អានតួអត្ថបទ
ភូមា-អឺរ៉ុប

ដំណើរ​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​លើកដំបូង​របស់​លោកថេន សេន

លោក​ប្រធានាធិបតី​ភូមា​ថេន សេន​កំពុង​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីប​អឺរ៉ុប។ នៅ​ថ្ងៃ​អង្គារ ទី២៦ កុម្ភៈ​នេះ លោក​ថេន សេន​កំពុង​ស្ថិត​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ៣ថ្ងៃ។ បន្ទាប់​មក លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់ អូទ្រីស បែលហ្ស៊ិក និង​ប្រទេស​អ៊ីតាលី។ គឺ​ជា​ទស្សនកិច្ច​លើកទីមួយ​របស់​ប្រមុខ​រដ្ឋភូមា​អ្នក​កំណែទម្រង់​ម្នាក់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ទស្សនកិច្ច​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ទីក្រុង​ណៃពីដ៏ និង​ទីក្រុង​នៃ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។

ដំណើរ​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​លើកដំបូង​របស់​លោកប្រធានាធិបតី​ភូមា​ថេន សេន
ដំណើរ​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​លើកដំបូង​របស់​លោកប្រធានាធិបតី​ភូមា​ថេន សេន www.bloomberg.com
ផ្សាយពាណិជ្ជកម្ម

គឺ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​ដែល​លោក​ប្រធានាធិបតី​ភូមា​ថេន សេន​បាន​ផ្តើម​ទស្សនកិច្ច​មុន​គេ ហើយ​ជម្រើស​ទីក្រុង​អូស្លូ​នេះ​ទៀត​សោត​ក៏​មិន​មែន​ជា​រឿង​មួយ​ចៃដន្យ​ទេ តែ​ជា​និមិត្តរូប​​មួយ​យ៉ាង​សំខាន់។ និមិត្តរូប​យ៉ាង​សំខាន់ ព្រោះ​ថា គឺ​នៅ​ទីក្រុង​អូស្លូ​នោះ​ឯង ដែល​លោកស្រី​ប្រធាន​គណបក្សប្រឆំាង​ភូមាអ៊ុង សានស៊ូជី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​កាល​ពី​ខែ​មិថុនា​ឆ្នំា ២០១២ កន្លង​ទៅ ដើម្បី​ទទួល​រង្វាន់ណូបែល​សន្តិភាព​ដែល​គណៈកម្មាធិការ​ណូបែល​បាន​ប្រគល់​ឲ្យ​លោកស្រី​កាល​ពី​ឆ្នំា ១៩៩១ និង​ដែល​កាលណោះ លោកស្រី​អ៊ុង សាន​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​ទៅ​ទទួល​បាន។

នៅ​ក្នុង​ប្រទេស​ន័រវែស​រយៈពេល ៣ថ្ងៃ មាន​ប្រធានបទ​ជា​ច្រើន​ដែល​លោក​ថេន សេន និង​ថ្នាក់ដឹកនំា​ន័រវែស​ត្រូវ​លើក​ទៅ​ជជែក រួម​មាន កំណែទម្រង់​ប្រជាធិបតេយ្យ​នៅ​ភូមា បញ្ហា​បរិស្ថាន ជំនួយ​របស់​ន័រវែស​ដើម្បី​អភិវឌ្ឍ​ភូមា និង​ជា​ពិសេស កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ទីក្រុង​ណៃពីដ៏ និង​អូស្លូ តែ​ប្រហែល​ជា​គ្មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ទេ នេះ​បើ​យោង​តាម​អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ន័រវែស។ អ្នកនំាពាក្យ​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា មាន​ការ​វិវឌ្ឍន៍​ប្រកប​ដោយ​វិជ្ជមាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ភូមា​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ តែ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ភូមា​ត្រូវ​បន្ត​ធ្វើ។

គឺ​ការ​វិវឌ្ឍន៍​ប្រកប​ដោយ​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​ភូមា​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ថេន សេន​ទទួល​បាន​ការ​លុប​ចោល​ប្រាក់​បំណុល​ជាង​ពាក់កណ្តាល​ពី​សហភាព​អឺរ៉ុប​កាល​ពី​ដើម​ឆ្នំា ២០១២ កន្លង​មក។ បច្ចុប្បន្ន និង​នៅ​ចំពោះ​មុខ មាន​វិស័យ​ជា​ច្រើន​ដែល​ភូមា​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍ និង​ដែល​តម្រូវការ​អ្នកវិនិយោគ​បរទេស គឺ​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន។ ត្រង់​ចំណុច​នេះ ក្រុមហ៊ុនអឺរ៉ុប​បាន​និង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លំាង។ នៅ​ដើម​ខែ​មីនា​ក្រោយ សន្និសីទ​អន្តរជាតិ​មួយ​ស្តីពី​វិស័យ​ប្រេងឥន្ធនៈ​នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ជួនចំ​ពេល​ដែល​លោក​ថេន សេន​កំពុង​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​ឡើយ។ នេះ​អាច​ជា​ឱកាស​មួយ​ដែល​ថ្នាក់​ដឹកនំា​អឺរ៉ុប​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​លោក​ថេន សេន។

គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា គ្រាន់​តែ​ក្នុង​រយៈពេល ២ឆ្នំា លោក​ប្រធានាធិបតី​ថេន សេន​បាន​ធ្វើ​កំណែទម្រង់​ប្រទេស​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ឆាប់​រហ័ស និង​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង។ តែ​ទន្ទឹម​គ្នា​នេះ នៅ​មាន​បញ្ហា​ផ្ទៃក្នុង​មួយ​ចំនួន​ដែល​នៅ​បន្ត​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​ដដែល រួម​មាន ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ក្រុមឧទ្ទាម​ភាគតិច​កាឈីន​នៅ​ប៉ែក​ខាងជើង និង​ស្ថានភាព​សិទ្ធិមនុស្ស​ដុនដាប​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា។ គឺ​ជា​សំណុំរឿង​ពីរ​ដែល​សហភាព​អឺរ៉ុប​មិន​បោះបង់​គំនាប​លើ​រដ្ឋាភិបាល​ភូមា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ