អានតួអត្ថបទ
ថៃ

ថៃសុំអឺរ៉ុប​ផ្តល់​ពេល​បន្ថែមសម្រាប់​​​កំណែ​ទម្រង់​​​នេសាទ​​​

នៅថ្ងៃព្រហស្បតិ៍​១៦មិថុនា​នេះ ក្រសួង​ឧស្សាហកម្ម​ថៃ​បាន​សុំ​សហភាព​អឺរ៉ុប​អោយ​អនុគ្រោះ​ផ្តល់​ពេល​បន្ថែម​ដល់​ថៃ ដើម្បី​ធ្វើកំណែទម្រង់​វិស័យ​នេសាទ។ កាលពី​ខែ​មេសា ឆ្នាំ២០១៥ អឺរ៉ុប​បាន​បញ្ចេញ​កាតលឿង តំរូវ​អោយ​ថៃ​បញ្ឈប់​​​សកម្មភាព​នេសាទ​ខុសច្បាប់ និង​ពលកម្ម​ដែល​រងការ​បង្ខិតបង្ខំ។ សម្រាប់ថៃ កាតលឿង​ជា​ការ​ប្រកាស​អាសន្ន​ដល់វិស័យ​នេសាទ​របស់ខ្លួន។

កាតលឿង​អឺរ៉ុប​ជា​សញ្ញា​អាសន្ន​សម្រាប់​វិស័យ​នេសាទ​ថៃ។
កាតលឿង​អឺរ៉ុប​ជា​សញ្ញា​អាសន្ន​សម្រាប់​វិស័យ​នេសាទ​ថៃ។ Monusco/Abel Kavanagh
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​បាន​ដាក់​កំហិត​ថៃ​អោយ​ធ្វើកំណែទម្រង់​ឧស្សាហកម្ម​នេសាទ​ ច្រើនខែ​មកហើយ​ ហើយ​ត្រូវតែធ្វើ​អោយ​ឆាប់រហ័ស​បំផុត មិនដូច្នោះទេ ថៃ​នឹង​ទទួល​ទណ្ឌកម្ម​។ អឺរ៉ុប​ចង់​ឃើញ​ជាក់ស្តែង ថា​ឧស្សាហកម្ម​នេសាទ​ថៃ​មាន​លក្ខណៈ​ប្រសើរជាងមុ​ន ចៀសវាង​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់ និង​ពលកម្ម​​បង្ខិតបង្ខំ។ ប៉ុន្តែ រហូតពេលនេះ ​ថៃ​នៅមិនទាន់​សម្រេច​សំណើអឺរ៉ុប​បាន​នៅឡើយទេ។ 

មន្ទីរ​ទទួលបន្ទុក​ផ្នែកនេសាទ​ថៃ បាន​ពន្យល់ថា ការដែល​ថៃ​មិនទាន់​អាច​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​បាន​ គឺដោយសារ​ថៃ​ជួបផលវិបាក​​​នយោបាយ​ បង្កឡើង​ដោយ​រដ្ឋប្រហារ​កន្លងមក។ ទោះយ៉ាងនេះ​ក្តី ថៃពន្យល់ដែរថា​ ​​ប៉ុន្មានខែ​​ចុងក្រោយនេះ ថៃ​បានព្យាយាមបញ្ចូល​កំណែ​ទម្រង់ ក្នុង​ការអនុវត្តន៍​ជាក់ស្តែង។ ថៃ​បាន​ ​​ត្រួត​ពិនិត្យ​កប៉ាល់នេសាទ​រាប់ពាន់គ្រឿង​ បំពាក់​ទៅដោយ​រ៉ាដា​។ រ៉ាដាទាំងនេះ ​នឹង​ផ្តល់សញ្ញា​អោយអាជ្ញាធរ​បាន​ដឹង ករណី​កប៉ាល់​ណាមួយ​​ចូលទៅ​នេសាទ​ក្នុងដែនទឹក​បរទេស។ ​

 
គួរបញ្ជាក់​ថា ថៃ​ជា​ប្រទេស​ទី៣​នាំមុខ​គេ​ ក្នុង​ពិភពលោក​ក្នុង​ឧស្សាហកម្ម​គ្រឿងសមុទ្រ​។ តាំងពី​គណៈ​កម្មការ​​អឺរ៉ុប​ចេញបញ្ជា​អោយ​ថៃ​កែទម្រង់វិស័យ​​នេសាទ​​មក ថៃ​បាន​ព្យាយាម​ចរចា​​ជាមួយ​អឺរ៉ុប​ ដើម្បី​ចៀសវាង​​ទទួលទណ្ឌកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ