អានតួអត្ថបទ
កូរ៉េខាងត្បូង

បេសកម្ម​របស់​អ្នករាយការណ៍ពិសេស អ.ស.ប. ទៅ​​កូរ៉េខាងត្បូង​ដើម្បី​​និយាយ​រឿង​ប្រកាន់ពូជសាសន៍ និង​ការរើសអើង

លោក​មុយទុយម៉ា រូទីរ៉េ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការ​ប្រកាន់​ពូជសាសន៍​ បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ ដើម្បី​និយាយ​ពី​បញ្ហា​ប្រកាន់​ពូជសាសន៍ និង​ការ​រើសអើង។ បេសកម្ម​របស់​លោក​រូទីរ៉េ​នឹង​ជួយ​ដាស់​ស្មារតី​កូរ៉េខាងត្បូង​ឲ្យ​ ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​បំបាត់​ភាព​រើសអើង និង​ប្រកាន់​ពូជសាសន៍។ គួរ​ជម្រាប​ជូន​ថា កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​គេ​ថា មាន​ការ​ប្រកាន់​ពូជសាសន៍ និង​ជាតិនិយម​ជ្រុល។

លោកមុយទុយម៉ា រូទីរ៉េ អ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការ​ប្រកាន់ពូជសាសន៍
លោកមុយទុយម៉ា រូទីរ៉េ អ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការ​ប្រកាន់ពូជសាសន៍
ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពី​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ទេ កូរ៉េខាងត្បូង​ក៏​ជា​ប្រទេស​មួយ​ដែល​គេ​មិន​សូវ​ឃើញ​មាន​ជនជាតិ​ណា​ផ្សេង​រស់នៅ​លាយឡំ​ជាមួយ​ណាស់ ពោល​គឺ​មាន​ច្រើន​តែ​ជាតិកូរ៉េ​គ្នា​ឯង។ នេះ​មិន​មែន​មាន​ន័យ​ថា កូរ៉េខាងត្បូង​មិន​ទទួល​ជនបរទេស​នោះ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ពួក​ជនបរទេស​ដែល​រស់នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ស្វាគមន៍​ដោយ​ស្មោះត្រង់ រាក់ទាក់​ប៉ុន្មាន​ទេ។ តើ​នេះ មិន​មែន​ជា​កាយវិការ​មួយ​ដែល​មាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍ និង​រើសអើង​ចំពោះ​ជនបរទេស​ទេ ឬ​យ៉ាង​ណា ឬ​មួយ​ក៏​ថា​សម្រាប់​ប្រជាជន​កូរ៉េ​ទូទៅ វា​ជា​កាយវិការ​ធម្មតា​ដែល​គេ​មិន​បាន​ថ្លឹងថ្លែង​ជា​មុន?

លោក​គីម យីយុន អ្នកស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន​សិក្សានយោបាយ​ក្នុង​ក្រុង​សេអ៊ូល​បាន​ធ្វើ​អត្ថាធិប្បាយ​ថា មាន​មនុស្ស​ខ្លះ​មិន​បាន​យល់​ថា អ្វី​ទៅ​ជា​កាយវិការ និង​ពាក្យសម្តី​ដែល​គួរ​ធ្វើ និង​និយាយ ហើយ​មិន​គួរ​ធ្វើ និង​មិន​គួរ​និយាយ​នោះ។ ម្យ៉ាង​ទៀត ក៏​មាន​អ្នក​ខ្លះ​ថែម​ទំាង​មិន​បាន​ដឹង​អំពី​និយមន័យ​​ពិតប្រកាដ​​របស់​ពាក្យ​ប្រកាន់​ពូជសាសន៍​ផង​ក៏​មាន ឬ​មួយ​ដឹង​ដែរ តែ​បើ​ជា​ធ្វើ​មិន​ដឹង​ទៅ​វិញ។ មាន​ការ​រើសអើង​ខ្លះ​ត្រូវ​បាន​ធ្វើ​ដោយ​ចេតនា ដូច​ជា​ការ​ផ្តល់​ប្រាក់​ខែ​ឲ្យ​ជនអន្តោប្រវេសន៍​តិច​ជាង​ជនជាតិ​កូរ៉េខាងត្បូង​ដែល​ធ្វើ​ការងារ​ដូច​គ្នា ឬ​មួយ​ក៏​ផ្តល់​ការងារ​មិនចំ​ជំនាញ​ឲ្យ​ជនអន្តោប្រវេសន៍​ជា​ដើម។ ការ​ប្រកាន់​ពូជសាសន៍ និង​ការ​រើសអើង​មិន​មែន​មាន​តែ​នៅ​ក្នុង​ស្រទាប់​មហាជន​សាមញ្ញ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅ​ក្នុង​ជួរ​អ្នក​នយោបាយ​ផង​ដែរ។ ជាក់ស្តែង​លោកស្រី យ៉ាស្មីន លី​ដែល​ជា​ជនជាតិ​កូរ៉េ​មាន​ដើមកំណើត​ហ្វីលីពីន បាន​ទទួល​ការ​វាយប្រហារ​យ៉ាង​អាម៉ាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ​ដែល​លោក​មុយទុយម៉ា រូទីរ៉េ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​ទៅ​កូរ៉េខាងត្បូង​ក្នុង​បំណង​ជួយ​ដាស់​ស្មារតី​រដ្ឋាភិបាល​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​បំបាត់​ភាព​រើសអើង និង​ប្រកាន់​ពូជសាសន៍។ គេ​សង្ឃឹម​ថា ជាមួយ​នឹង​ការ​បំលាស់ទី​របស់​ប្រជាជន​កូរ៉េខាងត្បូង​ទៅ​បរទេស និង​ការ​ហូរចូល​ជនបរទេស​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​កូរ៉េខាងត្បូង អ្វីៗ​នឹង​អាច​ផ្លាស់ប្តូរ​ឆាប់ៗ​នា​ពេល​ខាង​មុខ។ បើ​គិត​ចន្លោះ​ឆ្នំា ២០០៦ និង ២០១៣ ជនបរទេស​ដែល​រស់នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​បាន​កើន​ពី ៥០០ ០០០ ទៅ ១ ៤៥០ ០០០នាក់ ពោល​ស្មើ​នឹង ៣% នៃ​ប្រជាជន​កូរ៉េខាងត្បូង​ទំាង​អស់។ របាយការណ៍​របស់​លោក​មុយទុយម៉ា រូទីរ៉េ​ស្តីពី​​បញ្ហា​ប្រកាន់​ពូជសាសន៍ និង​រើសអើង​នៅ​កូរ៉េខាងត្បូង​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នា​ឆ្នំា ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ