អានតួអត្ថបទ
ភូមា

អំពើហិង្សា​សហគមន៍​ នៅ​ភាគ​ខាងលិច​ភូមា​សប្តាហ៍​នេះ​​ សម្លាប់​មនុស្ស​ច្រើននាក់​

នៅ​ប្រទេស​ភូមា អង្គការ​ក្រៅរដ្ឋាភិបាល​មួយ បាន​ប្រាប់នៅថ្ងៃ​សុក្រ​នេះ​​ថា អំពើហិង្សា​ប្រឆាំង​​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ រ៉ូហ៊ីងយ៉ាស នៅ​ភាគខាងលិច​​​ បានកើតឡើង​សាជាថ្មី ក្នុង​សប្តាហ៍នេះ ​​សម្លាប់​មនុស្ស​អស់​ច្រើន​នាក់ ពិសេស​គឺ​ស្ត្រី និង​កុមារ។ យោងតាម​ប្រភព​ព័ត៌មាន​ជាច្រើន​ អ្នកស្លាប់​អាច​មាន​ចំនួន​ពី១០នាក់​ឡើងទៅ។ អំពើហិង្សា​សហគមន៍នេះ បាន​ធ្វើអោយ​អាមេរិក​​ព្រួយបារម្ភ​ និង​​អំពាវនាវ​អោយ​រដ្ឋាភិបាល​ភូមា ធ្វើការ​ស៊ើបអង្កេត​នាំជនដៃដល់​មក​កាត់ទោស​តាមច្បាប់។

ជន​​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ាស ជា​ជនជាតិភាគតិច​​កាន់សាសនា​អ៊ីស្លាម ដែល​ភូមា​រើសអើង
ជន​​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ាស ជា​ជនជាតិភាគតិច​​កាន់សាសនា​អ៊ីស្លាម ដែល​ភូមា​រើសអើង REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅ​ដើម​សប្តាហ៍​នេះ នៅ​ភូមា​ អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​បានប្រាប់ថា អំពើ​ហិង្សា​សហគមន៍​​ប្រឆាំង​អ្នកកាន់​សាសនា​អ៊ីស្លាម​​រ៉ូហ៊ីងយ៉ាស​ បានកើតមាន​ជាថ្មី​ម្តងទៀត ​នៅ​ភាគខាងលិច​ប្រទេស ជិត​ព្រំដែន​ជាមួយ​បង់ក្លាដែស សម្លាប់​មនុស្ស​អស់ច្រើននាក់ ពិសេស​គឺ​ស្ត្រី និង​កុមារ​តែម្តង។

ស្ថានភាព​រដ្ឋរ៉ាក់ឃីនភាគ​​​ភូមាភាគខាងលិច​ នៅតែ​ស្ថិត​ក្នុង​ភាព​តានតឹង​ បន្ទាប់​ពីមាន​អំពើ​​​ហិង្សា​រវាង​អ្នកកាន់​ពុទ្ធសាសនា និង​អ្នកកាន់សាសនា​អ៊ីស្លាម កើតឡើង កាលពី​ឆ្នាំ​២០១២ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​២៥០នាក់។

ទាក់ទង​អំពើ​ហិង្សា​សប្តាហ៍នេះ មេ​ប៉ូលិស​មួយរូប នៅ​​ក្រុង​ ម៉ូនដាវ ជិត​នោះ បាន​បដិសេធ​​ ថាគ្មាន​ជនរងគ្រោះ​ស៊ីវិល​នោះទេ ហើយ​ថែម​ទាំង​ប្រាប់ទៀតថា គឺ​ខាង​ប៉ូលិស​ឯណេះ​វិញទេ ដែល​រង​​ការ​វាយប្រហារ ហើយ​មាន​ប៉ូលិស​ម្នាក់​បានបាត់​ខ្លួនទៀតផង។ ប៉ុន្តែ​ យោងតាម​​សកម្មជន​ការពារ​​សិទ្ធិ​អ្នកកាន់សាសនា​អ៊ីស្លាម ​រ៉ូហ៊ីងយ៉ាស​​ ម្នាក់ ការវាយប្រហារ​ដែល​បាន​កើតឡើង កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ គឺ​​កើតឡើង​ក្រោយពេល​មាន​ការប្រឈម​ជាមួយក្រុម​​ប៉ូលិស។ ដោយឡែក ប៉ូលិស​ក្នុង​រដ្ឋរ៉ាក់ឃីន ប្រាប់ថា​ មនុស្ស​ជាង​១០នាក់​ត្រូវ​បាន​ចាប់ខ្លួន។

អ្នកភូមិ​មួយរូប​ដែល​បាន​ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ គិតថា ​​អ្នករស់នៅ​រដ្ឋរ៉ាក់ឃីន អាច​ជាអ្នក​បង្ក​អំពើ​ហិង្សា​នេះ​ ប្រហែល​មិនមែន​ប៉ូលិស​នោះទេ។

នៅថ្ងៃ​សុក្រ​នេះ ស្ថានទូត​អាមេរិក​នៅ​ក្រុងរ៉ង់ហ្គូន​ បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង ហើយ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ភូមា ធ្វើការ​ស៊ើបអង្កេត​អោយ​បាន​ជ្រាលជ្រៅ​លើអំពើ​ហិង្សា​នេះ​ ដើម្បី នាំជន​ដៃដល់​មកដាក់ទោស។ អាមេរិក​ក៏បាន​សុំអោយ​ភូមា​ធានាការការពារ​​​សន្តិសុខ​​​អោយ​បាន​ខ្ពស់​ ក្នុង​​រដ្ឋរ៉ាក់ឃីន​ អោយ​បាន​ដូច​ជា​នៅ​ទីកន្លែង​ផ្សេងទៀតទូទាំង​ប្រទេស​ផង​ដែរ។

​នៅ​រដ្ឋរ៉ាក់ឃីន ភាគខាងលិច​​ភូមា មាន​អ្នកកាន់សាសនា​អ៊ីស្លាម​ ​​រ៉ូហ៊ីងយ៉ាស ប្រមាណ​៨សែន​នាក់​រស់នៅ។ ពួកគេគ្មានសិទ្ធិ​ទទួលសញ្ជាតិ​ភូមា​នោះទេ។ ​ប្រជាជន​ភូមា​​​ចាត់ទុក​ជនជាតិ​រ៉ូហ៊ីងយ៉ាស ថា​ជា​​ជនភៀសខ្លួន​ខុស​ច្បាប់​មកពី​បង់ក្លាដែស។ យោងតាម​អង្គការ​សហ ប្រជាជាតិ​​​ ​ជនជាតិ​​រ៉ូហ៊ីងយ៉ាស​ ថា​ជា​ជនជាតិភាគតិច​ដែល​រង​ការ​សម្លាប់​រង្គាល​ច្រើនជាង​គេ​ ក្នុង​ពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ