អានតួអត្ថបទ
កម្ពុជា

និពន្ធ​នាយក​កាសែត​រស្មីកម្ពុជា​ដ៏ធំ​ជាងគេ​នៅ​កម្ពុជា​ប្រឈម​នឹង​ពាក្យបណ្តឹង

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​សៀមរាប​ប្តឹង​និពន្ធនាយក​និង​អ្នកយកព័ត៌មាន​កាសែតរស្មី​កម្ពុជា​ពីបទ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន។ លោក ប៉ែន សមិទ្ធិ និពន្ធនាយក​កាសែតរស្មី​កម្ពុជា​ និង​ជាប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ​​ដែល​រងការ​ចោទ​ប្រកាន់​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់។

កាសែត​រស្មី​កម្ពុជា​ដែល​ទទួលរង​ការ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍
កាសែត​រស្មី​កម្ពុជា​ដែល​ទទួលរង​ការ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

ដោយសារ​អត្ថបទ​ពីរ​របស់​ខ្លួន លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក ​និង​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា ​ទទួល​រងការ​ប្តឹងផ្តល់​​ពី​សំណាក់​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​សៀមរាប ​គឺ​​លោក ទី សុវិនថាល់​ ពី​បទ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន។ ​នេះបើយោង​តាម​ការ​បញ្ជាក់​របស់​លោក ប៉ែន សមិទ្ធិ​ ដែល​ជា​ប្រធាន​​ក្លឹប​អ្នកកាសែត​កម្ពុជា​ផង។

សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​​បាន​បញ្ជាក់​ថា លោក ព្រះ​រាជអាជ្ញា​ ទី សុវិនថាល់ ​បាន​យក​អត្ថបទ​ចំនួន​ពីរ​ ដែល​ចុះ​ផ្សាយ​ក្នុង​កាសែតរស្មី​កម្ពុជា​ មក​ធ្វើ​ជា​មូលហេតុ​នៃ​ការ​ប្តឹង។ អត្ថបទ​ទី​មួយ​មាន​ចំណងជើង​ថា “មាន​ការ​លួច​បំផ្លាញ​វត្ថុតាង​សសរ​បេតុង​ចាក់​ស្រោប​លើ​ឈើ​ក្រញូង​ពី​ក្នុង” ចុះផ្សាយ​កាល​ពី​ខែ​កក្កដា​កន្លងមក ​និង​​អត្ថបទ​ទីពីរ​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពីខែ​តុលា​កន្លងមក​ មាន​ចំណងជើង​ថា “បទល្មើស​ព្រៃឈើ​នៅ​សៀមរាប​កើត​ឡើង​ដោយ​គ្មាន​ការ​បង្រ្កាប”។

ទាក់ទង​ទៅ​នឹង​ពាក្យ​បណ្តឹ​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្លឹប​អ្នកកាសែត​កម្ពុជា​យល់​ឃើញ​ថា អត្ថបទ​ទាំងពីរ​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​រស្មីកម្ពុជា​ គឺ​គ្មាន​ចំណុច​ណា​មួយ​ដែល​ត្រូវ​ប្តឹង​និង​ចោទ​ប្រកាន់​ពីបទ​បរិហារកេរ្តិ៍​នោះ​ឡើយ​ ពីព្រោះ​សំណេរ​របស់​អ្នកនិពន្ធ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ ពោល​គឺ​សរសេរ​​ដោយយោង​តាម​ព័ត៌មាន​ជាក់ស្តែង​ និង​ដកស្រង់​សម្តី​អ្នក​ពាក់ព័ន្ធ​ទាំងអស់។

លោក ហង្ស​ ចក្រា និពន្ធ​នាយក​កាសែត​ខ្មែរ​​ម្ចាស់​ស្រុក ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​ដោយសារ​ការ​ចោទ​ប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ បាន​បញ្ចេញ​មតិ​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់ក្លឹប​អ្នក​កាសែត​កម្ពុជា។

ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​អំពាវ​នាវ​ដោយ​ទទូច​ដល់​សាលា​ដំបូង​ខេត្ត​សៀមរាប​អោយ​យក​ច្បាប់​របប​សារព័ត៌មាន​មក​អនុវត្ត​ចំពោះ​ក្តី​នេះ ​និង​ប្រើប្រាស់​សុភនិច្ឆ័យ​ ដើម្បី​ធានា​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិនត្រូវ​បាន​គេ​រំលោភ​ ហើយ​និពន្ធនាយក​កាសែត​រស្មី​កម្ពុជា​ត្រូវ​ទទួល​បាន​យុត្តិធម៌។

លោក ប៉ែន សមិទ្ធិ និពន្ធនាយក​កាសែតរស្មី​កម្ពុជា ​និង​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ដែល​រងការ​ចោទ​ប្រកាន់ ​បាន​ប្រកាស​នៅថ្ងៃ​សៅរ៍​នេះ​ថា​ លោក​​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ លោក​បន្ត​បញ្ជាក់​ទៀត​ថា ប្រសិនបើ​កាសែត​មិនមាន​ភស្តុតាង ​គាត់​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ប៉ុន្តែ​ ប្រសិន​បើ​គាត់​ឈ្នះ​វិញ លោក​ព្រះរាជ​អាជ្ញា​ក៏​ត្រូវ​តែ​ហ៊ាន​ទទួល​ខុស​ត្រូវ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ