អានតួអត្ថបទ
រុស្ស៊ី

លោក ពូទីន ហៅការផ្ទុះក្នុងហាងមួយ នៅក្រុងរុស្ស៊ី Saint-Petersbourg ថាជា ភេរវកម្ម

នៅ​ក្រុង Saint-Petersbourg មាន​ការផ្ទុះគ្រាប់បែកឆ្នៃ ដែលលាក់នៅកន្លែងទុកឥវ៉ាន់ បានបណ្តាលឲ្យ​របួសមនុស្សអស់១៣ នាក់។ ហេតុការណ៍នេះ កើតឡើង​ពីល្ងាច ថ្ងៃទី​២៧ធ្នូ​។ នៅ​ព្រឹកឡើង ថ្ងៃទី​២៨ធ្នូ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ចាត់ទុកអំពើ​នេះ ថា​ជា” អំពើភេរវកម្ម“។

លោក ពូទីន ហៅការផ្ទុះក្នុងហាងមួយ ថ្ងៃ២៧ធ្នូ នៅក្រុងរុស្ស៊ី Saint-Petersbourg ថាជា ភេរវកម្ម
លោក ពូទីន ហៅការផ្ទុះក្នុងហាងមួយ ថ្ងៃ២៧ធ្នូ នៅក្រុងរុស្ស៊ី Saint-Petersbourg ថាជា ភេរវកម្ម REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

“ដូចអស់លោកជ្រាបស្រាប់ ម្សិលមិញ នៅក្រុង Saint-Petersbourg មាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម” -សេចក្តីនេះថ្លែងដោយលោកពូទីន ក្នុងពិធីបំពាក់គ្រឿង​ឥស្សរិយយស​នៅថ្ងៃ២៨ធ្នូ ជូនបណ្តាយោធារុស្ស៊ី ដែល បានចូលរួមក្នុងប្រតិបត្តិការរុស្ស៊ី នៅស៊ីរី។

ដោយបន្លឺឡើងនូវឃ្លានេះ លោកប្រមុខរដ្ឋរុស្ស៊ី ក៏ចង្អុលឲ្យឃើញថា គាត់បានផ្ទុកផ្តាក់ នាយកនៃស្ថាប័នសន្តិសុខជាតិ FSB លោក Alexandre Bortnikov ឲ្យពេលឃាត់ខ្លួន ពួកដែលជាប់សង្ស័យ ជា ភេរវជន “ ត្រូវសកម្មដោយគោរពច្បាប់យ៉ាងតឹងរ៉ឹង” ប៉ុន្តែ លោក​ពូទីន ក៏គូសបញ្ជាក់ថា “ ក្នុងករណីមាន ការគំរាមដល់ជីវិតនិងសុខភាព សហការី និងនាយទាហានយើង គឺ ត្រូវសកម្មដោយប្តូរផ្ដាច់ មិនបាច់ចាប់ ពួក​នោះ​ជា​ឈ្លើយ​ឡើយ តែគឺត្រូវកំទេចវានៅនឹងកន្លែងតែម្តង”។

លោកពូទីន គូសបញ្ជាក់ថា អន្តរាគមន៍យោធារុស្ស៊ី ដែល​បាន​ចាប់ផ្តើម​កាល​ពីចុង​ខែ​កញ្ញា​ឆ្នាំ២០១៥ “ បានរួមវិភាគទានជាគន្លឹះ ទៅក្នុងបរាជ័យនៃពួកកម្លាំងឧក្រិដ្ឋ ដែលបាន​បង្ករឿងទល់នឹងអារ្យធម៌​ ទៅក្នុង ការបំផ្លាញកងទ័ពពួកភេរវជន ទៅក្នុង​ការ​គាស់រំលើងអំណាចផ្តាច់ការដ៏ព្រៃផ្សៃរបស់ពួកនោះ។

ការផ្ទុះនៅក្រុងរុស្ស៊ីទី២នោះ បានប្រព្រឹត្តទៅក្នុងហាងមួយនៃបណ្តាញហាង Perekriosok ​ប្រែមកថា Carrefour គឺនៅវេលាម៉ោង ៦ កន្លះល្ងាច ដែល​បាន​បណ្តាលឲ្យ​របួសមនុស្សអស់ ១៣ នាក់ ពីក្នុងនោះ ៨ នាក់ ត្រូវបានដឹកទៅមន្ទីរពេទ្យជាបន្ទាន់។ ឧប្បតិហេតុនេះ កើតឡើង កាលដែលនៅសល់តែ ៤ ថ្ងៃ ដល់ បុណ្យចូលឆ្នាំថ្មី ដែលសម្រាប់ប្រជាពលរដ្ឋរុស្ស៊ី ជាការចាប់ផ្តើមសប្តាហ៍ បុណ្យណូអែល។

នៅថ្ងៃទី ៧ មករា តាមប្រពៃណីគ្រិស្តសាសនាអ័រថូដុក្ស ក្នុងផ្ទៃនៃក្តីព្រួយ​បារម្ភកាន់​តែ​ខ្លាំងឡើង ខ្លាចការវិលត្រឡប់មកវិញ នៃពួកជីហាដរុស្ស៊ី ដែលបានច្បាំងនៅ ស៊ីរីនិងអ៊ីរ៉ាក់។

ក្រុង Saint-Petersbourg អតីតរាជធានីនៃចក្រភពរុស្ស៊ី​ កាលពីខែមេសាឆ្នាំនេះ ធ្លាប់បាន​រងទៅហើយ ការវាយប្រហារភេរវនិយម ដែលបានផ្តាច់ជីវិតអ្នក​ធ្វើដំណើរ​តាម​មេត្រូ អស់១៦ នាក់ និងរបួសដល់ទៅ ១០៣ នាក់។

ក្នុងខែធ្នូនេះ លោកនាយក FSB បានឲ្យដឹងថា ៖ មានពលរដ្ឋរុស្ស៊ី ប្រមាណ ៤.៥០០ នាក់ បានច្បាំងនៅបរទេស នៅខាងពួកភេរវជន។ ក្នុង៥ឆ្នាំកន្លងទៅ មាន៩.៥០០ នាក់ ត្រូវបានកាត់ទោសនៅរុស្ស៊ី តាមបទឧក្រិដ្ឋពាក់ព័ន្ធនឹងភេរវនិយមនិងជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ