អានតួអត្ថបទ
ភូមា

ភូមា​ចុះ​ហត្ថលេខា​ឈប់បាញ់គ្នា​ជាមួយ​ចលនា​ឧទ្ទាម​មន​(Mon)​

បន្ទាប់ពី​​បាន​​សម្រេច​​កិច្ច​​ព្រមព្រៀង​​ឈប់​បាញ់​​គ្នា​​ជា​​ច្រើន​​ជាមួយ​​ចលនា​​ឧទ្ទាម​​ដែល​​ជា​​ជន​ជាតិ​​ភាគ​​តិច​​ ​នៅ​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះមក អាជ្ញាធរ​ភូមា​ទើប​​បាន​​ចុះ​​ហត្ថលេខា​​លើ​​កិច្ច​​​ព្រមព្រៀង​​សន្តិភាព​​​​ជាមួយ​​ចលនា​​ឧទ្ទាម​​ជាតិ​​ពិន្ធុ​​Mon​-នេះ​​ជា​​ការ​​ជូន​​ដំណឹង​​របស់​​ទិនានុប្បវត្តិ​​ផ្លូវការ​​ភូមា ​New Light of Myanmar។

ពលករជនជាតិភាគតិចមកពី​រដ្ឋមន(Mon)នៃប្រទេសភូមា​ធ្វើការ​នៅរោងចក្រតូចមួយក្នុងទឹកដីប្រទេសថៃនៅ​Sangkhlaburi
ពលករជនជាតិភាគតិចមកពី​រដ្ឋមន(Mon)នៃប្រទេសភូមា​ធ្វើការ​នៅរោងចក្រតូចមួយក្នុងទឹកដីប្រទេសថៃនៅ​Sangkhlaburi REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​ភូមា​មួយក្រុម​ដឹកនាំដោយ​លោក Aung Ming រដ្ឋមន្ត្រីក្រសួងអយស្ម័យយាន និង​ក្រុម​​​អ្នក​តំណាង​គណបក្ស​ថ្មី​នៃ​រដ្ឋ មន(​Mon) ដែលជាក្រុមចលនាឧទ្ទាម បាន​​ចុះ​ហត្ថលេខា​​លើ​បទ​ឈប់​បាញ់គ្នាមួយ​​។ គោលដៅ​គឺដើម្បី ចាប់​ផ្តើម​​កិច្ច​ចរចា ​នយោបាយ​មួយ​​និង​​ធ្វើការ​រួមគ្នា​នៅលើ​វិស័យ​សិក្សា​ធិការ​និង​សុខាភិបាល-នេះជាការ​បញ្ជាក់​របស់​ទិនានុប្បវត្តិផ្លូវការភូមា New Light of Myanmar នៅថ្ងៃចន្ទ​ទី​២៧​កុម្ភៈនេះ។

នៅឱកាសនោះ អាជ្ញាធរ​ភូមា ​បាន​សន្យា​​ថានឹង​ដោះ​លែងឲ្យមានសេរីភាពវិញ​​សមាជិក​នៃ​គណបក្ស​ថ្មី ​នៃ​​​រដ្ឋមន( ​Mon)  ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។ មិនតែ​ប៉ុណ្ណោះ ភាគី​​ទាំង​ពីរ បាន​បន្ថែម​ទៀត​ថានឹង​​មិន​​​ប្រើ​​កម្លាំង​ពលកម្មណាមួយ​ដោយ​ចាប់​បង្ខំឡើយ​​។

សូមបញ្ជាក់ថា កងទ័ពរំដោះជាតិ Mon ដែលជាសាខា​មួយរបស់​​គណបក្សថ្មីនៃរដ្ឋមន( Mon) ជា​ក្រុម​ឧទ្ទាម​មួយ​ដ៏​តូច​ជាង​គេ​បំផុត​ដោយ​មានកម្លាំងទ័ព​ តែ១០០០​នាក់​ប៉ុណ្ណោះ​នៅ​​ភាគអាគ្នេយ៍នៃភូមា។

ក្រុម​ជន​ជាតិ​ភាគ​តិច​នៅភូមា តំណាង ឲ្យ​ ​១/៣​ ​នៃ​​​ប្រជាជន​ភូមា​ទាំង​អស់ ​​៦០​លាន​នាក់។ ពួកគេ ពុំ​ ដែលរស់​នៅ​ដោយ​សុខសន្តិភាព​ឡើយ​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​អាជ្ញាធរភូមា ​ចាប់តាំង​ពី​ប្រទេសនេះ ​បាន​ទទួល​ឯករាជ្យ​នៅឆ្នាំ​១៩៤៨​ មក​។​ កត្តានេះ ហើយ បាន​ជា​បណ្តាល​​ឲ្យ​សង្គ្រាម​ស៊ីវិល​មួយ​​ផ្ទុះ​ឡើង ​រវាង​ចលនា​ជនជាតិ​ភាគ​តិច​ប្រដាប់អាវុធ​សំខាន់ខ្លះ ​ងើបតស៊ូ​​ប្រឆាំងនឹង​កងទ័ព​ភូមា​ដើម្បី ទាមទារ​ស្វ័យភាព​តំបន់​ខ្លួន​​ឲ្យបានច្រើនជាងមុន។

 
 ឆ្លើយតប ចំពោះ ការ​ទាមទារ​ដ៏ចម្បង​​របស់​សហគមន៍អន្តរជាតិ រដ្ឋាភិបាល​ស៊ីវិល​ភូមាថ្មី​ បាន​ចាប់​ផ្តើម​ចរចា ​ជាមួយ​ចលនា​​​ឧទ្ទាម​នានា ​ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១១ និង​​​​បាន​ចុះ​ហត្ថលេខា​​​លើ​កិច្ច​ព្រម​ព្រៀង​​​សន្តិភាពទៀត​​​​ផង​។

ក៏ប៉ុន្តែ ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​នៅ​តែ​​បន្ត រវាងកងទ័ពភូមា​និង​ជន​ជាតិ​ភាគតិច​ ​Kachin ទាមទារ​ឯករាជ្យ​​ ដែលស្ថិត​នៅ​ភាគខាងជើង​​បំផុត​នៃ​​ប្រទេស​ភូមា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ