អានតួអត្ថបទ
ហ្វីលីពីន

ជំរំ​មួយ​របស់​ទ័ពព្រៃ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម​ធ្លាក់​ទៅក្នុង​ដៃ​របស់​កងទ័ព

ជិត​ដប់​ថ្ងៃ​កន្លង​មក​ហើយ​ដែល​កងទ័ព​និង​ពួក​ទ័ពព្រៃ​នៃ​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម បាន​ប៉ះ​ទង្គិច​គ្នា នៅ​ប៉ែក​ខាង​ត្បូង​នៃ​កោះ​Mindanao។ កងទ័ព​ថែម​ទាំង​បាន​ប្រើ​យន្តហោះ ចម្បាំង​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ជម្រក​របស់​ពួក​ទ័ពព្រៃ​ផង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​នេះ ជំរំ​មួយរបស់​ពួកម៉ូរ៉ូ​​ត្រូវ​បាន​កាន់កាប់​ដោយ​ទាហាន​ហ្វីលីពីន​ហើយ។ ប្រតិបត្តិការ​យោធា​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ពួក​ទ័ពព្រៃ​១៣​នាក់ និង​បាន​បណ្តាល​ឲ្យ​មាន​ជន​ភៀស​សឹក​រហូត​ដល់​ទៅ​ជាង​១០ ០០០នាក់។

ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន​រងរបួស​ដោយ​ការវាយប្រហារ​ពីសំណាក់​ពួក​ឧទ្ទាម កាលពី​ថ្ងៃ​ទី១៨ តុលា ២០១១
ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន​រងរបួស​ដោយ​ការវាយប្រហារ​ពីសំណាក់​ពួក​ឧទ្ទាម កាលពី​ថ្ងៃ​ទី១៨ តុលា ២០១១ REUTERS
ផ្សាយពាណិជ្ជកម្ម

សម្រាប់​រដ្ឋាភិបាល គោលដៅ​នៃ​ប្រតិបត្តិការ​យោធា​នេះ គឺ​វាយ​កំទេច​ពួក​ទ័ពព្រៃ​នៃ​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម​មួយ​ក្រុម ដែល​បាន​បង្ក​ចលាចល​នៅ​ប៉ែក​ខាង​ត្បូង​នៃ​កោះ​Midanao ជិត​ដប់​ថ្ងៃ​កន្លង​មក​ហើយ។ អាជ្ញាធរ​ហ្វីលីពីន​អះអាង​ថា ពួក​អ្នក​ទាំង​នេះ​ជា​ចោរព្រៃ​ឆក់ប្លន់​ប្រជាជន និង​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ជាង​៣០​នាក់។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​នេះ អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កងទ័ព​បាន​វាយ​យក​បាន​ជម្រក​របស់​ពួក​ចោរព្រៃ​ទាំង​នេះ​ហើយ។ យោង​ទៅ​តាម​ប្រភព​ជា​ផ្លូវការ​ដដែល​នេះ មេចោរ​ព្រៃ​បាន​ត្រូវ​របួស​និង​បាន​រត់​ភៀស​ខ្លួន​ជាមួយ​គ្នីគ្នា​ជាង​៤០​នាក់។
សូម​ជម្រាប​ថា ប្រធានាធិបតី​អាគីណូ​(Aquino) បាន​និង​កំពុង​បន្ត​ចរចា​ជា​មួយ​រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម ដើម្បី​បញ្ចប់​សង្គ្រាម​ទ័ពព្រៃ​ដែល​បាន​ផ្តើម​ឡើង​តាំង​ពី​ចុង​ទសវត្សរ៍​ទី​៦០​មក​ម្ល៉េះ។

រដ្ឋាភិបាល​ទីក្រុង​ម៉ានីល បាន​គូស​បញ្ជាក់​ថា ប្រតិបត្តិការ​យោធា​នេះ​ដែល​បាន​ទាំង​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង​ជា​លើក​ទី​មួយ​តាំង​ពី​ឆ្នាំ​២០០៨​មក មិន​ផ្អាក​ដំណើរ​ការ​នៃ​កិច្ច​ចរចា​ទេ។ សូម​ជម្រាប​ថា រណសិរ្ស​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម​ដែល​បាន​ទាមទារ​បង្កើត​រដ្ឋ​អ៊ីស្លាម​ឯករាជ​មួយ ឥឡូវ​នេះ​ព្រម​ចរចា​ជាមួយ​ទីក្រុង​ម៉ានីល ដើម្បី​ស្វ័យភាព​នៃ​កោះ​មួយ​ចំនួន​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស ដូច​ជា​កោះ​Mindanao និង​Sulu ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ