អានតួអត្ថបទ
រុស្ស៊ី​

ញត្តិ​ទាមទារ​ឲ្យទម្លាក់​​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​

មកទល់​ថ្ងៃ​៥សីហា​​ម្សិលមិញ​ មានប្រជាពលរដ្ឋ​ជាង​១៦០ ០០០នាក់​ហើយ ដែល​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ ​ ទាមទារ​ការលែង​ចេញពី​មុខតំណែង នៃ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ ឌ្មីទ្រី​ មេដវេដេវ​ ក្រោយពី​គាត់​បានទូន្មាន​សាស្ត្រាចារ្យ​ណា​ដែលតូចចិត្ត​នឹង​ប្រាក់ខែទាប​ ឲ្យ​ទៅ​ធ្វើការ​នៅកន្លែង​ផ្សេងទៅ ​ក្នុងគ្រា​ដែល​សេដ្ឋកិច្ចជាតិ​កំពុង​ឆ្លងកាត់​វិបត្តិ​ពេញបន្ទុក​ ហើយ កាល​ដែល​នៅសល់​តែមួយខែកន្លះ​សោះ​ ដល់ថ្ងៃ​បោះឆ្នោត​រើស​រដ្ឋសភា​នីតិកាល​ថ្មី។​

នាយករដ្ឋមន្ត្រី​រុស្ស៊ី​ Dmitry Medvedev
នាយករដ្ឋមន្ត្រី​រុស្ស៊ី​ Dmitry Medvedev REUTERS/Dmitry Astakhov/Sputnik/
ផ្សាយពាណិជ្ជកម្ម

មូលហេតុនៃ​ការលេច​ចេញមក​ជាញត្តិ​បែបនេះ​ នៅតាម​វែបសាយ​ Change.org ​នៃ បណ្តាញ​អ៊ិនធរ័ណែត​ គឺមកពី​ថ្ងៃអង្គារ​ទី២សីហា​ដោយឆ្លើយ​ពីលើ​វេទិកាសន្និសីទ​ចូលរួម​ដោយ ​បណ្តា​គរុកោសល្យ​វិទូ តបនឹង​សំនួរសាស្ត្រាចារ្យ​ម្នាក់៖ តើហេតុដូចម្តេច​បានជា​នៅ​រុស្ស៊ី​ គ្រូ​បង្រៀន​​ទទួលប្រាក់ខែ​យ៉ាងច្រើនណាស់​ត្រឹម ១៥.០០០រូប្ល​ ឬ​ ម្តុំ​២៥០ដុល្លារ​ ចំណែក​ ពួក​មន្ត្រី​ក្រសួងកម្លាំង​​ទទួលដល់​៥០.០០០រូប្ល ​ក្នុង១ខែ ឬ​​៨០០ដុល្លារ?​

លោកនាយករដ្ឋមន្ត្រី​ មេដវេដេវ​ ថ្លែងថា​៖ ​បើចង់​រកលុយ​ឲ្យបានច្រើន​ នោះ​មាន​មិនខ្វះទេ​កន្លែង​ដ៏​ល្អបវរ ​ជាទីដែល​គេអាច​​រកលុយបាន​យ៉ាងលឿន ​ហើយ​គ្រាន់បើជាង។​ ​លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​ក៏បន្ថែម​ថា៖ សំនួរបែបនេះ​ឧស្សាហ៏​ត្រូវគេចោទសួរ​មកខ្ញុំ​ ប៉ុន្តែ​ របរ​​ជា​គ្រូបង្រៀន ​ជាសាស្ត្រាចារ្យ​ គឺជា​ឧបនិស្ស័យ។​ បើនរណា​ត្រូវការ​រកលុយ​ឲ្យបានច្រើន​ នោះ​គឺមាន​របរផ្សេងៗ​ទៀត​យ៉ាងច្រើន​ ឧទាហរណ៍​វិស័យBusiness។

ចំណែក​សេចក្តី​នៃ​ញត្តិ​ដែល​បើក​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៤សីហា សម្រាប់​ទទួលការ​ចុះ​ហត្ថលេខា ​​ហើយគ្រាន់តែ​ក្នុង២ថ្ងៃសោះ​ មានអង្គាស​បាន​ហត្ថលេខា​ ជាង១៦ម៉ឺន​នាក់​ទៅហើយ​ លើកឡើងថា​ រដ្ឋាភិបាល​ត្រូវតែដឹកនាំ​ដោយមនុស្ស​ដែលមាន​សមត្ថភាព​ មាន​ចំណេះដឹង ​សុចរិត ​ហើយចេះខ្នះខ្នែង​វៀសវៃ​ចំពោះ​ប្រទេសជាតិ ប៉ុន្តែ​ឥឡូវ ​​ស្ថានការណ៍​ពិត គឺ​បញ្ច្រាស​ពីនេះ​សោះ។​
 
តាម​មតិ​ហត្ថលេខី​ភាគច្រើន សម្តី​លោក​មេដវេដេវ​រំលេច​ឲ្យឃើញ ពីការ​ពេបជ្រាយ​បន្តុះ​បង្អាប់​ថា បើគ្រូបង្រៀន​ដក់ជាប់​ដោយ​ឧបនិស្ស័យ​ គឺគេអាច​ធ្វើការ​ដោយសឹង​មិនបាច់​ទទួល​​ប្រាក់ខែឬ? នេះជាការប៉ិន​​ដោះសាមែន​ របស់​បុគ្គលដែល​អសមត្ថភាព​ក្នុង​ការងារ​ខ្លួន។​ ដោយហេតុថា​​ ​សម្តីលោក​មេដវេដេវ គឺប្រមាថ​លើគ្រូបង្រៀន​ទាំងអស់​នៅរុស្ស៊ី​ បានជា​យើង​អំពាវនាវ​​លោក​​​ប្រធានធិបតី​ពូទីន​ ឲ្យដកប្រមុខ​​រដ្ឋាភិបាល​រូបនេះ​​ចេញពី​​តំណែង​​ខ្លួនទៅ។​​
 
អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក​ឌ្មីទ្រី ពេស្កូវ ​បានថ្លែងទៅ​ពួក​អ្នកកាសែតថា៖​
វិមាន​​ក្រេមឡាំង នៅ​មិនទាន់ឃើញ​​ទេ​​ញត្តិ​ដែល​បង្ហោះ​តាមបណ្តាញ​អ៊ិនធ័រណេត​ ម៉្លោះហើយ​​ បានជា​គ្មានអ្វី​ជាចាំបាច់​នឹង​បញ្ចេញ​ប្រតិកម្ម​ តបនឹង​ញត្តិ​អេឡេកត្រូនិក​បែបនេះ។​


បើនិយាយ​ពី​ប្រាក់ខែ​សាស្ត្រាចារ្យ​នៅ​រុស្ស៊ី នោះ​តាមតួលេខ​នៃស្ថិតិ​រដ្ឋ ​ឆ្នាំ២០១៦​នេះ​  គឺក្នុង​ទំហំ​៣២.០០០រូប្ល ឬ​ ខ្ទង់​៥០០ដុល្លារ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ