អានតួអត្ថបទ
រុស្ស៊ី

លោកពូទីន៖ ​អំ​ពី​បញ្ហា​ជន​ជាតិ​ដែល​ជា​បញ្ហាគន្លឹះ​នៃ​អត្ថិភាព​រដ្ឋ​រុស្ស៊ី

ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ពូទីន ក្នុង​ឋានៈ​ជា​បេក្ខជន​ម្នាក់​សម្រាប់​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​មីនា​ខាង​មុខ បាន​ចេញ​អត្ថបទ​ទី២ ក្នុង​កម្មវិធី​បោះឆ្នោត​របស់​គាត់។ លើក​នេះ គឺ​ឧទ្ទិស​ដល់​បញ្ហា​ទំនាក់ទំនង​រវាង​ជនជាតិ​ទាំង​១៦០ ដែល​រស់​នៅ​ក្នុង​លំហ​នៃ​សហព័ន្ធ​រុស្ស៊ី និង​ដល់​ការ​រឹតបន្តឹង​ច្បាប់​ចំពោះ​ជន​បន្លាស់ទី​ដែល​ទៅ​ធ្វើ​ការ​នៅ​រុស្ស៊ី។

លោក ពូទីន នាយករដ្ឋមន្ត្រី រុស្ស៊ី
លោក ពូទីន នាយករដ្ឋមន្ត្រី រុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

ដោយ​ទទួល​ស្គាល់​ថា បញ្ហា​ជាតិពន្ធុ ជា​បញ្ហា​ស្មុគស្មាញ​បំផុត​របស់​សហព័ន្ធ​រុស្ស៊ី លោកពូទីន ទិតៀន​ដល់​ការ​ឃោសនា​អំពី​គំនិត​ជាតិនិយម​នៅ​ក្នុង​ប្រទេស។ តាម​ជំនឿ​ជឿជាក់​របស់​គាត់ ការ​ប៉ុនប៉ង​ណា​ក៏​ដោយ កសាង​រុស្ស៊ី ជា”រដ្ឋ​មាន​ជាតិពន្ធុ​តែ​មួយ“ គឺ​ជា”ផ្លូវ​ដ៏​ខ្លី​បំផុត​ដែល​នាំ​ទៅ​កាន់​ការ​កម្ទេច​ប្រជាជន​រុស្ស៊ី និង​កម្ទេច​រដ្ឋ​រុស្ស៊ី​តែម្តង”។ ជា​ការ​កត់សម្គាល់ ពួក​ជាតិនិយម​នៅ​រុស្ស៊ី​តែង​បន្លឺ​ឡើង​នូវ​ការ​ទាមទារ​ចង់​ឃើញ​រុស្ស៊ី ជា “រដ្ឋ​តែ​របស់​ជាតិ​រុស្ស៊ី”ប៉ុណ្ណោះ ដោយ​សំអាង​លើ​ទឡ្ហីករណ៍​ថា ក្នុង​ចំណោម​ជាតិពន្ធុ​ទំាង​១៦០ ដែល​សព្វ​ថ្ងៃ​រស់​នៅ​លើ​ដែន​ដី​រុស្ស៊ី ជាតិ​រុស្ស៊ី មាន​ចំនួន​ដល់​ទៅ ៨១%ឯណោះ។

តាម​ពួក​ជាតិនិយម គឺ​ល្មម​ដល់​ពេល​ដែល​រដ្ឋអំណាច​រុស្ស៊ី​ឈប់​ផ្គត់ផ្គង់​លុយ​ដ៏​ច្រើន​សំបើម ទៅ”ចិញ្ចឹម​បំប៉ន​អ្នកស្រុក​នៅ​តំបន់​ភ្នំ​កូកាស ”ទៀត​ឡើយ។ ចំណុច​នេះ​តែង​ធ្វើ​ឲ្យ​ពួក​ជាតិនិយម​រុស្ស៊ី​ច្រណែន។ ជា​ការ​កត់សំគាល់ តំបន់​ភ្នំកូកាស​នៅ​ប៉ែក​ខាង​ត្បូង​សហព័ន្ធ​រុស្ស៊ី គឺ​រួម​ក្តោប ៧ សាធារណរដ្ឋ ដែល​ចំណុះ​សហព័ន្ធ​នេះ មាន​ទឹក​ដី ឆេឆេនី​ជាដើម។ ប្រជាជន​នៅ​តំបន់​នោះ​សុទ្ធ​តែ​កាន់​សាសនា​អ៊ីស្លាម ហើយ​ក្នុង​រង្វង់​ទសវត្ស​ទី៩០ មាន​ខ្លះ​បាន​បោកបក់​ដោយ​រលក​តស៊ូ​ទល់​នឹង​ម៉ូស្គូ ចង់​ផ្តាច់​ខ្លួន​ចេញ ដើម្បី​បង្កើត​ជា”រដ្ឋអ៊ីស្លាម” តែម្តង។

បច្ចុប្បន្ន ក្រោយ​ពី​កម្ចាត់​ទំនោរ​នោះ​សាបសូន្យ​ទៅ ម៉ូស្គូ​តែង​ផ្តល់​ហិរញ្ញប្បទាន​ច្រើន​សន្ធឹក​សន្ធាប់​យក​ចិត្ត​ដែនដី​ទាំង​នោះ ទាំង​ជំរុញដល់​ការ​អភិវឌ្ឍន៍​របស់​គេ។ សំខាន់​សម្រាប់​ម៉ូស្គូ គឺ​ការពារ​បាន​គង់វង្ស​បូរណភាព និង​អធិបតេយ្យ​ប្រទេស​រុស្ស៊ី។ លោក​ពូទីន​តែង​រំលឹក​អំពី​រឿង​នេះ ប្រកប​ដោយ​មោទនភាព​ជានិច្ច។ ម៉្លោះ​ហើយ​បាន​ជា​ក្នុង​អត្ថបទ​ខ្លួន លោក​ពូទីន បាន​ឆ្លើយ​ទៅ​ពួក​ជាតិនិយម​ថា បន្ទាប់​ពី​ការ​ទាមទារ​ខាង​លើ គឺ​នឹង​មាន​ប្រតិកម្ម​បក​វិញ ឲ្យ​ឈប់”ចិញ្ចឹម​បំប៉ន” តំបន់​ឯ​ទៀត​នៃ​ប្រទេស​ទៅ​ដែរ ៖ គឺ​ពិត​ជា Scenario បែប​នេះ ដែល​នៅ​ទីបំផុត បាន​នាំ​ទៅ​កាន់​ការ​រលំរលាយ​ទៅ​នៃ​សហភាព​សូវៀត។

ដោយ​ហេតុ​ថា បញ្ហា​ជន​បន្លាស់ទី​ទៅ​ធ្វើ​ការ​នៅ​រុស្ស៊ី​តែង​បង្ក​ឡើង ជា​បញ្ហា​ប៉ះទង្គិច​រវាង​ជនជាតិ​បាន​ជា​លោក​ពូទីន​ក្នុង​អត្ថបទ​ខ្លួន​ព្រមាន​ថា នរណា​ដែល​មក​ធ្វើ​ការ​នៅ​រុស្ស៊ី ដោយ​ពាំ​នាំ​មក​នូវ​វប្បធម៌ និង​ទំនៀមទម្លាប់ជាតិ​ខ្លួន គប្បី​ត្រូវ​ចេះ​គោរព​ចំពោះ​ប្រពៃណី​នៅ​រុស្ស៊ី​ផ្ទាល់។

ក្នុង​ន័យ​នេះ គាត់​ស្នើ​ឲ្យ​រឹត​បន្តឹង​ច្បាប់​កត់ត្រា និង​ចុះ​បញ្ជី​ជន​បន្លាស់ទី ក៏​ដូច​ជា​មួល​ខ្ចៅ​បន្តឹង​ទណ្ឌកម្ម​នរណា​ដែល​បំពាន​លើ​ច្បាប់​នេះ។ ព្រម​ជាមួយ​នេះ លោកពូទីន​គាំទ្រ​ដល់ “ការ​បញ្ចូល​ជន​បន្លាស់ទី​ទៅ​ក្នុង​សង្គម​រុស្ស៊ី បន្តិច​ម្តងៗ ដោយ​វិធី​ស៊ីវីល័យ”។ លោក​ពូទីន​បញ្ចប់​អត្ថបទ​គាត់ ក្នុង​ឋានៈ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ