អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

​ប្រធានាធិបតី​​អ៊ុយក្រែន​ទូរស័ព្ទ​​ទៅ​ប្រធានា​​ធិបតី​រុស្សី​និយាយ​អំពី​ការ​ស្វែង​រក​សន្តិភាព​តាម​ព្រំដែន

នៅ​ថ្ងៃ​សុក្រ​ទី១៣​មិថុនា​នេះ​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ប៉េត្រូ ប៉ូរ៉ូឆិនកូ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយលោក​ប្រធានាធិបតី​រុស្សី​ ពូទីន​ ដើម្បី​ដាក់​បង្ហាញ​នូវ​គំរោង​ការ​ស្វែង​រក​សន្តិភាព​នៅក្នុង​តំបន់​ដែល​មាន​ការ​ងើប​បះបោរ​ទាមទារ​ផ្តាច់​ទឹក​ដី។ ទោះបីជាយ៉ាងណា​ លោក​ប្រធានាធិបតី​ អ៊ុយក្រែន មិន​បាន​ភ្លេច​ត្អូញត្អែ​ដាក់​រុស្សី​ទេ​ អំពី​ការ​ដែល​មាន​រថក្រោះ​រុស្សី​ ក្រវែល​ចុះ​ឡើង​ក្នុង​ទឹក​ដី​អ៊ុយក្រែន។

ទាហាន​ផ្តាច់​ទឹក​ដី​និយម​រុស្សី​បាន​ចូល​គ្រប់​គ្រង​ដល់​ព្រលាន​យន្ត​​ហោះ​ Donetsk  ថ្ងៃ ២៦ ឧសភា​២០១៤
ទាហាន​ផ្តាច់​ទឹក​ដី​និយម​រុស្សី​បាន​ចូល​គ្រប់​គ្រង​ដល់​ព្រលាន​យន្ត​​ហោះ​ Donetsk ថ្ងៃ ២៦ ឧសភា​២០១៤ FP PHOTO / FABIO BUCCIARELLI
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយ​  ដែល​ប្រធានាធិបតី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ ​ដើម្បី​ចរចា​​រក​សន្តិភាព​នៅ​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ តំបន់​ដែល​មាន​ការ​ប្រទូសរ៉ាយ​គ្នា​រវាង​កងទ័ព​អ៊ុយក្រែន​  និង​ពួក​អ្នក​បះបោរ​ទាមទារ​ផ្តាច់​ទឹក​ដី​ គាំ​ទ្រ​ដោយ​រុស្សី។ អ្នក​នាំ​ពាក្យ​របស់​លោក​ ប៉េត្រូ ប៉ូរ៉ូឆិនកូ បាន​និយាយ​ថា​វា​ជា​ការ​សន្ទនា​ដែល​មាន​រយៈ​ពេល​វែង ​ ហើយ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ភាគី​ទាំង​ពីរ​  ដែល​ទន្ទឹម​នឹង​នោះ​ លោក ​ប៉េត្រូ ប៉ូរ៉ូឆិនកូ បាន​ទាំង​ឆ្លៀត​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដែល​មាន​រថក្រោះ​​រុស្សី​ បាន​បើក​បរ​ក្រវែល​ចូល​នៅ​ក្នុង​ទឹក​ដី​អ៊ុយក្រែន។

 ទោះ​បី​ជា​យ៉ាង​ណា ​ ភាព​តាន​តឹង​នៅ​តែ​មាន   ​ជា​ពិសេស​នៅ​តំបន់​ដូណេតស្ក៍​  ភាគ​ខាង​កើត​អ៊ុយក្រែន​  ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​ការ​ដាក់​គ្រាប់​បែក​បំផ្ទុះ​រថយន្ត​មេដឹកនាំ​ផ្តាច់​ទឹក​ដី​និយម​រុស្សី​ម្នាក់​  ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​ ចំណែក​ឯ​មេ​ដឹក​នាំ​នោះ​មិន​បាន​នៅ​ក្នុង​រថយន្ត​ទេ។

 មុន​នឹង​មាន​ជំនួប​តាម​ទូរស័ព្ទ​នេះ​  ប្រមុខ​ការទូត​រុស្សី​បាន​និយាយ​រិះគន់​អ៊ុយក្រែន​ ថា​គ្មាន​បាន​ធ្វើ​សម្បទាន​ណា​មួយ​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​  ហើយ​ថា​អ៊ុយក្រែន​បាន​បន្ត​បង្ក្រាប​ការ​ងើប​បះបោរ​ផ្តាច់​ទឹក​ដី។  រុស្សី​មាន​គម្រោង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។​  លោក​បន្ត​ថា  លោក​បាន​ចាត់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អំពី​ព៌តមាន​ដែល​ថា​ អ៊ុយក្រែន​បាន​ដាក់​បង្កៃ​គ្រាប់បែក​ភ្លើង។​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ុក្រែន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ទាំង​ស្រុង  ហើយ​បាន​បន្ថែម​ថា​គន្លឹះ​​នៃ​ដំណោះ​ស្រាយ​គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​រុស្សី។  លោក​បន្ត​ថា​ រុស្សី​ត្រូវ​តែ​ឈប់​គាំទ្រ​ពួក​ក្រុម​បះបោរ​ផ្តាច់​ទឹក​ដី​ ហើយ​ឈប់​បញ្ជូន​កងទ័ព​ទាំង​ឡានៗ​ និង​រថក្រោះ​​ខ្លួន​មក​ក្នុង​ទឹក​ដី​អ៊ុយក្រែន​ ត​ទៅ​ទៀត។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​​ កងទ័ព​អ៊ុយក្រែន​ បាន​ដណ្តើម​កាន់​កាប់​មក​វិញ​ដែន​ដី​ប្រមាណ​ចម្ងាយ​១០០គម​ ពី​ព្រំដែន​ជា​មួយ​រុស្សី។​  បើ​សិន​ជា​ភាព​ស្ងប់​ស្ងាត់​បន្ត​មាន​  នោះគម្រោង​ដំណោះ​ស្រាយ​រក​សន្តិភាព ​ដែល​បាន​ដាក់​ស្នើ​ដោយ​លោក​ប៉េត្រូ ប៉ូរ៉ូឆិនកូ  និង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​អនុវត្ត។​ ផ្ទុយ​ទៅ​វិញ​ បើ​រុស្សី​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ទទួល​យក​ អ៊ុយក្រែន​ នឹង​ស្នើ​សុំ​ឲ្យ​លោក​ខាង​លិច​ រិត​បន្តឹង​ទណ្ឌកម្ម​លើ​រុស្សី។

គួរ​បញ្ជាក់​ផង​ដែរ​ថា​  ក្រៅ​ពី​ជម្លោះ​តាម​ព្រំដែន​រវាង​អ៊ុយក្រែន​និង​រុស្សី​  ប្រទេស​ទាំង​ពីរ​នេះ​ក៏​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ដែរ​ ទាក់ទង​ទៅ​នឹង​តម្លៃ​ឧស្ម័ន។  កន្លង​មក​ រុស្សី​ទាមទារ​ឲ្យ​អ៊ុយក្រែន​សងបំណុលថ្លៃឧស្ម័នដែលជំពាក់​ បើ​មិន​ដូច្នោះ​ទេ​ រុស្សី​ នឹង​ឈប់​ផ្គត់​ផ្គង់​ឧស្ម័ន​ត​ទៅ​ទៀត។​ ចូរកំភ្លេចថា​ ដើម្បី​ផ្គត់​ផ្គង់ឧស្ម័ន​ដល់​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​  រុស្សី​ត្រូវ​បញ្ជូន​​តាម​បំពង់​ឧស្ម័ន​ក្រោម​ដី​ ឆ្លង​កាត់​តាម​ប្រទេស​អ៊ុយក្រែន។ ដូច​នេះ​មិន​មែន​តែ​អ៊ុយក្រែន​តែ​មួយ​ទេ​ ដែល​គ្មាន​ឧស្ម័នប្រើ​ប្រាស់ ពោល​គឺ​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត​ ក៏​នឹង​គ្មាន​​ឧស្ម័ន​ប្រើ​ប្រាស់​ដូច​គ្នា​ដែរ​  បើ​សិន​ជា​រុស្សី​សម្រេច​ថា​បញ្ឈប់​ការ​ផ្គត់ផ្គង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ