អានតួអត្ថបទ
រុស្ស៊ី

បុគ្គលិក​ពេទ្យ​ដែល​មាន​កំហឹង នៅ​រុស្ស៊ី ​ធ្វើបាតុកម្ម

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នេះ​ជា​លើក​ទី១​ហើយ ​ដែល​អ្នករដ្ឋការ​ដើរ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ ក្នុង​ក្រុងធំៗ​ជា​ច្រើន​របស់​ប្រទេស​រុស្ស៊ី ​នៅ​ចុង​សប្តាហ៍​នេះ។ ​ក្នុង​រដ្ឋធានី​មូ​ស្គូ (Moscou) បុគ្គលិក​​ពេទ្យ​ទៅ​តវ៉ា​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​បច្ចុប្បន្ន ​ដែល​គ្រោង​បិទ​មន្ទីរពេទ្យ​ជាច្រើន។

Manifestation de soutien aux médecins à Moscou, le 2 novembre. «Arrêtez l'effondrement de la médecine de Moscou», peut-on lire sur la banderole.
Manifestation de soutien aux médecins à Moscou, le 2 novembre. «Arrêtez l'effondrement de la médecine de Moscou», peut-on lire sur la banderole. REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​នៅ​រដ្ឋធានី​មូស្គូ ( Moscou) ប៉ុណ្ណោះ ​មន្ទីរពេទ្យ​រដ្ឋ​ប្រមាណ​ជា៣០កន្លែង​ទៅ​ហើយ ដែល​ត្រូវ​បិទ​ទ្វារ។ ​ជា​ផ្លូវការ ​ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​កាន់​តែ​ប្រសើរ។ ​បច្ចុប្បន្ន មន្ទីរពេទ្យ​ខ្លះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សាលាក្រុង ខ្លះទៀត​ជា​របស់​សហគ្រាស​ធំៗ ហើយ​ចុង​ក្រោយ​គឺ​មន្ទីរពេទ្យ​ដែល​ពឹង​លើ​រដ្ឋ។ ​តាម​ធម្មតា ការ​គ្រប់គ្រង​មន្ទីរពេទ្យ​ត្រូវ​តែ​ផ្ទេរ​ឱ្យ​ទៅ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​តែ​មួយ ជាបណ្ដើរ។  

ក្នុង​ក្របខណ្ឌ​នៃ​កំណែ​ទម្រង់​នេះ ​ភ្នាក់ងារ​សុខាភិបាល​៧ពាន់​នាក់​ហើយ ដែល​បាត់បង់​ការងារ ហើយ​កន្លែង​អ្នកជំងឺ​ដេក​បាន​ថយចុះ២ពាន់​គ្រែ។ ​មជ្ឈមណ្ឌល​សុខាភិបាល​ទាំង​ឡាយ បាន​ច្របាច់​បញ្ចូល​គ្នា ដើម្បី​កាត់​បន្ថយ​បុគ្គលិក​រដ្ឋបាល។ ​សាលា​រដ្ឋធានី​មូស្គូ​ថ្លែង​ថា ខ្លួន​បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​ជា​ច្រើន​កាន់​តែ​ទំនើប ហើយ​ទំនើបកម្ម​នេះ​មិន​ត្រូវការ​គ្រែ​អ្នកជំងឺ និង​បុគ្គលិកពេទ្យ​ច្រើន​ដូច​មុន​ទេ។ ​ហើយ​ចុងក្រោយ វេជ្ជបណ្ឌិត​ដែល​នៅ​សេសសល់​នឹង​ទទួលបាន​ប្រាក់ខែ​កាន់​តែ​ច្រើន។ ​បច្ចុប្បន្ន បៀវត្សរ៍ ទាប​មែនទែន រហូត​ទាល់តែ​គ្រូពេទ្យ​ខ្លះ​ធ្វើការ​ឯកជន ឬ​ប្រព្រឹត្ត​អំពើពុករលួយ ​ដើម្បី​ទទួល​ប្រាក់កម្រៃ​បន្ថែម។

កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​នៅ​រុស្ស៊ី គ្រោង​បញ្ឈប់​បុគ្គលិក​មន្ទីរពេទ្យ​ជាច្រើន​នាក់ តាមមើលទៅ​រហូតដល់​រាប់ពាន់​អ្នក។ ​សាលារដ្ឋធានី​មិន​ផ្តល់​ស្ថិតិ​ពិតប្រាកដ​ទេ។ ដូច្នេះ ​ក្តី​បារម្ភ​រឹង​រឹត​តែ​ខ្លាំងក្លា។ នៅ​ចំពោះ​មុខ​កំហឹង​របស់​បុគ្គលិក​ពេទ្យ សាលារដ្ឋធានី​បាន​សន្យា​ផ្តល់​សំណង​ផ្សេងៗ​ទៀត បន្ថែម​លើ​សំណង​តាមផ្លូវ​ច្បាប់។ ​ពលរដ្ឋ​រុស្ស៊ី​ ដែល​សង្កេត​ឃើញ​ថា ​ពួកគេ​ត្រូវ​ធ្វើ​កិច្ចការ​កាន់តែច្រើន​ចំពោះ​ប្រព័ន្ធ​មួយ​ដែលមាន​មុខ​ពីរ​ដូច្នេះ​នោះ ជាទូទៅ​គាំទ្រ​បាតុកម្ម​របស់​ក្រុមគ្រូពេទ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ