អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ៖ ព្រះរាជវង្សានុវង្ស​មិនគួរ​ធ្វើ​នយោបាយ​ទេ

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបញ្ជាក់​​ជា​ថ្មីថា ព្រះអង្គ​នឹង​មិន​វិលត្រលប់ ទៅធ្វើ​នយោបាយ​វិញ​ទេ។ រីឯព្រះរាជវង្សានុវង្ស ក៏គួរតែ​ស្ថិត​នៅ​អព្យាក្រឹត និង​រួបរួម ជុំវិញ​ព្រះរាជបល្ល័ង្ក។ ព្រះបន្ទូល​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យ៉ាងដូច្នេះ បាន​ធ្វើឡើង នៅ​ពេ​ល​ដែល​ព្រះអង្គម្ចាស់ក្សត្រិយ នរោត្តម អរុណរស្មី ព្រះរាជបុត្រីពៅ​របស់​សម្តេចព្រះ នរោត្តម សីហនុ នឹង​ត្រូវ​យាង​ទៅ​គង់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ខែ​​កក្កដា។

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ (រូបថតឯកសារ)
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ (រូបថតឯកសារ) ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សព្វថ្ងៃ មានតួនាទីជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី។ ក្នុងបទសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជា កាលពី​ថ្ងៃពុធ ព្រះអង្គបាន​បញ្ជាក់ជាថ្មី​ថា ព្រះអង្គនឹងមិនវិលត្រលប់ ចូលប្រឡូក​ក្នុងនយោបាយ​វិញ​ទេ។

សម្តេចក្រុមព្រះ ក៏បានលើកឡើងថា ព្រះរាជវង្សានុវង្ស នៅពេលនេះ ក៏ពុំគួរធ្វើ​នយោបាយ​ឡើយ។ ព្រះរាជវង្សានុវង្ស ត្រូវស្ថិតនៅអព្យាក្រឹត ហើយរួបរួមគ្នា ជុំវិញរាជបល្ល័ង្ក និងជុំវិញ​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ ក្នុងព្រះបរមរាជវាំង។

បន្ទូលដូច្នេះ ក៏ត្រូវបានសម្តេចក្រុមព្រះ ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ដែលជាព្រះអនុជរបស់ព្រះអង្គ។ ព្រះរាជបល្ល័ង្ក ក៏ត្រូវប្រមែ​ប្រមូល​អ្នក​រាជានិយម។

ព្រះបន្ទូលរបស់សម្តេចក្រុមព្រះដូច្នេះ ចំពេលគណបក្សហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ បានយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួម​ការ​បោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដា។

សម្តេចក្រុមព្រះ បានលើកឡើងថា សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ពុំគួរយាង​ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទេ។ តាមព្រះអង្គ ទាំងសម្តេចព្រះអនុជ និងទាំងលោក ញឹក ប៊ុនឆៃ គឺមិនអាចស្រោចស្រង់ ឲ្យហ៊្វុនស៊ិនប៉ិច ថ្កុំថ្កើងឡើងវិញឡើយ។ ដូច្នេះគួរ​ទុកជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបាន​សច្ចា ​ចំពោះព្រះបរមសពសម្តេចឪ សម្តេចតា ព្រះមហាក្សត្រ សម្តេចម៉ែ ម្តងជាពីរដង ក្នុងការថែរក្សានូវព្រះរាជបល្ល័ង្ក។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១កុម្ភៈ ក្នុងពេលជូនព្រះរាជដំណើរ​ព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងព្រះអនុជ អរុណរស្មី ទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិ​ប​ត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច  បាន​ចាត់ទុកបន្ទូល​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថាជាការ​រារាំង​មិន​ឲ្យ​សមាជិក​រាជវង្សានុវង្ស ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​។​

លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ដោយសារតែ​សម្តេចក្រុមព្រះ ពុំមាន​ឱកាស​វិល​មក​ដឹកនាំ​ ហ្វ៊ុនស៊ិនប៉ិច ទើបព្រះអង្គលើកឡើងដូច្នេះ។

គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជ នៅថ្ងៃទី២៣មីនា ដើម្បីថ្វាយឋានៈប្រធានដឹកនាំ ដល់សម្តេចព្រះរាជបុត្រី អរុណរស្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ