អានតួអត្ថបទ
កម្ពុជា​

ខៀវ កាញារីទ្ធ ៖ កម្ពុជា-ថៃ បន្ត​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្លួន​នៅ​ប្រទេស​ថៃ​នៅថ្ងៃ​នេះ។​ យោង​តាមការ​ឲ្យ​ដឹង​របស់​លោក​ ខៀវ​ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងជា​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ កម្ពុជា ​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ថៃ​ ដែល​មាន​លោក​ រួម​នឹង​អ្នក​សារព័ត៌មាន​ជាតិ​ដទៃទៀត​បាន​ធ្វើ​នោះ គឺ​ទទួល​បាន​ជោគជ័យ​ល្អណាស់។

លោក​ ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្ងៃ​ទី ២២ តុលា ២០១០
លោក​ ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្ងៃ​ទី ២២ តុលា ២០១០ © RFI
ផ្សាយពាណិជ្ជកម្ម
06:50

បទ​អន្តរាគមន៍​របស់​ នេត្រ​ ភក្ត្រា​ ពីទីក្រុង​ភ្នំពេញ

លោក​ខៀវ​ កាញារីទ្ធ​ បានលើក​ឡើងថា​ បន្ទាប់ពី​បានជួប​ពិភាក្សា ​និង ផ្លាស់​ប្តូរ​យោបល់​គ្នា​ ភាគី​ទាំងពីរ​ កម្ពុជា-ថៃ​មាន​ការយោគយល់​គ្នា ទាំង​លើ​ស្ថានភាព​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ អ្នក​កាសែត​នៃ​ប្រទេស​​ទាំងពីរ​ ទាំង​ការ​ផ្លាស់ប្តូរ​បទពិសោធ​គ្នាទៅវិញ​ទៅ​មក។​ បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ អ្នក​កាសែត​កម្ពុជា​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់ ​នៅក្នុង​ការធ្វើ​ការងារ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រោយពី​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី ​និង​អ្នក​សារ​ព័ត៌មាន​ ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​-ថៃ​ មាន​ភាព​ប្រសើរ​ឡើង​ ហើយ​មាន​ការយល់គ្នា​ច្បាស់​ទៅ​វិញ​ទៅ​មក។

មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​សន្យា​ថា​ នឹង​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់​ ប្រសិន​បើ​មាន​បញ្ហា​វិវាទ​ធំ​ផ្ទុះ​ឡើង​ រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រសិន​បើ​ជា​ការងារ​ធម្មតា​ នោះ​មន្ត្រី​ទូត​ជា​អ្នក​ដោះស្រាយ​លើ​បញ្ហា​នេះ។​ ជាមួយ​គ្នានេះ​ដែរ​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹង​ថា​ ដំណើរ​ទស្សនកិច្ច​របៀប​នេះ នឹង​ត្រូវរៀប​ចំ​ឡើង​ បន្ត​ទៀត​នៅ​ពេល​ខាងមុខ​ ដោយ​នាំ​អ្នក​កាសែត​ខ្មែរ ​យ៉ាងហោច​ណាស់ ​៤០​នាក់​ទៀត ទៅ​ធ្វើ​ទស្សនកិច្ច​ និង​ផ្លាស់ប្តូរ​បទពិសោធន៍​​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​-ថៃ ​បាន​កំណត់​ថា​វិស័យ​ព័ត៌មាន​ មាន​សារៈ​សំខាន់​ណាស់។ អ្នក​សារព័ត៌មាន​ជា​អ្នក​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ និង​ជួញ​បន្ថយ​ភាពតាន​តឹង។​

លោក ខៀវ​ កាញារីទ្ធ ​លើក​ឡើង​ថា ​នាយក​រដ្ឋមន្ត្រី​ថៃ ​អាភីស៊ីត ​មាន​ការរីករាយ​ដែល​បាន​ឃើញ​ថា ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​បាន​ប្រសើរ​ឡើង​វិញ ជា​ពិសេស​ គឺ​ការ​ដែល​បាន​ចាប់​ផ្តើម​ពី​ក្រសួង​ព័ត៌មាន​ និង​អ្នកសារព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ​ជួប​ប្រាស្រ័យ​គ្នា។ ​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត​ ក៏​បាន​លើក​ឡើង​ថា ការ​ជួប​គ្នា​រវាង​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​សហរដ្ឋ​អាមេរិក ​និង​នៅ​បែលហ្ស៊ិក ​គឺ​ទទួល​បាន​លទ្ធផល​ល្អ ហើយ​លោក​សង្ឃឹម​ថា​ ការ​ជួប​លើក​ទី ៣​ នេះ​ កាន់​តែ​មាន​ផល​ប្រយោជន៍​ច្រើន​ថែម​ទៀត។ ជំនួប​លើក​ទី ៣​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ​ប្រទេស​វៀតណាម ​នៅ​ចុង​ខែ​តុលា​នេះ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ដល់​គណៈប្រតិភូ​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន។​ ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​អាភីស៊ីត​ វេចាជីវ៉ា ​និង​លោក​ កាស៊ីត ​ភិរម្យ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ សុទ្ធ​តែ​បាន​អះអាង​ថា ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-ថៃ លើ​បញ្ហា​ជម្លោះ​ព្រំដែន ​ទាំងបី​លើក​នឹង​ដាក់​ចូល​ទៅ​កាន់​រដ្ឋសភា​ថៃ អនុម័ត​នា​សប្តាហ៍​ក្រោយ គឺនៅ​ថ្ងៃ​ទី​ ២៦ ​តុលា។ ហើយ​ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​ ប្រសិន​បើ​កិច្ច​ព្រមព្រៀង​ទាំងបី ​ត្រូវ​បាន​សភា​ថៃ​ផ្តល់​សច្ចាប័ន​ នោះ​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ ការ​កែ​សម្រួល​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ការដោះ​មីន​តាម​បណ្តោយ​ព្រំដែន​នឹង​មិន​ជាប់​គាំង​ត​ទៅ​ទៀត​ឡើយ។

         សង្គ្រាម​ពាក្យ​សម្តី​ និង​ការទូត​រវាង​កម្ពុជា ​និងថៃ ​ហាក់ដូច​ជា​បាន​បិទ​បញ្ចប់​ទៅ​ហើយ។​ ឥឡូវ​នេះ​កម្ពុជា ​និង​ថៃ​មាន​តែ​ការ​ពិភាក្សា​គ្នា​ថា ​តើ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ​អាច​រស់នៅ​​ដោយ​សុខសាន្ត ​ក្នុងនាម​ជា​អ្នក​ជិត​ខាង​ល្អ។ ​ជារួម​ រូបភាព​រវាង​ប្រទេស​កម្ពុជា ​និង​ថៃ​មាន​ការ​ផ្លាស់ប្តូរ​ គឺ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​ មាន​ន័យ​ថា​ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​និយាយ​រក​គ្នា ​និង​ធ្វើការ​ជាមួយ​គ្នា ​ហើយ​កម្ពុជា ​និង​ថៃ​ ក៏​គ្មាន​ទំនាស់​ការទូត​អ្វី​ទៀត​ដែរ។​ ក៏​ប៉ុន្តែ​ ខ្លឹមសារ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ ​ខណៈ​ដំណោះស្រាយ​លើ​ទំនាស់​ព្រំដែន​មិនទាន់​មាន ​ហើយ​កង​ទាហាន​ថៃ​ឈ្លានពាន​នៅ​តែ​បន្ត​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​កម្ពុជា។

ទោះយ៉ាងណា​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​មាន​សុទិដ្ឋិនិយម​ថា ​ជំហាន​ទី​១​ គឺ​រូបភាព​នយោបាយ​នៃ​ប្រទេស​ទាំងពីរ​ផ្លាស់ប្តូរ ​ហើយ​បន្តបន្ទាប់ ​គឺ​ខ្លឹមសារ​លើ​ដំណោះស្រាយ​ព្រំដែន​ក៏​នឹង​មាន​ដែរ ​ជាពិសេស​គេ​ទន្ទឹង​រង់ចាំ​មើល​ថ្ងៃ​ទី ​២៦ ​ខែ​តុលា ​ប្រសិន​បើ​រដ្ឋសភា​ថៃ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​រួម ​នោះ​ខ្លឹមសារ​លើ​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំ​ប្រទល់​ដែន​រវាង​ប្រទេស​ទាំងពីរ ​នឹង​ពិត​ជា​មាន​ការ​ផ្លាស់ប្តូរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ