អានតួអត្ថបទ
ថៃ

មេដឹកនាំ​អាវក្រហម​ជាប់ចោទ​ពីបទ​ភេរវកម្ម​បន្ត​ដេក​ក្នុង​គុក

កាល​ពីថ្ងៃ​អង្គារ ម្សិលមិញ​នេះ តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​​សម្រេច​​បដិសេធ​មិន​ដោះលែង​​មេដឹកនាំ​អាវក្រហម​ ដែល​ជាប់ចោទ​ពីបទ​ភេរវកម្ម ឲ្យ​ស្ថិត​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​នោះទេ។ សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ពួក​អាវក្រហម​ ដែល​មក​ប្រមូល​ផ្តុំ​គ្នា​មុខ​អគារ​តុលាការ ផ្ទុះកំហឹង​យ៉ាងខ្លាំង។ នៅថៃ “ភេរវកម្ម” គឺ​ជា​បទឧក្រិដ្ឋ​ដែល​អាច​ទទួលទោស​ប្រហារជីវិត។

ពួក​អាវក្រហម​រារាំង​រថយន្ត​ដឹក​មេដឹកនាំ​របស់​ពួកគេ​ទៅ​គុក​បាងកក
ពួក​អាវក្រហម​រារាំង​រថយន្ត​ដឹក​មេដឹកនាំ​របស់​ពួកគេ​ទៅ​គុក​បាងកក ©Reuters
ផ្សាយពាណិជ្ជកម្ម

02:10

សេចក្តីរាយការណ៍​របស់ សេង ឌីណា

មេដឹកនាំ​អាវក្រហម​​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស កាល​ពីថ្ងៃ​ទី​១៩ ឧសភា ក្រោយ​ពី​ទាហាន​ថៃ​បើក​ការ​បង្រ្កាប​លើ​បាតុកម្ម​​អាវក្រហម។ មេដឹកនាំ​អាវក្រហម​ទាំងនេះ​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ខ្លួន នៅ​ក្នុង​បន្ទាយ​យោធា​មួយ​។ យោង​តាម​ច្បាប់​ស្តីពី​ការ​ដាក់​ក្រុង​បាងកក​ឲ្យ​​ស្ថិត​ក្នុង​ភាព​អាសន្ន អាជ្ញាធរ​ថៃ​មាន​សិទ្ធិ​ឃុំ​ខ្លួន​​មេដឹកនាំ​អាវក្រហម​រយៈពេល ៣០​ថ្ងៃ ដោយ​មិនចាំបាច់​មាន​ដីកា​ពីតុលាការ។ រយៈពេល ៣០​ថ្ងៃ​នេះ​នឹង​ត្រូវ​ផុត​ នៅថ្ងៃសុក្រ ទី១៨ មិថុនា។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​បដិសេធ​មិន​ដោះលែង​មេដឹក​នាំ​អាវក្រហម​ទាំង​ ១១​នាក់​នេះ ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះទេ ហើយ​បាន​សម្រេច​បញ្ជូន​ពួក​គេ​ចេញ​ពី​បន្ទាយ​ទាហាន ​យក​ទៅ​ឃុំ នៅ​ក្នុង​គុក​​បាងកក​វិញ។

ពួក​អាវក្រហម​រាប់រយ​នាក់ ដែល​បានទៅ​ប្រមូល​ផ្តុំគ្នា​ នៅ​ក្រៅ​សាល​សវនាការ ដើម្បី​ចាំ​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ បាន​ផ្ទុះកំហឹង​យ៉ាងខ្លាំង​ចំពោះ​ការ​សម្រេច​បន្ត​ឃុំខ្លួន​មេដឹកនាំ​របស់​ពួកគេ ហើយ​បាន​នាំគ្នា​ព្យាយាម​រារាំង​ក្បួន​រថយន្ត​ដឹក​មេដឹកនាំ​អាវក្រហម​ចេញ​ទៅ​គុក​បាងកក។ ក៏ប៉ុន្តែ ការ​រារាំង​នេះ​​ត្រូវ​បរាជ័យ​ដោយ​មាន​អន្តរាគមន៍​ពី​ប៉ូលិស។ មាន​ពួក​អាវក្រហម​ខ្លះ​បាន​ប្តេជ្ញាថា​នឹង​បន្ត​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តទៅទៀត បើ​ទោះជា​គ្មាន​មេដឹកនាំ​ក៏ដោយ។ មេធាវី​របស់​មេដឹកនាំ​អាវក្រហម​បាន​​ប្រកាសថា​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​បន្ត​ឃុំខ្លួន​មេដឹកនាំ​អាវក្រហម​ទាំង ១១​នាក់នេះ។

គួរ​បញ្ជាក់ថា មេដឹកនាំ​អាវក្រហម​ចំនួន ១៣​នាក់ ត្រូវ​ជាប់ចោទ​ពី​បទភេរវកម្ម។ ក្នុង​ចំណោម​មេដឹកនាំ​ទាំង ១៣​នាក់នេះ មាន​២​នាក់ ជា​តំណាង​រាស្រ្ត​មកពីគណបក្ស​ភឿថៃ ហើយ​ដែល​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន កាល​ពី​សប្តាហ៍​មុន។ នៅ​ប្រទេស​ថៃ ភេរវកម្ម​ គឺ​ជា​បទឧក្រិដ្ឋ​ដែល​អាច​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

សូម​រំឭក​ឡើងវិញ​ថា ពួក​អាវក្រហម ដែល​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម រយៈពេល ២ខែ នៅ​បាងកក ដើម្បី​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​រំលាយសភា ហើយ​រៀបចំ​បោះឆ្នោត​ឡើងវិញ។ បាតុកម្ម​នេះ​ត្រូវ​ទទួល​រង​នូវ​ការ​បង្រ្កាប​​យ៉ាង​ធ្ងន់ធ្ងរ​ ពី​សំណាក់​កងទ័ព​ថៃ រហូត​បណ្តាល​ឲ្យ​មនុស្ស​ ៩០​នាក់​ស្លាប់ និង​ជិត​២ពាន់​នាក់​ផ្សេង​ទៀត​រងរបួស។
នៅពេលនេះ បាតុកម្ម​ត្រូវ​បញ្ចប់។ ស្ថានភាព​នៅ​បាងកក​បាន​ត្រឡប់​មក​រក​ប្រក្រតីភាព​ឡើងវិញ។ ក៏ប៉ុន្តែ ស្នាម​របួស​ និង​ភាព​បែកបាក់​ ក្នុង​សង្គមថៃ នៅតែ​មាន​ទំហំ​ធំធេង​ដដែល ដែល​ពិបាក​នឹង​ផ្សះផ្សារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ