អានតួអត្ថបទ
កម្ពុជា

ប៉ូលីស​បញ្ជូន​ជនសង្ស័យ​ករណី​លួចកោដ្ឋ​ព្រះសា​រីរិកធាតុ​ទៅ​តុលាការ​

ប៉ូលីស​​​បាន​បញ្ជូន​មនុស្ស​៥​នាក់​ដែល​ត្រូវបាន​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​លួច​វត្ថុ​សក្តារៈ​បូជា​នៅ​ក្នុង​​ព្រះសក្យ​មុនី​ចេតិយ​លើ​ភ្នំព្រះរាជទ្រព្យ​ ទៅ​តុលាការ​​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍។ អ្នកនាំពាក្យ​អគ្គ​ស្នងការ​​នគរ​បាលជាតិ​បាន​ប្រាប់អោយដឹងថា តុលាការ​នឹង​បន្ត​និតីវិធី​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​នេះទៀត។

ភំ្នឧត្តុង្គ
ភំ្នឧត្តុង្គ
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ចំណោម​មនុស្ស​៦​នាក់​​ដែល​ជា​ឆ្មាំ​យាមព្រះសក្យ​មុនី​ចេតិយ​នៅលើ​ភ្នំព្រះរាជទ្រព្យ​នោះ ប៉ូលីស​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​ខេត្ត​កណ្តាល​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ការ​សួរ​ចម្លើយ​ពួកគេ។ លោកឧត្តមសេនីយឯក គៀត ​ច័ន្ទ​ថារិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាងថា ក្នុង​ចំណោម​ឆ្មាំ​ទាំង​៦​នាក់ មាន​តែ​ឆ្មាំ​ម្នាក់​ប៉ុណ្ណោះ​ដែលមិន​មាន​ជាប់សង្ស័យ​ក្នុង​ករណី​លួច​កោដ្ឋ​ព្រះសារីរិកធាតុ និង​ព្រះពុទ្ធរូប​នៅ​ក្នុង​ព្រះសក្យ​មុនី​ចេតិយ​នោះ។ លោកមន្ត្រីជាន់ខ្ពស់​របស់​ប៉ូលីស​ជាតិ​បាន​បន្តថា ការ​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​តុលាការ ត្រូវ​បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សួរចម្លើយ និង​ការ​ឆែកឆេរ​ផ្ទះ​របស់ពួកគេ ហើយ​ប៉ូលីស​រកឃើញ​វត្ថុ​សង្ស័យ​មួយ​ចំនួន។

តាំង​ពី​ក្នុង​ដំណាក់កាល​នៃ​ការ​សួរ​ចម្លើយឆ្មាំទាំងនេះ ប៉ូលីស​បាន​ដាក់​ការ​សង្ស័យ​ខ្លាំង​ទៅលើ​ឆ្មាំ​យាម​ទាំង​នេះ។

យោងតាម​ការ​បញ្ជាក់​របស់​លោក គៀត ច័ន្ទ​ថារិទ្ធ តុលាការ​នឹង​បន្ត​នីតិវិធី​ស៊ើបអង្កេត​នេះ ហើយថា​ប៉ូលីស​នៅ​រង់ចាំកិច្ច​សហការ​ជាមួយ​តុលាការ​។

កាល​ពី​យប់​ថ្ងៃទី​៩​ធ្នូ​ កោដ្ឋ​ព្រះ​សារីរិកធាតុ ព្រះពុទ្ធ​អង្គ​៧អង្គ ដែល​មួយ​អង្គ​ជា​របស់​សម្តេច​ឪ​នរោត្តម សីហនុ​​ធ្វើ​អំពី​មាស និង​ថវិកា​ដែល​ដំកល់​នៅ​ក្នុង​ព្រះសក្យ​មុនី​ចេតិយ ត្រូវបាន​ចោរ​លួច។

ព័ត៌មាន​ដែល​មិន​គួរអោយជឿ ស្តី​ការ​បាត់បង់​វត្ថុ​ជា​ទីសក្ការៈ​ទាំងនេះ បាន​ធ្វើ​អោយ​ភ្ញាក់ផ្អើល​នៅ​ទូទាំង​ប្រទេស។ ប្រតិកម្ម និង​ការ​សំដែង​អារម្មណ៍​សោកស្តាយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ និងនិយាយ​តៗគ្នា នៅ​តាម​បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​សង្គម។ ពលរដ្ឋ​ខ្មែរ​គ្រប់រូបកំពុង​បន្ត​តាម​ដាន​ករណី​ចោរកម្ម​ដ៏​គួ​រអោយ​ភ្ញាក់ផ្អើល​មួយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ