អានតួអត្ថបទ
រុស្ស៊ី

ចំហាយ​នៃ​ការ​ប្រឆាំង​នឹង​អំណាច​លោក​ពូទីន ជា “បុរសខ្លាំង” នៅ​រុស្ស៊ី

ថ្ងៃ២៧ធ្នូនេះ តុលាការ​ម៉ូស្គូ​ពិនិត្យមើល​ពាក្យតវ៉ា ចំពោះ​សេចក្តី​វិនិច្ឆ័យ ចេញ​ម្សិលមិញ ដោយ​ចៅក្រម​តុលាការ​សង្កាត់​មួយ​នៃ​ក្រុង​នេះ ដែល​កាត់ទោស លោក Serguei Oudaltsov ជា​អ្នក​ដឹកនាំ​ចលនា​ប្រឆាំង​ឈ្មោះ “រណសិរ្ស​ឆ្វេង” ឲ្យ​ជាប់​ក្នុង​ការ​ឃុំឃាំង ១០ថ្ងៃ​ទៀត ក្រោយពី​គាត់​បាន​ជាប់​អស់​២០ថ្ងៃ​ហើយ។ ការឃុំឃាំង​រូបគាត់​តទៅទៀត​ញ៉ាំងឲ្យ​មាន​រលក​សាមគ្គី​ជាមួយ​រូបគាត់​ទៅហើយ ក្នុង​ឋានៈ​ជា​អ្នកទោស​នយោបាយ។

បាតុកម្ម​គាំទ្រ​លោក​ Sergueï Oudaltsov កាលពីថ្ងៃ​ទី២៦ ធ្នូ ២០១១
បាតុកម្ម​គាំទ្រ​លោក​ Sergueï Oudaltsov កាលពីថ្ងៃ​ទី២៦ ធ្នូ ២០១១ AFP/Andrey Smirnov
ផ្សាយពាណិជ្ជកម្ម

គួររំឭក​ថា ទោស​របស់​លោក Serguei Oudaltsov គឺ​មកពី​គាត់​បាន​ចូលរួម​ក្នុង​មិទ្ទិញ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​សភា តាំងពី​ក្នុង​ថ្ងៃ​៤ធ្នូ ពេល​ដែល​ការ​បោះឆ្នោត​នោះ​កំពុង​ប្រព្រឹត្តទៅ​ម៉្លេះ។ ពេលនោះ គាត់​បានត្រូវ​ប៉ូលិស​ចាប់​ ហើយ​នាំទៅ​បកប៉ូលិស​ទៅ ក្រោមលេស​ថា៖ ទី១ មិទ្ទិញ​នោះ​ធ្វើឡើង​ខុស​ច្បាប់ ព្រោះ​គ្មាន​សេចក្តី​អនុញ្ញាត​របស់​អាជ្ញាធរ, ទី២ មកពី​គាត់​ហ៊ាន​តដៃ មិនព្រម​ស្តាប់​តាម​បង្គាប់​ប៉ូលិស។ កាលណោះ រូបគាត់​និង​គ្នីគ្នាគាត់​ម្នាក់ទៀត គឺ​លោក Alexei Navalny ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ឃុំ​ម្នាក់ៗ ១៥ថ្ងៃ ចំពោះ​បទ​ចោទប្រកាន់​ខាងលើ។ លោក Alexei Navalny ក្រោយពី​រួចពី​ការ​ឃុំឃាំង​មក ម្សិលមិញ ក្នុង​សម្ភាសន៍​ទៅ​វិទ្យុ​មួយ បាន​ថ្លែងថា “ទាំង​ការ​បោះឆ្នោត​សភា​កន្លងទៅ ទាំង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃមុខ គឺ​សុទ្ធតែ​ខុសច្បាប់ ពីព្រោះ​រដ្ឋអំណាច​សព្វថ្ងៃ​នៅ​រុស្ស៊ី ជា​អំណាច​មិន​ស្របច្បាប់​ឯណា”។

និយាយពីលោក Serguei Oudaltsov វិញ ដែល​អភ័ព្វ​នៅ​ជាប់​ក្នុង​ការ​ឃុំឃាំង​តទៅទៀត ហើយ​ដែល​ម្សិលមិញ បានត្រូវ​តុលាការ​សង្កាត់​មួយ​នៃ​រដ្ឋធានី​កាត់ទោស​ឲ្យនៅ​បន្ត​ជាប់ ១០ថ្ងៃ​ទៀត គឺ​ដោយយោង​ទៅលើ​សំណុំរឿង​ចាស់ កាលពី​២ខែ​មុន ពោលគឺ​ កាលពី​ថ្ងៃ​២៤តុលា គាត់​បាន​ឈរ​ធ្វើ​បាតុកម្ម​ប្រឆាំង​តែ​ម្នាក់ឯង នៅ​ពីមុខ​ទីស្នាក់ការ​គ.ជ.ប. ហើយ​ពុំព្រម​ដើរចេញ​ទៅតាម​បង្គាប់​ប៉ូលិស។ ការ​កាត់ទោស​ឃុំឃាំង​រូបគាត់​តទៅទៀត ត្រូវ​ប្រធាន​នៃ “ចលនា​ដើម្បី​ការពារ​សិទ្ធិមនុស្ស” នៅ​រុស្ស៊ី លោក Lev Ponomarev ចាត់ទុក​ថា “ខុសច្បាប់” តែម្តង។

សម្រាប់លោក Serguei Oudaltsov ដែល​ជា​អ្នក​ដឹកនាំ​ចលនា​ប្រឆាំង​ឈ្មោះ “រណសិរ្ស​ឆ្វេង” គឺ​គាត់​ច្រានចោល​រាល់​ការ​ចោទប្រកាន់​លើ​រូបគាត់ ហើយ​ដោយ​មិន​ទទួលស្គាល់​សោះឡើយ កំហុស​ខ្លួន​ស្អីណានោះ ក្នុង​២០ថ្ងៃ​កន្លងទៅ គាត់​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួនឯង លុះ​ទាល់តែ​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​អស់​២ដង​ហើយ។ តាម​សម្តី​ប្រពន្ធ​គាត់ គាត់​ស្រក​ទម្ងន់​អស់ ១០​គីឡូក្រាម​ហើយ។ ទោះយ៉ាងនេះក្តី ក្រោយពី​ឮ​សាលក្រម​ម្សិលមិញ ចំពោះ​រូបគាត់ គាត់​បាន​ប្រកាស​ថា ចាប់ពី​អំណើះតទៅ គាត់​នឹង​ធ្វើទុក្ករកិរិយា បង្អត់​ទាំង​ទឹក​ទៅផង។

ឃើញ​សភាពការណ៍​ដូច្នេះ តាំងពី​ម្សិលមិញ​មក តាម​បណ្តាញ Facebook និង ​Twitter មាន​ប្រជាពលរដ្ឋ​ជាង​១.៣០០នាក់​ទៅហើយ ប្រកាស​ថា នៅ​ថ្ងៃ២៩ធ្នូ​ខានស្អែក គេ​នឹង​ទៅ​ជួបជុំ​គ្នា ធ្វើ​មិទ្ទិញ​នៅ​ទីលាន​ចំកណ្តាលក្រុង សម្តែង​សាមគ្គី​ជាមួយ​អ្នកទោស​នយោបាយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ