អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បញ្ចេញ​ប្រតិកម្ម​លើកទី២​តប​នឹង​ការ​រិះគន់​ករណី ម៉ម សូណង់ដូ

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ​ដោយ​អះអាង​ថាករណី​របស់​លោកម៉មសូណង់ដូគឺ​ជា​រឿងក្តី​ឧក្រិដ្ឋ តែ​មិនមែន​ជា​រឿង​នយោបាយ​ទេ។នេះ​ជា​ប្រតិកម្ម​លើក​ទី២​ហើយ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ក្នុង​សប្តាហ៍​នេះ​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​ទៅ​លើ​ការ​កាត់ទោស​លោក ម៉ម សូណង់ដូ។ កាលពី​ថ្ងៃ​អង្គការ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​កែវរ៉េមីក៏​បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​សន្និសីទកាសែត​មួយ​ដែរ​ដើម្បី​បំភ្លឺ​ករណី​នេះ។

ក្រុម​បាតុករ​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ
ក្រុម​បាតុករ​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា ករណី​របស់​លោកម៉មសូណង់ដូគឺ​ជា​រឿងក្តី​ឧក្រិដ្ឋ តែ​មិនមែន​ជា​រឿង​នយោបាយ​ទេ។សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថាប្រទេស​កម្ពុជាគឺ​ជា​សង្គម​ប្រជាធិបតេយ្យ​បើក​ចំហ និង​គោរព​នីតិវិធី​ច្បាប់​ត្រឹមត្រូវតែ​ក្នុង​នាម​ជា​នីតិរដ្ឋ​កម្ពុជា​ត្រូវ​តែ​អនុវត្តន៍​នីតិវិធី​ច្បាប់​របស់​ខ្លួនដោយ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​អបគមន៍​បាន​ទេ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បន្ត​ថា ករណី​របស់​លោកម៉មសូណង់ដូនិង​គូកន​របស់​គាត់មិនមែន​ជា​រឿង​សេរីភាព​សម្តែង​មតិហើយ​ក៏​មិន​ទាក់ទង​នឹង​ឯករាជ្យ​ភាពឬ​អព្យាក្រឹតភាព​របស់​តុលាការ​ដែរ។សេចក្តីថ្លែងការណ៍​បាន​ពន្យល់​ថាតុលាការ​បាន​សម្រេច​សេចក្តី​ករណី​លោក​ម៉មសូណង់ដូ​ដោយ​ផ្អែក​លើ​ភស្តុតាង​យ៉ាង​ជាក់ស្តែង។

 
លោក​ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ អាយុ ៧២ឆ្នាំ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​កាលពី​ថ្ងៃទី១ ខែតុលា​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​ក្រោម​បទចោទប្រកាន់​ថា ជា​មេខ្លោង​នៃ​ចលនា​បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ភូមិ ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ។ ការ​ផ្តន្ទាទោស​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន។ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប គណបក្សប្រឆាំង អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ដើម្បី​រិះគន់​ប្រព័ន្ធតុលាការ​កម្ពុជា​ថា មិន​ឯករាជ្យ និង​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ។ ក្រុម​អ្នក​រិះគន់​សុទ្ធ​តែ​បាន​សម្តែង​ការ​ព្រួយបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូរ​ជា​បន្ទាន់។ ក៏​ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ពន្យល់​ថាអ្នក​នៅ​ខាងក្រៅ​ងាយណាស់​ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។ សេចក្តី​ថ្លែងការណ៍​ទាំង​នោះ​ទៀត​សោត ​មាន​គោលដៅ​ប៉ុនប៉ង​ជះឥទ្ធិពល​លើ​តុលាការ​កម្ពុជាដែល​ធ្វើ​ឲ្យ​ខូច​ដល់​ឯករាជ្យនិង​អព្យាក្រឹតភាព​របស់​តុលាការ។

នេះ​ជា​លើកទី២​ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ ដែល​រដ្ឋាភិបាល​បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ​ចំពោះ​ករណី​លោក​ម៉ម សូណង់ដូ។ កាលពី​ថ្ងៃ​អង្គារ លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​តាមរយៈ​សន្និសីទ​កាសែត​មួយ​ដោយ​លោក​បាន​ហៅ​ប្រតិកម្ម​គាំទ្រ​លោក​ម៉ម​សូណង់ដូ ថា​ជា​ការ​បង្កើត​វប្បធម៌​គាំទ្រ​អ្នកទោស ហើយ​បែរ​ជា​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់​ទៅ​វិញ។ បីថ្ងៃ​ក្រោយ​មក​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ