អានតួអត្ថបទ
កម្ពុជា

សហ​ជីព​អះ​អាង​ថា​ត្រៀម​ត​ទល់​បណ្តឹង​របស់​សមា​គម​រោង​ចក្រ​កាត់​ដេរ

សហ​ជីព​ទាំង​៦ ដែល​ត្រូវ​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា គ្រោង​នឹងដាក់​បណ្តឹង​នោះ បាន​តៀម​ខ្លួន​រួច​ជា​ស្រេច​និង​បាន​ស្វាគមន៍​ចំពោះ​ពាក្យ​បណ្តឹង។ ការ​អះ​អាង​បែបនេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ទទួល​បាន​សិទ្ធិ​ពី​រោង​ចក្រ​ចំនួន ១៧០ ដែល​មាន​បំណង​ប្តឹង​សហ​ជីព​ទាំង​នោះ​ដើម្បី​ឲ្យ​សង​ថ្លៃ​ខូ​ត​ខាត ក្នុង​ពេល​ដែលមាន​បាតុ​កម្ម​កន្លង​មក​។

សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី នឹង​ដង្ហែ​ក្បួន​នៅ​ថ្ងែ​ទី ១ ឧសភា ២០១០
សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី នឹង​ដង្ហែ​ក្បួន​នៅ​ថ្ងែ​ទី ១ ឧសភា ២០១០ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​អះអាង​ថា សហជីព​របស់​លោក​ក៏​ដូច​ជា​សហជីព​ផ្សេង​ទៀត​ដែរ​នឹង​តតាំង​ពាក្យ​បណ្តឹង​នោះ​ប្រសិនបើ​និយោជក​រោងចក្រ​ដាក់ពាក្យ​ប្តឹង​សហជីព​មែន​នោះ ។ លោក​អះអាងថា នេះ​ជា​សិទ្ធិ​របស់​និយោជក ប៉ុន្តែ លោក​បាន​បញ្ជាក់ថា សហជីព​មិនបាន​ញុះ​ញង់​កម្មករ រឺក៏​មាន​ចេតនា​បង្ក​ការ​ខូត​ខាត​ដល់​រោង​ចក្រ​ណា​នោះទេ។

សកម្មជន​សហជីព​រូប​នេះ​បាន​ចាត់​ទុក​ការ​ប្តឹង​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ថា ជា​វិធី​ហួស​សម័យ ដែល​ប្រើ​ប្រព័ន្ធ​តុលា​ការ​ដើម្បី​ដាក់​សម្ពាធ​លើ​សហជីព។ យ៉ាងណា​ក៏​ដោយ​លោក​ក៏បាន​ស្វាគមន៍ ហើយ​ក៏​មិន​រុញ​រា​ក្នុង​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ដែរ។លោក​រ៉ុង ឈុន បាន​បន្ថែមថា សហជីព​គ្មាន​ប្រាក់​ឯណា​ទៅ​សង​នោះទេ ព្រោះ​កន្លងមក​សហជីព​ធ្វើការ​គ្មាន​ប្រាក់កម្រៃ ហើយ​ធ្វើ​ការបម្រើ​ផល​ប្រ​យោ​ជ​ឲ្យ​តែ​កម្មករ ប៉ុណ្ណោះ។

សមាគម​និយោ​ជក​រោងចក្រ​កាត់ដេរ​មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ ប៉ុន្តែ កាសែត​ក្នុងស្រុក បាន​ស្រង់​សម្តី​លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ថា សមាគម​បានទទួល​សិទ្ធិ​ពី​រោងចក្រ​ចំនួន ១៧០ ឲ្យ​ប្តឹង​សហជីព​ទាំងនោះ​ដើម្បី​ទារ​សំណង​ការខូចខាត​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកធ្វើ​បាតុ​កម្ម​ហិង្សា។

លោក ខេន លូ ក៏បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​សហជីព​ទាំង ៦នោះ​រួមមាន សហព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី​ខៅ​ឌូ) សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា សម្ព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សម្ព័ន្ធ​សហជីព​កម្ពុជា។

គួរ​បញ្ជាក់​ថា​កន្លង​មក សហជីព​កម្មករ​ទាំង៦ បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុ​កម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​សមាគម​ថៅកែ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ដំឡើង​ប្រាក់​ឈ្មួ​ល​អប្បមារ​ដល់ក​ម្មករ​ឲ្យ​បាន ១៦០ដុល្លា កាល​ពីដើម​ខែមករា ឆ្នាំ ២០១៤​កន្លង​មក​ថ្មី​ៗ​នេះ។ ក្នុងពេល​បាតុកម្ម​នោះ ក៏មាន​រោងចក្រ​ជាច្រើន​បាន​រង​ការ​វាយ​កំទេច និង​បំផ្លាញ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ