អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

តើ​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​មាន​ការ​អាក់អន់ចិត្ត​នឹង​គ្នា​ឬ ?

សំណួរ​នេះ ត្រូវ​គេ​ចោទ​សួរ​អស់​ប៉ុន្មាន​ថ្ងៃ ជាប់​មក​ហើយ ក្រោយ​ពី​លោក​ពូទីន ប្រធានាធិបតី​ថ្មី​នៅ​រុស្ស៊ី​ថ្លែង​ថា គាត់​មិន​អាច​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល G8 ចុង​សប្តាហ៍​នេះ នៅ​ឯ​ជាយ​ក្រុង​វ៉ាស៊ីនតោន។ រួច​បន្ទាប់​មក លោក អូបាម៉ា ប្រធានាធិបតី​អាមេរិក ជា​ប្រទេស​ម្ចាស់ផ្ទះ​ខំរៀបចំ​ទទួល​កិច្ចប្រជុំ​នេះ ពី​ចំណែក​ខ្លួន​បាន​ប្រតិកម្ម​ថា គាត់​ក៏​មិន​អាច​មក​ចូលរួម​ដែរ នៅ​ក្នុង​ជំនួប​កំពូល APEC នៅ​ក្រុង​រុស្ស៊ី Vladivostok ក្នុង​ខែ​កញ្ញា​ខាង​មុខ។

លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ©ឆាយា
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ ១១ ឧសភា គឺ​៤ថ្ងៃ ក្រោយ​ពី​លោក​ពូទីន​ទទួល​ពាក្យ​សម្បថ​ឡើង​ជា​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី​មក លោក​ប្រធានាធិបតី​ស.រ.អា. អូបាម៉ា​បាន​ទូរស័ព្ទ​មក​អបអរសាទរ​លោក​ពូទីន ក្នុង​តំណែង​ថ្មី​នេះ។ នា​កិច្ច​សន្ទនា​ដែល​បាន​ប្រព្រឹត្ត​ទៅ លោក​ពូទីន​បាន​សម្តែង​ការ​សោកស្តាយ ដែល​ដោយ​មក​ពី​ជាប់​រវល់​ក្នុង​រឿង​ពិនិត្យមើល បញ្ជី​ឈ្មោះ​បេក្ខជន​ក្នុង​អនាគត​រដ្ឋាភិបាល​រុស្ស៊ី គឺ​មិន​អាច​ដក​ខ្លួន​ទៅ​ចូលរួម​ក្នុង​ជំនួប​កំពូល G8 នៅ​ស.រ.អា. ក្នុង​ថ្ងៃទី ១៨-១៩ ឧសភា​ខាង​មុខ​ឡើយ។ ហើយ​លោក​ពូទីន​បាន​សម្រេច​ថា បញ្ជូន​លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ​ឲ្យ​វត្តមាន​ក្នុង G-8 នោះ ជំនួស​គាត់​ទៅ​វិញ។ កាលណោះ លោក​អូបាម៉ា​បាន​សម្តែង​នូវ​ការ​យោគយល់​ចំពោះ​ធុរៈ​របស់​លោក​ពូទីន។ គូភាគី​ក៏​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ជួប​គ្នា​ដាច់​ដោយឡែក តែ​២នាក់ គឺ​ក្នុង​បរិវេណ​នៃ​ជំនួបកំពូល G20 នៅ​ប្រទេស​ម៉ិចស៊ិច​ថ្ងៃទី ១៨-១៩ មិថុនា ឬ១ខែ​ក្រោយ​ទៅ​វិញ។

ការ​ដែល​លោក​ពូទីន​សម្រេច​ថា មិន​ទៅ​ចូលរួម​ដោយ​ខ្លួន​គាត់​ផ្ទាល់​ក្នុង​ជំនួបកំពូល G8 នៅ ស.រ.អា. ត្រូវ​កាសែត​នៅ​ទីនេះ​បក​ស្រាយ​ថា មក​ពី​គាត់​អន់​ចិត្ត​នឹង​គោលជំហរ​អាមេរិក​ដែល​នៅ​តែ​បន្ត​សាងសង់ “ប្រព័ន្ធ​ខែលមីស្ស៊ីល ប្រឆាំងមីស្ស៊ីល” នៅ​អឺរ៉ុប ប្រព័ន្ធ​ដែល​ម៉ូស្គូ​ចាត់​ទុក​ជា​ការ​គម្រាម​ដល់​សន្តិសុខជាតិ​រុស្ស៊ី ហើយ​ក្នុង​រឿង​នេះ វ៉ាស៊ីតោន​នៅ​តែ​មិនព្រម​ផ្តល់​ការ​ធានា ជា​លាយលក្ខណ៍​អក្សរ​មក​ឲ្យ​ម៉ូស្គូ ថា​ប្រព័ន្ធ​នេះ​ឥត​តម្រង់​ប្រឆាំង​នឹង​រុស្ស៊ី​ទេ។ មក​ពី​រឿង “ប្រព័ន្ធ​ខែលមីស្ស៊ីល” នេះ​ឯង​ដែល​លោក​ពូទីន​បាន​សម្រេច​ថា មិន​ទៅ​ចូលរួម​ទេ ក្នុង​ជំនួបកំពូល​រុស្ស៊ី-អូតង់ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ នៅ​ក្រុង Chicago ថ្ងៃទី ២០-២១ ឧសភា។

នៅ​ដើម​ឡើយ ទាំង​ជំនួបកំពូល G8 ទាំង​ជំនួបកំពូល​អូតង់ មាន​គ្រោង​ប្រព្រឹត្ត​ទៅ គឺ​តែ​នៅ​ក្រុង Chicago មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បី​ទុកមុខ ទុកមាត់​ឲ្យ​លោក​ពូទីន បាន​ជា​លោក អូបាម៉ា ខំ​ញែក​ជំនួបកំពូល G8 ទៅ​ធ្វើ​ដាច់​ដោយឡែក​នៅ​ឯ​បុរី Camp David ជាយ​ក្រុង​វ៉ាស៊ីនតោន​ទៅ​វិញ។ កាសែត​ថែម​ទាំង​បង្ហើប​ឲ្យ​ដឹង​ទៅ​ផង​ថា ដើម្បី​ចាត់ចែង​ជំនួប២​នេះ​ឲ្យ​ដាច់​ពី​គ្នា រដ្ឋបាល​លោក​អូបាម៉ា​ថែម​ទាំង​បង្ខំចិត្ត​ចំណាយ​ជាង ៣០លាន​ដុល្លារ​ទៀត។

ថ្ងៃទី ១៤ ឧសភា​កន្លង​ទៅ អ្នកនាំពាក្យ​របស់​សេតវិមាន​ក្រុង​វ៉ាស៊ីនតោន លោក Jay Carney បាន​ថ្លែង​ថា លោក​ប្រធានាធិបតី​អូបាម៉ា​មិន​អាច​មក​ចូលរួម​ទេ ក្នុង​ជំនួប​កំពូល APEC នៅ​ក្រុង​រុស្ស៊ី Vladivostok ដែល​នឹង​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃទី ២ ដល់​ទី៩ កញ្ញា ឆ្នាំ២០១២​នេះ។ មូលហេតុ មក​ពី​លោក​អូបាម៉ា​ត្រូវ​ជាប់​រវល់​នឹង ”មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ” របស់​គាត់​ដែល​នឹង​ចាប់​ផ្តើម គឺ​នៅ​ចំ​ថ្ងៃទី ៣ កញ្ញា​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ