អានតួអត្ថបទ
កម្ពុជា

អ្នកទោស​នយោបាយ​របស់​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព

ទណ្ឌិត​ជា​អតីត​មេឃុំ​គណបក្ស​ សម​ រង្ស៊ី​ ក្នុង​ខេត្ត​កំពង់ធំ ​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ពណ៌នាថា​ ជាអ្នក​ទោស​នយោបាយ​ត្រូវ​បាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ​ហើយ នៅថ្ងៃ​ពុធនេះ ​បន្ទាប់​ពីមាន​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ។​ គណបក្ស​សម ​រង្ស៊ី នៅតែ​បន្ត​អះអាង​ថា​ អតីត​មេឃុំ​របស់​ខ្លួន​ត្រូវ​បាន​ជាប់​ទោស​យ៉ាង​អយុត្តិធម៌។

លោក​ទួត សារ៉ន (រូប​កណ្តាល) មេឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មក​ពី​គណបក្ស​សម រង្ស៊ីត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ
លោក​ទួត សារ៉ន (រូប​កណ្តាល) មេឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មក​ពី​គណបក្ស​សម រង្ស៊ីត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ©គណបក្ស​សម រង្ស៊ី
ផ្សាយពាណិជ្ជកម្ម

 

01:31

សេចក្តី​រាយការណ៍​របស់​នេត្រ ភក្ត្រា

បូលីន ដាវីដ

មន្ត្រី​គណបក្ស​ សម​ រង្ស៊ី​​ បាន​ថ្លែង​ឲ្យ​ដឹង​ នៅថ្ងៃ​នេះ​ថា ​លោក​ទួត​ សារ៉ន​ មេឃុំ​ពង្រ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​មកពី​គណបក្ស​ សម​ រង្ស៊ី ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ដោះលែង​ ឲ្យ​មាន​សេរីភាព​វិញហើយ។ ការដោះលែង​អ្នកទោស​នយោបាយ​រូបនេះ​ធ្វើឡើង បន្ទាប់​ពី​មាន​ព្រះរាជទាន​លើកលែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​ខ្មែរ​ តាមការស្នើ​សុំ​របស់​គណបក្ស​សម​ រង្ស៊ី។

លោក​ទួត សារ៉ន​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពង់ធំ​ចាប់ខ្លួន កាល​ពី​ខែ ​មីនា ​ឆ្នាំ ២០០៨​ កន្លងទៅ ដោយ​ចោទ​ប្រកាន់​ពីបទ​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ​ហើយត្រូវ​បាន​តុលាការ​ ខេត្តកំពង់ធំ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ រយៈពេល​បីឆ្នាំ។ ប៉ុន្តែ មន្ត្រី​គណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ថា បទចោទ​ប្រកាន់​ គឺ​គ្រាន់តែ​ដើម្បី​ទម្លាក់​កំហុស​លើ​រូប​លោក​តែ​ប៉ុណ្ណោះ ​ហើយ​ថា ការកាត់​ទោស​នេះ​ គឺជារឿង​នយោបាយ​ មិន​មាន​ភាព​យុត្តិធម៌​ឡើយ។

លោក សុន​ ឆ័យ ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​សម​ រង្ស៊ី​ ដែល​បាន​ពិនិត្យ​មើល​ការដោះលែង​នេះ ​មាន​ប្រសាសន៍​ថា​ លោក​ទួត​ សារ៉ន​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​សារ​តែគំនាប​នយោបាយ។ ​ប៉ុន្តែ​ទោះបី​យ៉ាងណា ​លោក​សុន​ ឆ័យ​ អះអាង​ថា​ គណ​បក្ស​សម​ រង្ស៊ី​ នឹង​មិន​ធ្វើការ​ស៊ើបអង្កេត​អ្វី បន្ត​លើ​បញ្ហា​នេះឡើយ​ ប៉ុន្តែ​អាច​នឹង​ពិចារណា​ក្នុង​ការទាមទារ​ឲ្យមាន​ការសង​ជំងឺ​ចិត្ត​ ដល់​អតីត​មេឃុំ​របស់ខ្លួន។

គួរបញ្ជាក់​ថា ​មនុស្ស​បីនាក់​ទៀត​ដែល​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នេះ ត្រូវ​បាន​រត់គេច​ខ្លួន​ទៅក្រៅ​ប្រទេស​ ហើយបើតាម​ការ​ឲ្យដឹង​របស់​លោក​សុន​ ឆ័យ​ មនុស្ស​ពីរ​នាក់​បាន​ទទួ​ល​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​សហ​រដ្ឋអាមេរិក​ និង​ម្នាក់​ទៀត​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ