អានតួអត្ថបទ
ចិន-តុលាការ

ជាប់​ពន្ធនាគារ​អស់​មួយជីវិត​លើ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​របប​កុម្មុយនិស្ត​

អតីត​មន្ត្រី​ដ៏​មាន​អំណាច​ខ្ពង់ខ្ពស់​ម្នាក់​នៅ​​ប្រទេស​ចិន​ដែល​ ធ្លាប់​កាន់​​តំណែង​ជា​នាយក​រង​នៃ​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​កំណែ​ទម្រង់​និង​អភិវឌ្ឈន៍​ជាតិ (NDRC) ទើប​ត្រូវ​បាន​​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ដោយ​បាន​ទទួល​ប្រាក់​សំណូក​សូប៉ាន់​៤​លាន​៥​សែន​អឺរ៉ូ។ សំណុំរឿង​ពុករលួយ​នេះ ​ត្រូវ​បាន​​​​បក​អាក្រាត​ដោយ​អតីត​ស្រី​​កំណាន់ចិត្ត​របស់​គាត់។ លោក Liu Tienan ជា​មន្ត្រី​ជាន់​ខ្ពស់​ចុង​ក្រោយ​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ចិន​ ផ្តន្ទាទោស​នៅ​ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធនាការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​ដ្ឋបាលដែលទាមទារដោយ​លោក​ប្រធានាធិបតី​ចិន​ ។

លោក​​លៀវជាញាន​(Liu Tienan)អតីត​មន្ត្រី​ជាន់ខ្ពស់​ចិន​​​ខាង​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍ជាតិ​​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​
លោក​​លៀវជាញាន​(Liu Tienan)អតីត​មន្ត្រី​ជាន់ខ្ពស់​ចិន​​​ខាង​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍ជាតិ​​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ REUTERS/Langfang
ផ្សាយពាណិជ្ជកម្ម

 

ក្នុងមុខតំណែងស្មើនឹងអនុរដ្ឋមន្ត្រី លោក Liu Tienan អតីតមន្ត្រីជាន់ខ្ពស់របស់ចិននេះ ត្រូវ​បាន​​តុលាការ​នៅក្រុង Langfang នៅខេត្ត Hebei​ ភាគខាងជើងប្រទេសចិន បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារអស់មួយជីវិតនៅថ្ងៃពុធ១០ធ្នូនេះ។​

ក្រៅពីមុខតំណែងរបស់គាត់នៅក្នុងគណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​កំណែទម្រង់​និង​អភិវឌ្ឈន៍​ជាតិ (NDRC) ដែល​ជាស្ថាប័ណមួយ​ធ្វើការអារកាត់​នៅលើរាល់គម្រោង​ឧស្សាហកម្ម​សំខាន់ៗ​នៅក្នុងប្រទេសចិន លោក Liu Tienan  បានដឹកនាំផងដែរ​នៅ​ទីភ្នាក់ងារ​ជាតិ​ផ្នែក​ថាមពល​(NEA) ។ នៅក្នុងមុខតំណែងសំខាន់ៗទាំងនេះ លោក Liu Tienan បាន​រំលោភអំណាច​ ដើម្បី​ទាញ​យកផលប្រយោជន៍ សំរាប់ក្រុម​អ្នក​ជំនិត​ខ្លួន​ ដូច​ជាការប្រគល់​កុងត្រាការងាររដ្ឋ មាន​ជា​អាទិ៍​កុងត្រាទីផ្សារ​នានា។
​ ​    
យោងតាមតុលាការ ប្រាក់សំណូកសូកប៉ាន់ទំាងនោះបើ​គិតជាលុយសុទ្ធគឺជាង៣៥​លាន​យន់ឬ​ស្មើនឹង ៤លាន៥សែនអឺរ៉ូដែលត្រូវបានប្រើប្រាស់ សំរាប់ទិញជាអំណោយផ្សេងៗ​ដល់​កូន​​ប្រុស​លោកលឺ ក៏ព្រមទាំង ការទិញផ្ទះមួយនៅក្រុងប៉េកាំង​​និងរថយន្តធុនថ្លៃម៉ាកPorsche ជាដើម។

ម្យ៉ាងទៀត ការផ្តន្ទាទោសលោកលឺ​  ត្រូវបានធ្វើឡើង នៅ​ប៉ន្មានថ្ងៃប៉ុណ្ណោះក្រោយពី​ការ​ជូន​​ដំណឹងជាផ្លូវការអំពីការចាប់ខ្លួនលោក Zhou yongkang​ អតីតរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ ។​  មិនតែប៉ុណ្ណោះ មុខតំណែងលោក Zhou នៅក្នុងជួរគណបក្ស​កុម្មុយនិស្ត​ចិន​ក៏​ត្រូវ​បាន​គេដកចេញ​ដែរ​ដែលជាសំណូមរឿងមួយល្បី រន្ទឺខ្លាំងជាងគេនៅ​ក្នុង​ប្រទេស​​ចិន​ចាប់​តាំង​ពី៣៥ឆ្នាំកន្លងមក។ ​​

ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី​ Xi Jinging  អាជ្ញាធរចិន បាន​ផ្តល់​អាទិភាពមុនគេ​ទៅ​លើ​​ យុទ្ធនាការដើម្បី​ប្រយុទ្ធប្រ​​ឆាំងទល់នឹងអំពើពុករលួយ​ដែលកំពុងស៊ីរូង​ផ្ទៃ​ក្នុង​នៅ​ជួរ​រដ្ឋបាលចិន។ ក៏ប៉ុន្តែ យោងតាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ដើម្បី​តម្លាភាព​Transparancy International អំពើពុករលួយ នៅតែជារោគរាតត្បាតត្រាំតែ្រងមួយដ៏កំណាចនៅក្នុង​សង្គមចិន​ ពុំងាយ​ជាសះស្បើយឡើយ៕ ​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ