អានតួអត្ថបទ
រុស្ស៊ី-ចិន

ប្រមុខ​ការទូត​រុស្ស៊ី​ទៅចែចង់​រក​ទីផ្សារ​ឧស្ម័ន​ថ្មី​នៅប៉េកាំង ?!

លោក សែកហ្គៃ ឡាវ្រូស Serguei Lavrov រដ្ឋមន្ត្រីក្រសួង​ការបទេស​រុស្ស៊ី នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេស​ចិន នា​ថ្ងៃទី ១៥ មេសា​នេះ។ វិបត្តិ​​នយោបាយ​របស់​ប្រទេស​អ៊ុយក្រែន នឹង​ត្រូវ​បាន​ប្រមុខ​ការទូត​រុស្ស៊ី លើក​យកមក​ពិភាក្សា​ ជាពិសេស​ និង​ដោយ​ខាន​មិន​បាន ជាមួយ​សមភាគី​ចិន  ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក  Sergueï Lavrov  នៅ​ម៉ូស្គូ​ថ្ងៃទី ៨ មេសា ២០១៤
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergueï Lavrov នៅ​ម៉ូស្គូ​ថ្ងៃទី ៨ មេសា ២០១៤ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​រុស្ស៊ី គឺ​ដើម្បី​រៀប​ចំ​ដំណើរ​អញ្ជើញ​ទៅ​ទីក្រុងប៉េកាំង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន គ្រោង​ធ្វើ​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ​ដោយ​ហេតុ​តែ​ស្ថានការណ៍​តម្រូវ និង​កាល​បវិច្ឆេទ​ចៃដន្យចំ​គ្នា​​ល្អ ប្រធានបទ​នយោបាយ​ទាក់​ទង​នឹង​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​ទទួល​ចំណាប់​អារម្មណ៍​ពិសេស នា​ឱកា​ស​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ជាមួយ ប្រធានាធិបតី និង​រដ្ឋមន្ត្រីការបរទេស​ចិន នៅ​ទីក្រុង​ប៉េកាំង។

 
សម្រាប់​រុស្ស៊ី ចិន​ជា​មិត្ត​ដ៏​ល្អ មាន​ទស្សនៈ​និង​ជំហរ​ស្មើ​ភាព​ប្រកប​ទិសដៅ​ពិត​ប្រាកដ ព្រមទាំង​ចេះ​សម្តែង​ការ​យោគយល់​លើ​គ្រប់​វិស័យ​ទាំង​អស់​ រាប់​ទាំង​អតីត​កាល ដែល​នាំ​ឱ្យ​មាន​ការពិត​ថ្មី​នៅក្នុង​តំបន់ ! នេះ​ជា​គូស​បញ្ជាក់​របស់​ប្រភព​ការទូតរុស្ស៊ី។

រុស្ស៊ី ដែល​ពេល​នេះ កំពុង​ប្រឈម​នឹង​ការរិះគន់​ និង​ចោទ​ប្រកាន់​ពី​សំណាក់​សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន ថា​បាន​ប្រមូល​ទ័ព​មក​ឈរ​ជើង​នៅ​តាម​ព្រំដែន លើក​ទឹក​ចិត្ត​ចលនា​បះបោរ​ឱ្យ​ងើប​ឡើង​ទាមទារ​ផ្តាច់​ទឹក​ដី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ស្ថិត​នៅមាត់​ជ្រោះ​នៃ​ការ​ប្រេះ​ឆា​បែក​បាក់ជាតិ។

រុស្ស៊ី បាន​បដិសេធ​ ថា​គ្នា​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឡើយ។ ​ប៉ុន្តែ​គ្មាន​អ្នក​ជឿ ! រហូត​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន កាលពី​សប្តាហ៍​មុន ​បាន​យក​វិបត្តិ​អ៊ុយក្រែន​នេះ​មក​ធ្វើ​ជា​ល្បែង​សង្គ្រាម​បែក​ចែក​ជា​ពីរ​ប្លុក​ខាង​លិច​និង​ខាងកើត ដូច​សម័យ​សង្គ្រាម​ត្រជាក់ ដោយ​ព្រមាន​បង្អត់​ថាមពល​ឧស្ម័ន​ ឈប់​លក់​ឱ្យ​អឺរ៉ុប។
ក្នុង​បរិបទ​ដែល​គ្រប់​គ្នា​ព្រួយ​បារម្ភ​នឹង​ការ​ផ្ទុះ​សង្គ្រាម​ឧស្ម័ន ជា​ថ្មី​ទៀត​នេះ រុស្ស៊ី​បាន​បង្កើន​ការ​ចរចា​ជាមួយ​ដៃគូ​សម្ព័ន្ធមិត្ត​ចិន ប្រញឹក​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ព្រោះ​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ឧស្ម័ន​ Gazprom រុស្ស៊ី បាន​តថ្លៃ​ទីផ្សារ​ចិន​ ជាយូរ​ឆ្នាំ​មក​ហើយ ហើយ​សង្ឃឹម​ថា​នឹងអាច​ទម្លាយ​ទ្វារ​ចូល​ទីផ្សារដ៏​មហាសាល​បាន​ជា​លើក​ដំបូង​នៅ​ពេលនេះ។ ជា​ភស្តុតាង ថៅកែ​ក្រុមហ៊ុន​Gazprom​រុស្ស៊ី​នឹង​ត្រូវ​អម​ដំណើរ​ជាមួយ​ប្រតិភូ​រដ្ឋាភិបាល​រុស្ស៊ី ទៅកាន់​ក្រុង​ប៉េកាំង​ស្អែក​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ