អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី​អំពាវនាវ​អោយ​ចាប់​ឃាតករ​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧

១៣ឆ្នាំ​កន្លងទៅនេះ​ ការ​រៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក នៅ​ទល់មុខ​អតីត​អគារ​រដ្ឋសភា នៅ​ថ្ងៃទី៣០​មីនា​១៩៩៧ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​ប្រចាំឆ្នាំ​មួយ​របស់​គណបក្ស​សម រង្ស៊ី។ នៅ​ព្រឹកមិញ​នេះ គណបក្ស​សម​រង្ស៊ី​​បាន​រៀបចំ​ខួប​លើកទី១៤​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដូច​រៀងរាល់​ឆ្នាំ។ ប្រធាន​គណបក្ស​មិនមាន​វត្តមាន​ជាក់ស្តែង​ទេ តែ​បាន​បញ្ចេញ​សំឡេង​ពី​ប្រទេស​បារាំង ដើម្បី​អំពាវនាវ​អោយ​អាជ្ញាធរ​កម្ពុជា​តាម​ចាប់​ឃាតករ​មក​ផ្តន្ទាទោស។

លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​រំឭក​ខួប​ព្រឹត្តិការណ៍​បោកគ្រាប់បែក​លើ​បាតុករ​ឆ្នាំ​១៩៩៧
លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​រំឭក​ខួប​ព្រឹត្តិការណ៍​បោកគ្រាប់បែក​លើ​បាតុករ​ឆ្នាំ​១៩៩៧ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

01:42

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត​នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​ត្រូវបាន​រៀបចំ​តាម​ទម្លាប់​ជារៀងរាល់​ឆ្នាំ​ដោយ​គណបក្ស​សម រង្ស៊ី ១៣ឆ្នាំ​មកហើយ។ មិនមាន​អ្វី​ខុសពី​ធម្មតា​ទេ ជា​ពិធី​តាមបែប​សាសនា មាន​ព្រះសង្ឃ មាន​ម្ចាស់​ដើមបុណ្យ គឺ​គណបក្ស​សម រង្ស៊ី និង​ក្រុមគ្រួសារ​ជនរងគ្រោះ។

ប៉ុន្តែ​ឆ្នាំនេះ មិនមាន​វត្តមាន​លោក​សម រង្ស៊ី នៅ​ឈរ​ក្នុង​ចំណោម​សមាជិក​ដូច​រាល់ដង​ឡើយ។ មាន​តែ​សំឡេង និង​រូបភាព​ដែល​ត្រូវបាន​ចាក់ផ្សាយ​បន្ត​តាម​Video Conference។ តាមរយៈ Video Conference នេះហើយ​ដែល​លោក​សម រង្ស៊ី​ស្រែក​អំពាវនាវ​អោយ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​អោយឃើញ​ឃាតករ​គប់​គ្រាប់បែក​ចូលក្នុង​ហ្វូង​បាតុករ កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពេលនោះ បាតុករ​ដែល​ជា​កម្មករ កម្មការិនី កំពុងតែ​តវ៉ា​ទាមទារ​អោយ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ នៅមុខ​អតីត​រដ្ឋសភា​ជាតិ។ នៅពេលនោះ គ្រាប់បែក​៤គ្រាប់​បានផ្ទុះ ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ជាង​១០នាក់ និង​អ្នក​រងរបួស​ជាង​១០០នាក់។

ការរៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នករងគ្រោះ​ ក៏បាន​ផ្តល់​វេទិកា​សម្រាប់​លោក​សម រង្ស៊ី​ ដែល​កំពុង​រស់នៅ​និរទេសខ្លួន​ពី​ការ​ចាប់ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា​នោះ ធ្វើ​អត្ថាធិប្បាយ​លើ​ប្រធានបទ​ផ្សេង ស្តីពី​កម្ពុជា។

លោកសម រង្ស៊ី​បាន​និយាយ​ប្រៀបប្រដូច​កម្ពុជា​ទៅ​ប្រទេស​លីប៊ី​ ដែល​ធ្វើបាប​ប្រជាជន​ខ្លួន ហើយ​លោក​ក៏​បាន​ថ្កោលទោស​ការ​សម្រេចក្តី​របស់​តុលាការ ដែល​បាន​ផ្តន្ទាទោស​រូបលោក​ក្នុង​សំណុំរឿង​ព្រំដែន​ផងដែរ ដែល​ធ្វើអោយ​លោក​មិនអាច​ត្រលប់​ចូល​ក្នុង​ប្រទេស​វិញ​បាន។ លោក​សម រង្ស៊ី មិនបាន​រារែក​នឹង​ស្រែក​ថា ក្តីក្តាំ​ដែល​ធ្វើអោយ​លោក​មិនអាច​ចូលស្រុក​បាន នឹង​កាន់តែ​ធ្វើអោយ​អាសនៈ​រដ្ឋសភា​របស់​គណបក្ស​សម រង្ស៊ី​កាន់តែ​កើនឡើង​នៅ​អាណត្តិ​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ