អានតួអត្ថបទ
កម្ពុជា

គណ​បក្ស​សង្គ្រោះ​ជាតិ​អំពាវ​នាវ​ឱ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បន្ត​ការ​ចរ​ចា

ក្នុង​សិក្ខាសាលា​ស្តីពី​ដំណោះស្រាយ​បច្ចេកទេស ​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី១៨ សីហា​នេះ ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​គណបក្ស​កាន់អំណាច​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បន្ត​ការចរចាស្តីពី​ដំណោះ​ស្រាយ​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ភាគី​នៃ​គណ​បក្ស​ឈ្នះឆ្នោត​ក្នុង​សភា​ទាំងពីរ​ បាន​បែរ​​ខ្នង​ដាក់គ្នា។​

លោក​ ​សម រង្ស៊ី​​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ថ្លែង​​នៅ​​ក្នុង​​សន្និ​​សិទ​​កាសែត​​នៅព្រឹក​ថ្ងៃ​អាទិត្យ​ ទី​ ១៨​ សីហា​​។
លោក​ ​សម រង្ស៊ី​​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ថ្លែង​​នៅ​​ក្នុង​​សន្និ​​សិទ​​កាសែត​​នៅព្រឹក​ថ្ងៃ​អាទិត្យ​ ទី​ ១៨​ សីហា​​។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​យ៉ាង​ទ​ទូច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ការចរចា​ឡើងវិញ ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ ភាពមិនប្រក្រតី​ដែលជា​ដើមចម នៃ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត។

ការអំពាវនាវ​យ៉ាងនេះ​របស​ប្រធាន​គណ​បក្ស​​ប្រឆាំង ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីអំពី​ការដោះស្រាយ​ផ្នែក​បច្ចេកទេស​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​ដឹក​នាំ​​ដោយ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា។

នៅក្នុង​សិក្ខាសាលា​រយៈពេល​ជិត២ម៉ោង លោក​សម រង្ស៊ី​ បាន​និយាយចំៗ​ អោយ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ដោះស្រាយ​រក​ភាពយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។

គួររំលឹកថា កន្លងមក​គណ​បក្ស​​កាន់អំណាច និង​គណបក្សប្រឆាំង​ធ្លាប់​ចូលរួម​ចរចា​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ចំពោះ​កិច្ច​មួយ​ ក្នុង​គោលដៅ​ដោះស្រាយ​ភាពមិនប្រក្រតី​ជាច្រើន​ដែល​ត្រូវបាន​លើកឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល។

ដំណើរការ​នៃ​ការបង្កើត​គណៈកម្មការ​នេះ​បាន​ជាប់គាំង​នៅ​ទ្រឹង​មួយកន្លែង​វិញ នៅពេលនេះ ព្រោះតែ​ការខ្វែងគំនិត​គ្នា​លើ​វត្ត​មាន​នៃ​ការចូលរួម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។​ 

ទោះយ៉ាងណា​ក៏ដោយ ការអំពាវនាវ​របស់​លោក​សម រង្ស៊ី​នៅ​ព្រឹក​មិញ​នេះ ជាការ​អំពាវនាវ​ផ្ទាល់មាត់ តាមរយៈ​សិក្ខាសាលា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ។ គ្មាន​ការបញ្ជាក់​ពី​ថ្នាក់ដឹកនាំ​នៃ​គណបក្សជំទាស់​មួយ​នេះ ថា​ពួកគេ​នឹងធ្វើ​លិខិតផ្លូវការ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ ភ្លាមៗ បន្ទាប់ពី​ការអំពាវនាវ​របស់លោក​សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប បាន​ថ្លែងថា គណបក្ស​របស់លោក​មិនទាន់​ទទួលបាន​លិខិតស្នើ​ណាមួយ​នៅឡើយ​ទេ។

គួរបញ្ជាក់​អោយដឹង​ផងដែរ​ថា នៅក្នុង​សិក្ខាសាលា​នៅ​ព្រឹក​មិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​អោយឃើញថា ខ្លួន​គួរតែ​បានឈ្នះ​ទទួល​អាសនៈ​មួយ​បន្ថែមទៀត​នៅក្នុង​មណ្ឌល​ខេត្តកណ្តាល។ សិក្ខាសាលា​នោះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​សង្កាត់​ចាក់អង្រែលើ ​ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​ជាច្រើន។ នៅឯ​ខាងក្រៅ​ទី​ស្នាក់ការ​​វិញ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាង១០០នាក់​បាន​ជួបជុំគ្នា​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សិក្ខាសាលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ