អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ប្តឹងបក​ប្រធាន​យុវជន​សម រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​ប្តឹង​បក​ទៅ​ប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី​វិញ​ក្នុងករណី​ដែល​តុលាការ​រក​មិន​ឃើញ​ថា លោក​មាន​កំហុស​ក្នុង​ករណី​មនុស្ស​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​កាល​ពី ពីរ​ឆ្នាំ​មុន។ ការ​ប្រកាស​ប្តឹង​បក​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​កើត​ឡើង ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្រុងភ្នំពេញ​ដោយ​ចោទ​លោក​នាយក​រដ្ឋមន្ត្រី​ថា ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​មនុស្ស​ជាង ៣៥០ នាក់​ដោយ​ការ​រត់​ជាន់​គ្នា​ក្នុង​អំឡុង​បុណ្យអុំទូក​កាលពី​ឆ្នាំ ២០១០។

លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា
លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​លោក​នឹង​ប្តឹង​បក​ទៅ​ប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី វិញ ក្នុង​ករណី​ដែល​តុលាការ​រក​មិន​ឃើញ​កំហុស​របស់​លោក​ដូច​ការ​ចោទប្រកាន់។ ការ​ប្តឹង​បក​នេះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ជា​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ម្នាក់ៗ​ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន។ ដូច្នេះ ក្នុង​នាម​មេដឹកនាំ​ម្នាក់ លោក​ក៏​ត្រូវ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​លោក​ក៏​ដូច​ជា​របស់​រដ្ឋាភិបាល​ដែរ។

នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី២ ខែធ្នូ នេះ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា មាន​សិទ្ធិ​បញ្ចេញមតិ​ពេញលេញ ហើយ​សូម្បី​យុវជន​ម្នាក់​ក៏​មាន​សិទ្ធិ​អាច​ប្តឹង​នាយក​រដ្ឋមន្ត្រី​បាន​ដែរ។ ប៉ុន្តែ​លោក​បាន​ប្រកាស​ថា នឹង​រក្សា​សិទ្ធិ​ក្នុង​ការ​ប្តឹង​បក​វិញ។ ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ទុក​ជា​មុន​ថានៅ​ពេល​មាន​ការ​ប្តឹង​បក គេ​មិន​ត្រូវ​ស្រែក​ថា ជា​រឿង​នយោបាយឬ​ការ​ប្រើប្រាស់​អំណាច​ដើម្បី​គាបសង្កត់​នោះ​ឡើយ។

ប្រធាន​ចលនា​យុវជន គណបក្ស សម រង្ស៊ី លោក​សួង សុ​ភ័​ណ្ឌ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣០ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​គិត​ទុក​ជា​មុន។ មូលហេតុ​គឺ​ដោយសារ​តែ​លោក​ជា​អ្នកគ្រប់គ្រង​ប្រទេស តែ​បែរ​ជា​បាន​បណ្តោយ​​ឲ្យ​សោកនាដកម្ម​នោះ​កើត​ឡើង។

គួររម្លឹក​ថា កាល​ពី​រាត្រី​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ ២០១០ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក មាន​មនុស្ស ៣៥៣នាក់​បាន​ផ្អើល​ជាន់​គ្នា​ស្លាប់ និង​៤០០នាក់​ទៀត​រង​របួស នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ដែល​ជាទី​រមណីយដ្ឋាន​ដ៏​ពេញនិយម​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ រដ្ឋាភិបាល​បានចាត់​ទុក​ថា នេះ​ជា​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា ហើយក៏​បាន​ទទួល​ស្គាល់​ថា នេះ​ជា​សោកនាដកម្ម​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត បន្ទាប់​ពី​របប​ខ្មែរក្រហម។ ប៉ុន្តែ គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​ម្នាក់​ទទួល​ទោស​ក្នុង​រឿង​នេះ​ទេ។

ក្រៅ​ពី​ប្តឹង​លោក​នាយក​រដ្ឋ​ម​ន្រី្ត ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី ក៏​គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ លោក ទូច ណារ៉ុថ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ និង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ។ ពាក្យបណ្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ត្រូវ​បាន​ប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី គ្រោង​ដាក់​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ​ថែម​ទៀត។ ប៉ុន្តែ​ឥឡូវ​នេះ គឺ​ដល់​វេន​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ប្តឹង​បក​វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ