អានតួអត្ថបទ
កម្ពុជា

និស្សិត​និយាយ​ភាសា​បារាំង​ប្រកួត​ចំណេះដឹង​ទូទៅ​ ថ្ងៃ​ទី​៣​មិនា​

ទី​ភ្នាក់ងារ​ឧត្តម​សិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង (AUF) នឹង​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ ​ដែល​មាន​ឈ្មោះថា «Concours Dynamique» នៅ​រសៀល​ថ្ងៃអាទិត្យ ​ទី៣ ខែ​មិនា​នេះ​ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (សាលា​តិច​ណូ)។ និស្សិត​ដែល​មក​ពី​សាកល​វិទ្យាល័យ​ដែល​ប្រើប្រាស់​ភាសា​បារាំង​​ចំនួន​៨ វិទ្យាល័យ​ចំនួន២ និង​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល​១ នឹង​ចូលរួម​ប្រកួត​ចំណេះដឹង​ទូទៅ​ និង​ការសម្តែង​រឿង​ខ្លីៗ​ជា​ភាសា​បារាំង។ ជ័យលាភី​ថ្នាក់​ជាតិ​នឹងត្រូវ​ចូលរួម​ក្នុងការ​ប្រកួត​ថ្នាក់​តំបន់ ​នៅ​​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម​ នៅ​ចុងខែ​មិនា​នេះ។

ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ ​ឈ្មោះថា «Concours Dynamique»  កាល​ពី​ឆ្នាំ​ ២០១២
ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ ​ឈ្មោះថា «Concours Dynamique» កាល​ពី​ឆ្នាំ​ ២០១២ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច​ណាស់ ​សិស្ស និស្សិត​ដែល​និយាយ​ភាសា​បារាំង​ចំនួន​៨០​នាក់ ​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​ ចំណេះដឹង​ទូទៅ​ថ្នាក់​ជាតិ​មួយ ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី៣ មិនា​នេះ​ នៅ​​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (សាលា​តិចណូ)។ ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ជា​ភាសា​បារាំង ហើយ​ដែល​មាន​ឈ្មោះ​ថា Concours Dynamique ត្រូវ​បាន​រៀបចំ​ឡើង​លើក​ទី៣​ហើយ ដោយ​ទី​ភ្នាក់ងារ​ឧត្តម​សិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង Agence Universitaire de la Francophonie។

មាន​វិញ្ញាសា​​២ ​ដែល​នឹង​ត្រូវ​រៀបចំ​ នៅ​ក្នុង​ការប្រកួត​នេះ។ វិញ្ញាសា​ទី​មួយ​ដែល​ជា​ការ​សម្តែង​ទេពកោសល្យ ​មាន​បេក្ខជន​​៤៨​នាក់ និង​វិញ្ញាសា​ទី​២​ដែល​មាន​បេក្ខជន​២៤នាក់​នោះ គឺ​ការ​ប្រកួតប្រជែង​លើ​​ចំណេះដឹង​លើ​ភាសា​បារាំង និង​ចំណេះដឹង​ទូទៅ។ មាន​មនុស្ស​ប្រមាណ​៤០០នាក់​ដែល​គ្រោង​នឹង​ចូលរួម​ទស្សនា​ការ​ប្រកួត​ប្រជែង​នេះ។

លោក ​សុខ គួង ប្រធាន​សមាគម​អ្នក​និយាយ​ភាសា​បារាំង ​និង​ជា​ប្រធាន​នាយកដ្ឋាន​ការងារ​ភាសា​បារាំង​នៃ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង ​បាន​ពន្យល់ថា ការរៀបចំ​ប្រកួត​ប្រជែង Concours Dynamique នៅ​កម្ពុជា​នេះ គឺ​ទីមួយ ដើម្បី​អោយ​សិស្ស​និស្សិត​ដែល​និយាយ​ភាសា​បារាំង ​អាច​បញ្ចេញ​សមត្ថភាព​និង​ទេពកោសល្យ​របស់​ពួកគេ ​ជា​ភាសា​បារាំង ដែល​មិនមែន​ជា​ភាសា​ដែល​គ្រាន់តែ​រៀន​នៅក្នុង​ថ្នាក់​រៀន​ប៉ុណ្ណោះ​ទេ។ ទី២ វេទិកា​ប្រកួតប្រជែង​នេះ ក៏​នឹង​ក្លាយ​ជា​ទីកន្លែង​នៃ​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​ និង​បង្កើត​​ទំនាក់ទំនង​រវាង​និស្សិត​និង​សិស្ស ​មកពី​គ្រប់​មហាវិទ្យាល័យ​ដែល​សិក្សា​ភាសា​ និង​ជំនាញ​ជា​ភាសា​បារាំង។ និង​ទី៣ នៅ​ពេលដែល​កម្ពុជា​ជ្រើសរើស​បាន​ជ័យលាភី​ថ្នាក់ជាតិ​ហើយ​នោះ ជ័យលាភី​នោះ​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ថ្នាក់​តំបន់។

ការ​ប្រកួត​ថ្នាក់​តំបន់​ដែល​នឹង​ប្រព្រិត្ត​ទៅ​នៅ​ចុងខែ​មិនា​ នៅ​ទីក្រុង​ហូជីមិញ​ ​ប្រទេស​វៀតណាម នឹង​មាន​ការ​ចួលរួម​ពី​ជ័យលាភី​មក​ពី​ប្រទេស​វៀតណាម ឡាវ ម៉ាឡេស៊ី ចិន និង​កម្ពុជា។

«ការ​ប្រើប្រាស់​ភាសា​បារាំង​នឹង​បង្កើត​នូវ​សាមគ្គីភាព ការ​ផ្លាស់ប្តូរ​ចំណេះដឹង​និង​វប្បធម៌ ក៏​ដូចជា​បង្កើត​ទំនាក់ទំនង​រវាង​យុវជន​និស្សិត​ទាំងអស់ ​មកពី​ប្រទេស​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក» នេះ​ជា​ការ​​បញ្ជាក់​របស់​លោក​ សុខ គួង។

Concours Dynamique ត្រូវ​បានរៀបចំ​លើក​ដំបូង​នៅ​ឆ្នាំ២០០៧ ដោយ​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​ ជាមួយ​នឹង​​ទស្សនវិស័យ​បើក​ទូលាយ​និង​ពង្រឹង​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ​រវាង​អាស៊ាន-ចិន​ក្នុង​ក្របខណ្ឌ​ភាសា​បារាំង។

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៣​នេះ ដោយ​គិត​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ទាំង​៩ ដែល​ជា​សមាជិក​របស់​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង មាន​និស្សិត​ចំនួន ៩ ៧៨៥នាក់​ ដែល​កំពុង​សិក្សា​ភាសា​បារាំង។ តួលេខ​នេះ​បាន​បង្ហាញ​អំពី​កំណើន​អ្នក​សិក្សា​ភាសា​បារាំង​​នៅ​កម្រិត​ឧត្តម​សិក្សា ព្រោះថា​បើ ប្រៀបធៀប​នឹង​ឆ្នាំ២០១២ គឺ​មាន​តែ ៧ ៨៨១​នាក់ ប៉ុណ្ណោះ។ នេះ​គេ​នៅ​មិន​ទាន់​រាប់​បញ្ចូល​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​ភាសា​បារាំង​នៅ​តាម​វិទ្យាល័យ និង​អនុវិទ្យាល័យ​នានា ព្រមទាំង​សាលា​ឯកជន​ផ្សេងៗ​​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ