ការបាញ់ផ្លោងលើប្រាសាទព្រះវិហារ និងបទឧក្រិដ្ឋសង្រ្គាម
ការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃ ចាប់តាំងពីថ្ងៃសុក្រ ៤កុម្ភៈ ២០១១រហូតមកទល់ពេលនេះ បានបណ្តាលឲ្យប្រាសាទព្រះវិហារត្រូវទទួលរងនូវការខូតខាតយ៉ាងដំណំ។ អាជ្ញាធរកម្ពុជាបានអះអាងថា ការខូតខាតនេះ គឺបណ្តាលមកពីការបាញ់ផ្លោងរបស់ទាហានថៃ។ វត្តកែវសិក្ខាគិរីស្វារៈ ដែលនៅក្បែរប្រាសាទក៏ត្រូវទទួលរងគ្រាប់ផ្លោងរបស់ថៃ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដែរ។ ទង្វើរបស់ថៃនេះ គឺជាការរំលោភទៅលើច្បាប់សង្រ្គាម ដែលអាចចាត់បញ្ចូលជាឧក្រិដ្ឋកម្មសង្រ្គាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទវិភាគរបស់ សេង ឌីណា
“ច្បាប់សង្រ្គាម” គឺមានចែងនៅក្នុងអនុសញ្ញាក្រុងឡាអេ (១នៅឆ្នាំ១៨៩៩ និង១ទៀតនៅឆ្នាំ១៩០៧) និងអនុសញ្ញាក្រុងហ្សឺណែវចំនួន៤ (ឆ្នាំ១៩៤៩)។ ច្បាប់សង្រ្គាម គឺត្រូវយកមកអនុវត្តទាំងក្នុងករណីមានសង្រ្គាម និងក្នុងករណីមានជម្លោះប្រដាប់អាវុធអន្តរជាតិ (ដោយគ្មានការប្រកាសសង្រ្គាមជាមុន)។ ការរំលោភលើច្បាប់សង្រ្គាមនេះ នឹងត្រូវចាត់បញ្ចូលជាបទឧក្រិដ្ឋសង្រ្គាម ដែលមានចែងនៅក្នុងមាត្រា ៨ នៃលក្ខន្តិកៈក្រុងរ៉ូម ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ។
យោងតាមមាត្រា ៨ ត្រង់ចំណុចទី៩ នៅក្នុងពេលមានជម្លោះប្រដាប់អាវុធជាអន្តរជាតិ ការវាយប្រហារដោយចេតនាទៅលើអគារ ដែលជាទីកន្លែងសម្រាប់គោរពបូជាសាសនា ឬទៅលើអគារប្រវត្តិសាស្រ្តណាមួយ នឹងត្រូវចាត់ទុកថាជាបទឧក្រិដ្ឋសង្រ្គាម លើកលែងតែអគារទាំងនោះ ត្រូវបានប្រើប្រាស់ជាទីតាំងទ័ព។
កងទ័ពថៃបានធ្វើការបាញ់ផ្លោងមកលើប្រាសាទព្រះវិហារ ទាំងដឹងច្បាស់អំពីទីតាំងរបស់ប្រាសាទ។ ម្យ៉ាងទៀត មន្រ្តីយោធាកម្ពុជាបានអះអាងថា កងទ័ពកម្ពុជាមិនបានប្រើប្រាស់បរិវេណប្រាសាទព្រះវិហារ ជាទីតាំងទ័ព ដើម្បីវាយប្រហារទៅលើកងទ័ពថៃនោះទេ។ ដូច្នេះ ទង្វើរបស់កងទ័ពថៃ ដែលបាញ់ផ្លោងលើប្រាសាទព្រះវិហារ គឺអាចត្រូវចាត់ចូលជាឧក្រិដ្ឋកម្មសង្រ្គាម។
មានទង្វើជាច្រើនទៀត ដែលមានចែងក្នុងលក្ខន្តិកៈក្រុងរ៉ូម ថាជាឧក្រិដ្ឋកម្មសង្រ្គាមផងដែរ ជាអាទិ៍៖
- ការវាយប្រហារ ការបាញ់ផ្លោង ឬការទម្លាក់គ្រាប់បែកទៅលើក្រុង ភូមិ ទីប្រជុំជន ទីលំនៅ ឬអគារ ដែលគ្មានការការពារ និងដែលមិនមែនជាចំណុចស៊ីបរបស់កងទ័ព (មាត្រា ៨.៥ នៃលក្ខន្តិកៈក្រុងរ៉ូម)។
- ការប្រើថ្នាំពុល ឬអាវុធដែលមានជាតិពុល (មាត្រា ៨.៧)។
- ការប្រើឧស្ម័នពុល ឬសារធាតុប្រហាក់ប្រហែលផ្សេងទៀត (មាត្រា ៨.៨)។
- ការប្រើប្រាស់ប្រភេទអាវុធដែលត្រូវហាមឃាត់ដោយច្បាប់អន្តរជាតិ (មាត្រា ៨.១០) ដូចជា គ្រាប់បែកចង្កោមជាដើម ដែលត្រូវហាមឃាត់ដោយអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ចូលជាធរមាន កាលពីឆ្នាំ២០០៨។
ជនណាដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម បើទោះជាប្រមុខរដ្ឋនៃប្រទេសមួយក៏ដោយ ក៏អាចត្រូវនាំខ្លួនយកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ក្រុងឡាអេ) បានដែរ។ ម្យ៉ាងទៀត តុលាការព្រហ្មទណ្ឌអន្តរជាតិអាចបើកការស៊ើបអង្កេត និងធ្វើការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាមបាន ដោយមិនចាំបាច់មានការព្រមព្រៀងពីសំណាក់គូភាគី ដូចក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ