អានតួអត្ថបទ
ហ្វីលីពីន-ចិន

ការ​ស្ទង់​មតិ៖ ជនជាតិ​ហ្វីលីពីន​ខ្លាច​សង្គ្រាម​ប្រដាប់​អាវុធ​នឹង​ចិន​ក្នុង​ជម្លោះ​ដែន​សមុទ្រ

ប្រជាជន​ហ្វីលីពីន​៨​នាក់​ក្នុង​ចំណោម​១០នាក់​ព្រួយ​បារម្ភ​ថា​ជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នាំ​ទៅ​​ដល់​«សង្គ្រាម​ប្រដាប់​អាវុធ»ទល់​នឹង​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ឯករាជ្យ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។​ ស្ថានីយ៍​​ស្រាវ​ជ្រាវ​បរិយាកាស​សង្គម (SWS)នៅ​ទីក្រុង​ម៉ានីល​និយាយ​ថា​ អារម្មណ៍​នេះ​បាន​សណ្ឋិត​ក្នុង​ស្មារតី​របស់​ប្រជាជន​តាំង​ពី​មាន​ការ​ប្រឈម​មុខ​ដ៏​តឹងតែង​ជាមួយ​ចិន ពាក់ព័ន្ធ​នឹង​ការ​ត្រួតត្រា​ដែន​ទឹក​ពោរពេញ​ដោយ​ធនធាន​ជលផល​នៅ​ជុំវិញ​ប្រជុំកោះ ស្កាបូរោ សោល (Scarborough Shoal) ក្នុង​ឆ្នាំ​២០១២​។

ប្រជុំ​កោះ ​ស្កាបូរោ សោល ​(Scarborough Shoal)
ប្រជុំ​កោះ ​ស្កាបូរោ សោល ​(Scarborough Shoal) google
ផ្សាយពាណិជ្ជកម្ម

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ៨៤ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​ចំនួន​១២០០​នាក់​គឺ​«បារម្ភ»​អំពី​ជម្លោះ​ប្រដាប់​អាវុធ​ទល់​នឹង​ប្រទេស​ចិន​ ហើយ​ប្រហែល​ពាក់​កណ្តាល​«បារម្ភ​ខ្លាំង​មែន​ទែន»​នៅ​ពេល​ដែល​អ្នក​ឆ្លើយ​សំណួរ​ច្រើន​ជាង​១​ភាគ​៣​និយាយ​ថា​«បារម្ភ​ខ្លះ​ៗ​ដែរ»។

ការ​ស្ទង់​មតិ​ដូច​ៗ​គ្នា​ត្រូវ​បាន​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ហើយ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នីមួយៗ យ៉ាងហោច​ណាស់​៨០​ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​ព្រួយ​បារម្ភ​ថា​ ទំនាស់​ដែន​សមុទ្រ​អាច​ផ្ទុះ​សង្រ្គាម​ពេញ​ទំហឹង​ទល់​នឹង​ប្រទេស​ចិន​ដែល​ជា​អ្នក​ជិត​ខាង​ហ្វីលីពីន។

ស្ត្រី​អ្នក​នាំពាក្យ​ឱ្យ​ប្រធានាធិបតី​ហ្វីលីពីន អាប៊ីលហ្គេល វ៉ល់ (Abigail Valte) បាន​ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​នោះ​ថា៖ «វា​ជា​ធម្មជាតិ​សម្រាប់​ពួក​យើង​ហើយ​ ដែល​បារម្ភ​អំពី​សង្គ្រាម​ប្រដាប់​អាវុធ​ ពីព្រោះ​វា​ជា​ការ​ពិត​ដែល​ថា​សង្គ្រាម​មិន​ចំណេញ​ចំពោះ​អ្នក​ណា​ឡើយ។ រឿង​នេះ​គូស​បញ្ជាក់​អំពី​មូលហេតុ​ដែល​យើង​បាន​បន្ត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»។

សូម​បញ្ជាក់​ថា​ ការ​ប្រឈម​មុខ​នៅ​ប្រជុំ​កោះ​ស្កាបូរោស ​សោល បាន​ចប់​ទៅ​ដោយ​ទីក្រុង​ប៉េកាំង​បាន​កាន់កាប់​ដែន​នេសាទ ​ដែល​នៅ​ចម្ងាយ​២២០គីឡូម៉ែត្រ​ពី​កោះ លូហ្សុង (Luzon)របស់​ហ្វីលីពីន ​ហើយ​ស្ថិត​នៅ​ចម្ងាយ​៦៥០គីឡូម៉ែត្រ​ពី​កោះ​ហៃណាន (Hainan) របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ