អានតួអត្ថបទ
កម្ពុជា

សាលា​រាជធានី​ភ្នំពេញ សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ​ ធ្វើ​បាតុកម្ម​ទេ​

បន្ទាប់​ពី​សាលារាជធានី​ភ្នំពេញ បាន​ជួប​ប្រជុំ​ជាមួយ លោក​ ម៉ម​ សូណង់ដូ នៅ​រសៀល​ថ្ងៃសុក្រនេះ សាលារាជធានី បា​ន​សម្រេច​ថា មិន​អនុញ្ញា​ត​ឲ្យ​មាន​បាតុកម្ម​ តាម​ការ​ស្នើសុំ ​របស់​លោក ម៉ម សូណង់​ដូ ប្រធាន​វិទ្យុសំបុក​ឃ្មុំ ដែល​ទាម​ទារ​ឲ្យ​ពង្រី​កការ​ផ្សព្វផ្សាយវិទ្យុរបស់​លោកឲ្យ​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស និង​សុំ​បង្កើត​ប៉ុស្តិ៍ទូរទស្សន៏​ផ្ទាល់ខ្លួនឡើយ។

លោក មម​ សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ​និង​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ
លោក មម​ សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ​និង​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សាលារាជធានីភ្នំពេញ​បាន​សម្រេចថា​ មិន​អនុញ្ញាតឲ្យ​លោក ម៉ម សុណង់ដូ ប្រធាន​វិទ្យុសំបុក​ឃ្មុំ​ ធ្វើ​បាតុកម្ម​រៀង​រាល់​សប្តាហ៏​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ដោយ​ចាប់​ពី​ថ្ងៃ​ទី​២៧​មករា​សប្តាហ៏​ក្រោយ​តាម​ការ​ស្នើសុំ​នោះ​ទេ។

លោក ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលារាជធានី បាន​ប្រាប់​វិទ្យុបារាំង បន្ទាប់ពី​ការ​ប្រជុំ​ថា ដំបូង​សាលាក្រុង​ បាន​សុំ​ឲ្យ​លោក ម៉ម សូណង់ដូ ពន្យារ​ពេល​ធ្វើ​បាតុកម្ម ក្នុង​ហេតុផល​ថា បន្ទាប់ពី​មាន​បាតុកម្ម​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់និង​របួស​ កាលពី​ថ្ងៃទី ២ និង​៣មករាមក ស្ថានភាព​ក្នុង​ទីក្រុង គឺ​មាន​ភាព​ផុយ​ស្រួយ​ជាខ្លាំង។ ដូច្នេះ ដើម្បីទប់​ស្កាត់​ភាព​ចលាចល ដែល​អាច​កើ​ត​មាន​ជាយថាហេតុ សាលារាជធានី មិន​អាច​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ជាថ្មី ទាំងការ​ជួប​ជុំ ឬការ​ហែក្បួន​​នោះ​ឡើយ​។

លោក​ឡុង ឌីម៉ង់ បាន​បន្តថា ប្រសិន​បើ​មាន​បាតុកម្ម​ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​សាលារាជធានី នោះ​អ្នក​ដឹកនាំ​បាតុកម្ម​ ត្រូវ​តែទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៏​ ដែល​បាន​កើតឡើង។ លោក​ថា សមត្ថកិច្ច ក៏​នឹង​ចាត់វិធានការណ៍ចំពោះ​បាតុកម្ម​នោះ​ផងដែរ។

ចំនែក​ លោក ម៉ម សុណង់ដូ បាន​ប្រកាស​ ដោយ​បញ្ជាក់​ជំហរ យ៉ាងច្បាស់ៗ តាមរយៈ​សន្និសីទ​សារព័ត៌មានកាលពីព្រឹក​ថ្ងៃសុក្រ នៅ​ស្នាក់ការ​វិទ្យុសំបុក​ឃ្មុំ​ដែរ​ថា បាតុកម្ម​ទាមទារ​ពង្រីក​ការផ្សព្វផ្សាយ​វិទ្យុ​ឱ្យ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស និង​ការសុំ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ នឹង​កើតមាន​ឡើង បើ​ទោះណាជា​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​ធ្វើ​បាតុកម្ម​ក៏ដោយ។

លោក ម៉ម សុណង់ដូ ក៏​បាន​អះអាងថា ​ការស្នើសុំ​ពង្រីក​ការផ្សព្វផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​ឱ្យ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ពលរ​ដ្ឋ​ដែលជា​ប្រិយមិត្ត​របស់​វិទ្យុ​តែប៉ុណ្ណោះ។ ហើយ​លោក​ថា ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​ក៏​ចង់ឱ្យមាន​ទូរទស្សន៍​សំបុក​ឃ្មុំ​ ​ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ផងដែរ។

គួររំលឹកថា ការប្រកាស​ធ្វើបាតុកម្ម​ទាមទារ​ស្នើសុំពង្រីក​ការផ្សព្វផ្សាយ និង​សុំ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​នេះ គឺ​កើតឡើង​ក្រោយ​ពេលដែល​ក្រសួង​ព័ត៌មាន ​បាន​អះអាងថា ​មិន​មាន​​ហ្វ្រេ​កង់​ប៉ុស្តិ៍​ទូរទស្សន៍ និង​វិទ្យុ​ដែល​នៅសល់​​ សម្រាប់​វិទ្យុ និង​ទូរទស្សន៏​សំបុក​ឃ្មុំ​នោះទេ។

យ៉ាងណាក៏ដោយ នាយក​វិទ្យាស្ថាន​កម្ពុជាសម្រាប់​ការសិក្សា​សារព័ត៌មាន លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ផ្តល់​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ហ្វ្រេ​កង់​ផ្សាយ​បន្ត​ដល់​លោក ម៉ម សូ​ណង់​ដូ ព្រោះថា ព័ត៌មាន​ការ​ហ៊ាន​រិះគន់ ​គឺជា​កញ្ចក់​ឆ្លុះ​សង្គម​មួយ ដែល​អាចជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​កែលម្អ​ការអនុវត្ត​ការងារ​ទៅវិញ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ