន​ទាន់​ចេះ​ខ្ជាក់​ ! ត្រូវ​ដុស​ធ្មេញ​នឹង​កុំប្រេស កូនក្មេង​សម្រាប់​ធ្មេញ។ រហូត​ដល់​អាយុ ១៨ ទៅ​២៤​ខែ សឹម​ចាប់​ប្រើ​ច្រាស។ សួរ​តែ​តើ​ត្រូវ​ដុស​នឹង​ច្រាស​រយៈ​ពេល​ប៉ុណ្ណា ? សារ​អប់រំ​ណែនាំ​ឱ្យ​ដុស​បី​នាទី​ម្តង ! តែ​សំខាន់​មិន​មែន​រយៈ​ពេល​ទេ តែ​គឺ​ចំនួន​និង​ល្បឿន​នៃ​ការ​ដុស ត្រូវ​តែ​ដុស​គ្រប់​ធ្មេញ លើ​ក្រោម​ ក្នុង​ក្រៅ​។

២- ធ្មេញ​ទឹកដោះ​​មិន​សូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុកម្តាយ​ទេ តែ​តាម​ការ​ពិត​ទៅ​ធ្មេញ​នេះ​សំខាន់​ណាស់ ? តើ​វា​សំខាន់​យ៉ាង​ម៉េច​ខ្លះ​ទៅ​?

ធ្មេញ​ទឹក​ដោះ​ដុស​ចេញ​មក​មិន​មែន​គ្រាន់​តែ​សម្រាប់​រាប់​លេង​ទេ ! វត្តមាន​នៃធ្មេញ​ទឹក​ដោះ គឺ​មាន​មុខ​ងារ​ជួយ​​បង្រៀន​ផ្នែក​ ​ទំពារ​ ផ្នែក​​និយាយ​ស្តី និង​ជា​ពិសេស​ធ្មេញ​ទឹក​ដោះ​មាន​ប្រយោជន៍​ជា​ជើង​ ជា​ការ​ត្រួស​ផ្លូវសម្រាប់​ធ្មេញ​ស្រុក ដែល​ដុស​មក​តាម​ក្រោយ។ ដូច្នេះ​ធ្មេញ​ទឹក​ដោះ​មាន​តួនាទី​សំខាន់ខ្លាំងណាស់ ដែល​ឪពុក​ម្តាយ​មិន​គួរ​ធ្វេស​ប្រហែស​សោះ​ឡើយ ! បញ្ហា​លើ​ធ្មេញ​ព្រៃ នឹង​បង្ក​ផល​វិបាក​ជា​ប្រាកដ​ដល់​ធ្មេញ​ស្រុក។

៣- ចុះ​តើ​រោគ​ដង្កូវ​ស៊ីធ្មេញ​ វា​អាច​កើត​ឡើង​លើ​ក្មេង​ ចាប់​ពី​អាយុ​ប៉ុន្មាន​ទៅ ?

ដង្កូវ​ស៊ីធ្មេញ អាច​កើត​ឡើង​តាំង​ពី​មាន​ធ្មេញ​ដុស​ក្នុងមាត់​។ ដង្កូវ​ស៊ីធ្មេញ​ ជា​ជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​បាក់តេរី ហើយ​បាក់តេរី ត្រូវ​ការ​ជាតិ​ស្ករ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន។ ហើយ​សូម​ចងចាំ​ចំណុច​ដ៏​សំខាន់​មួយ គឺ​​ថា ក្មេង​កើត​មក​គ្មាន​បាក់តេរី​នេះ​ទេ ក្នុង​មាត់ ! បាក់តេរី​នេះ​ត្រូវ​បាន​ចម្លង​មក​ក្មេង ដោយ​មនុស្ស​ធំ​ដែល​នៅ​ជុំ​វិញ​ខ្លួន អ្នក​ដែល​ថែទាំ​កុមារ មាន​ជា​អាទិ៍​ម្តាយ។ មាន​ន័យ​ថា​ បើ​ម្តាយ​មានសុខភាព​​ធ្មេញ​មិន​ល្អ គ្រោះ​បញ្ជូន​បាក់តេរី​ទៅ​ឱ្យ​មានកូន​មាន​កាន់​តែ​ខ្ពស់​។

៤-សម័យ​ឥឡូវ​នេះ ការ​គាប​ធ្មេញ​កំពុង​ពេញ​និយម​ខ្លាំង។ តើ​ការ​និយម​នេះ​សម​ហេតុ​ផល​ដែរ​ឬទេ? ឬ​ក៏​ជា​ប្រយោជន៍​ត្រឹម​ត្រូវ​ ?

សំខាន់​ខ្លាំងណាស់ ! ហើយ​មិន​មែនជា​និយម​ រត់​តាម​ម៉ូដ​ទេ ! គឺ​ជា​សំណាង​របស់​ក្មេង ដែល​សុខភាព​ធ្មេញ​ល្អ​ប្រសើរ។ មិន​ត្រូវ​មើល​ស្រាល​ការ​គាប​ធ្មេញ​ទេ ! ខ្ញុំ​សូម​ពន្យល់​ថា​ហេតុ​អ្វី ? ពីព្រោះ​ក្រៅ​ពី​​មាន​ធ្មេញ​ត្រង់​ស្មើ​ល្អ ដែល​ជា​បឋម​ ផ្តល់​ប្រយោជន៍​ខ្លាំង​ ជួយ​លើក​តម្កើង​សម្ផស្ស​ និង​សម្រស់​មនុស្ស​ ការ​គាប​តម្រង់​ធ្មេញ​មា​ន​នាទី​ជា​អ្នក​ការពារ។ បើ​ធ្មេញ​មិន​ត្រង់ល្អ ចំប៉េះ​ចំពិស ពិត​ជា​រំខាន​ខ្លាំង​ណាស់​ក្នុង​កាយវិការ​ដុសធ្មេញ​! បើ​ដុស​ធ្មេញ​មិន​ស្អាត ងាយ​នឹង​បង្ក​ឱ្យ​​​មាន​ដង្កូវ​ស៊ី ងាយ​នឹងមាន​បញ្ហា​អញ្ចាញ ហើយ​អ្វី​ដែល​មិន​សូវ​ដែល​លើក​មក​និយាយ​សោះ​នោះ គឺ​ធ្មេញ​​វៀច អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​ឆ្អឹង​ថ្គាម​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​សំឡេង​និយាយ​ស្តី ឬ​ដល់​សណ្ឋាន​រាង​មនុស្ស​ទៀត​ផង។

បញ្ហា​សុខភាព​ធ្មេញ​អាច​រាល​ដាល​បញ្ចេញ​ប្រតិកម្ម​ត​គ្នា​ តាំង​ពី​ក្បាល​ដល់ចុង​​ជើង។ អ៊ីចឹង​ហើយ​បាន​ជា​វេជ្ជសាស្ត្រ​បច្ចុប្បន្ន​មាន​ការ​ព្យាបាល​​កែ​ទម្រង់​មាត់​ធ្មេញ​ តាំង​ពី​មិន​ទាន់​ជ្រុះ​ធ្មេញព្រៃ​ម្ល៉េះ។ នៅ​ប្រទេស​ជឿន​លឿន​ខ្លាំង គេ​អាច​ចាប់​ផ្តើម​ព្យាបាល​ពាក់​គាប​ធ្មេញ​ លើ​កុមារ​ ចាប់​ពី អាយុ ៣​ឆ្នាំ​ផង ប្រសិន​បើ​មើល​ឃើញ​ថា​ក្មេង​មាន​ទម្រង់​ធ្មេញ​មិន​ត្រង់​ល្អ​។

ខុស​ពី​គំនិត​ធ្លាប់​គិត​ពី​មុន ធ្មេញ​វៀច​ ដុស​ជំពិស មិន​មែន​បណ្តាល​មក​តែ​ពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ធ្មេញ​មួយ​មុខ​គត់​នោះ​ គឺ​មាន​ជាប់​ជំពាក់​នឹង​ការ​លូត​លាស់​ឆ្អឹង​របស់​កុមារ​។ ក្នុង​ពេល​លូត​លាស់​ វេជ្ជសាស្ត្រ​អាច​ជួយ​បាន​ច្រើន ដូច្នេះ​បើ​យើង​អាចធ្វើ​អន្តរាគមន៍​កាន់​ឆាប់ កាន់​តែ​ងាយ​ស្រួល​តម្រង់ ជាង​ដល់​ពេល​ធំ​ពេញ​ជំទង់ ឬ​ពេញ​វ័យ។

៥- ចុះក្មេង​ដែល​បៀម​ដៃ តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ? គួរ​តែ​​​ហាមឃាត់​ឬ​យ៉ាងណា ?

ទេ ! ក្មេង​លូតលាស់​ទៅ​ល្បឿន​របស់​គេ​ម្នាក់ៗ ! ក្មេង​ខ្លះ​ត្រូវ​ការ​ធំធាត់​ជាមួយ​នឹង​ការ​បៀម​ដៃ ខ្លះ​ដោយ​បៀម​ក្បាល​ដោះ។ បៀម​ដៃ​មាន​គ្រោះ​ថ្នាក់​ជាង​បៀម​ក្បាល​ដោះ ព្រោះ​ក្បាល​ដោះ​ផលិត​ឡើង​ដោយ​មាន​ទម្រង់​ស្រប​នឹង​ក្រអូម​មាត់ ឯ​ការ​បៀប​ដៃ​គឺ​មួយ​សេរី ក្មេង​អាច​ដាក់​ អាច​ជញ្ជក់​តាម​ចំណង់​គ្មាន​ពេល​ គ្មាន​ម៉ោង គ្មាន​ទម្រង់​បែប​បទ​អ្វី​ទាំង​អស់។ តាម​ក្បួន​ជា​ទូទៅ គួរ​តែ​បញ្ឈប់​ការ​បៀម​ដៃ នៅ​អាយុ​មុន​៦​ឆ្នាំ​ មុន​ពេល​ដុស​ធ្មេញ​ស្រុក។
 
៦- តើ​គេ​អាច​ការ​ពារ​​សុខភាព​​ធ្មេញ​បាន​ដោយ​វិធី​ណា?

បញ្ហា​ដែល​មាន​កើត​ច្រើន និង​ជាពិសេស​ចំពោះធ្មេញកុមារ គឺ​ដង្កូវ​ស៊ី​ ! ហើយ​ដំណោះស្រាយ​ដ៏ប្រសើ​រ​បំផុត​ គ្មាន​អ្វី​ក្រៅ​ពី​ការ​ការពារ​ទេ។ វិធីការពារ​សំខាន់ៗ​មាន​ពីរ ៖ ទី​មួយ​គឺ​ចំណី​អាហារ​ និង​ទីពីរ​ គឺ​ការ​ដុះ​សម្អាត​ធ្មេញ។ របប​ចំណី​អាហារ​ ជា​បុព្វហេតុ​ដំបូង​គេ ! យើង​ដឹង​គ្រប់​គ្នា​ហើយ​ថា កុមារ​ណា​ក៏​ដូច​កុមារ​ណា​ដែរ​ ចូល​ចិត្ត​បរិភោគ​អាហារ​បង្អែម​មាន​ជាតិ​ផ្អែម​ ជា​ជាង​បន្លែ​ខ្លាំងណាស់។ ដូច្នេះ​គួរ​តែ​ចៀស​វាង​កុំ​បណ្តោយ​ឱ្យ​ក្មេង​ញ៉ាំ​ស្ករ​គ្រាប់ នំ​ស្ករ​ សូកូឡា ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​ សារធាតុ​ស្ករ​ដែល​ល្អ​សម្រាប់​សុខភាព​ នៅ​ក្នុង​បន្លែ​ផ្លៃឈើ។ បញ្ចៀស​ការ​ទំពារ​អៀង​ ញ៉ាំ​ឥត​ឈប់​មាត់​​ជាហេតុ​ធ្វើឱ្យ​មាន​​ជាតិ​ស្ករ​បញ្ចេញ​ជាប់​ក្នុង​មាត់​។

ចូរ​ចង​ចាំ​ថា អ្វី​ដែល​នៅ​ក្នុង​មាត់​ បង្ក​គ្រោះ​ថ្នាក់​ជាង​អ្វី​ដែល​នៅក្នុង​ដៃ​ទៅ​ទៀត។ បើ​មាន​ចំណីអាហារ​នៅ​ក្នុង​មាត់​កាន់​តែ​យូរ ក្រ​រំលាយ​អស់ពី​ទឹក​​​មាត់​ នោះ​កាន់​តែ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​មាត់​ធ្មេញ​។ ចំណែក​ការ​ដុះ​ធ្មេញ​ដែល​ជា​វិធី​ការពារ​ទីពីរ​ ត្រូវ​ធ្វើ​ជា​ប្រចាំ​ យ៉ាង​ហោច​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក្រោយ​ពេល​បរិភោគ​បាយ​ ដោយ​ប្រើ​ថ្នាំ​ដុះធ្មេញ​មាន​សារធាតុ​ផ្លុយអ័រ។ ចំពោះ​បញ្ហា​ផ្លុយអ័រ​នេះ​ អនុសាសន៍​បច្ចុប្បន្ន​នេះ​ មិនឱ្យ​យើង​ប្រើ​ផ្លុយអ័រ​ជា​ស្វ័យ​ប្រវត្ត​ទេ ព្រោះ​ សារធាតុ​ផ្លុយអ័រ​ នៅដាក់​បង្កប់​​ស្ទើរ​គ្រប់មុខ ក្នុង​អំបិល ក្នុង​ថ្នាំ​ដុះ​ធ្មេញ​ ដូច្នេះ​មិន​បាច់​ឱ្យ​ថ្នាំ​លេប​បន្ថែម​ទេ។ សូម​កុំ​ប្រើ​ឱ្យ​ហួស​ចំណុះ​ព្រោះ​វា​អាច​បង្ក​ឱ្យ​ធ្មេញ​ឡើង​ត្រាៗសៗ ដែល​ពិបាក​នឹង​ជួយ​ធ្មេញ​ឱ្យ​ល្អ​ដូច​ធម្មជាតិ​​វិញ​ណាស់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ