អានតួអត្ថបទ
ភូមា

ប៉ូលិស​ភូមា​បំបែក​បាតុកម្ម​ប្រឆាំង​នឹង​ការដ្ឋាន​រ៉ែ​របស់​ក្រុមហ៊ុន​ចិន

បាតុកម្ម​របស់​អ្នកភូមិ និង​លោកសង្ឃ​ភូមា ដែល​តវ៉ា​ប្រឆាំង​នឹង​ការដ្ឋានរ៉ែ​ទង់ដែង​របស់​ក្រុមហ៊ុន​ចិន ត្រូវ​បាន​ប៉ូលិស​បំបែក នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការ​បំបែក​បាតុកម្ម​នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​​ការមកដល់​របស់​លោក​ស្រី​អ៊ុង សានស៊ូជី ដែល​គ្រោង​ជួប​ជជែក​ជាមួយ​ក្រុម​បាតុករ។

បាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន ដែល​គ្រោង​ពង្រីក​ការដ្ឋានរ៉ែ​ទង់ដែង នៅ​ភូមា
បាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន ដែល​គ្រោង​ពង្រីក​ការដ្ឋានរ៉ែ​ទង់ដែង នៅ​ភូមា AFP
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ប្រឆាំង​នឹង​ការដ្ឋានរ៉ែ​​នេះ គឺ​ជា​ឧទាហរណ៍​មួយ​ថ្មី​ទៀត ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​ភូមា ដែល​រស់នៅ​ក្រោម​របបផ្តាច់ការ​យោធា​រាប់​សិបឆ្នាំ​មកហើយ​នោះ កំពុង​តែ​ធ្វើ​តេស្ត​​ដែនកំណត់​នៃ​សិទ្ធិសេរីភាព​​របស់​ពួកគេ នៅ​ក្រោម​របបដឹកនាំ​ថ្មី​របស់​លោក​ថេន សេន។ វាក៏​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ផងដែរ អំពី​ការកើនឡើង​នៃ​​​ចលនា​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​ចិន ដែល​បាន​ពង្រីក​អាជីវកម្ម​​កាន់តែធំឡើង នៅ​ភូមា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រុមបាតុករ​រាប់ពាន់​នាក់ បាន​នាំគ្នា​តវ៉ា​​ឲ្យ​បញ្ឈប់​​គម្រោង​ពង្រីក​ការដ្ឋានរ៉ែ​របស់​ក្រុមហ៊ុន​វិនិយោគ​ចិន ដើម្បី​រង់ចាំ​ឲ្យ​មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​ខាង​ផ្នែក​បរិស្ថាន និង​ផ្នែក​សង្គម។ ក្រុមបាតុករ​បាន​ចោទ​ថា ការ​ពង្រីក​ការដ្ឋានរ៉ែ​នេះ​​បង្ក​ឲ្យ​មាន​ការ​រឹបអូស​ដី​រាប់ពាន់​ហិកតា​ពី​ប្រជាជន ដោយ​គ្មាន​សំណង​សមរម្យ។

កាលពីថ្ងៃអង្គារ ប៉ូលិស​ភូមា​បាន​ដាក់បញ្ជា​ឲ្យ​​បាតុករ​នាំគ្នា​បញ្ឈប់ការ​តវ៉ា ក៏ប៉ុន្តែ ក្រុម​បាតុករ ដែល​រួមមាន​ទាំង​អ្នកភូមិ និស្សិត និង​ព្រះសង្ឃ បាន​ជម្នះ​បន្ត​ការ​តវ៉ា​របស់​ពួកគេ​តទៅទៀត។ នៅព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅម៉ោងប្រមាណ​ជា ៣ភ្លឺ នៅ​ក្នុង​ពេល​ដែល​បាតុករ​កំពុង​លង់លក់​ក្នុង​ដំណេក​ នៅកន្លែង​បាតុកម្ម ក្រុម​ប៉ូលិស​ក៏​បាន​ប្រើ​ឡានបាញ់ទឹក​ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ចូលបំបែក​បាតុកម្ម​។ បើយោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ដែល​បាន​ដក់ស្រង់​សម្តី​របស់​ក្រុម​បាតុករ មាន​ព្រះសង្ឃ​ប្រមាណ​ជា ៣០អង្គ​ត្រូវ​រងរបួស ក្នុង​ការ​បង្រ្កាប​បាតុកម្ម​នេះ ហើយ​ព្រះសង្ឃ​​ជាច្រើន​អង្គផ្សេង​ទៀត​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន។

ការបំបែក​បាតុកម្ម​នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនដំណើរ​មកដល់​របស់​លោកស្រី​អ៊ុង សានស៊ូជី ប្រមុខដឹកនាំ​ប្រឆាំង និង​ជា​សមាជិក​សភា​ភូមា ដែល​គ្រោង​​មក​ជួប​ជជែក និង​ស្តាប់​ការតវ៉ា​របស់​​ក្រុមបាតុករ។ បើយោងតាម​មន្រ្តី​គណបក្ស​ប្រឆាំង លោកស្រី​អ៊ុង សានស៊ូជី​​មិនបាន​លុបចោល​ដំណើរទស្សនកិច្ច​នេះ​ទេ បើទោះជា​មាន​ការ​បំបែក​បាតុកម្ម កាល​ពី​ព្រឹក​ក៏ដោយ។ លោកស្រី​បាន​ចេញដំណើរ​តាម​យន្តហោះ ពី​ទីក្រុង​រ៉ង់ហ្គូន ទៅ​ទីក្រុង​ម៉ាន់ដាឡៃ រួចហើយ​លោកស្រី​នឹង​បន្ត​ដំណើរ​តាម​ឡាន ទៅកាន់​កន្លែង​បាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ