អានតួអត្ថបទ
កម្ពុជា

លិខិត​ឆ្លង​ដែន​នឹង​មាន​សុពលភាព ១០​ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០១៤​តទៅ​

រដ្ឋាភិបាល​ អាណត្តិ​ថ្មី​នេះ គ្រោង​បង្កើន​សុពលភាព​លិខិត​ឆ្លង​ដែន ឬ Passeport រហូត​ដល់​ ១០​ឆ្នាំ។​ នេះ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​សេវាសាធារណៈ​ ប៉ុន្តែ តម្លៃ​លិខិត​ឆ្លងដែន​ថ្មីនេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ថា អាច​ចុះ​ទាប​ជាង​មុន​ឬ​នៅ​ដដែល​នោះ​ទេ។ ហូត​មក​ទល់ពេល​នេះ លិខិត​ឆ្លង​ដែន​មាន​តម្លៃ ១២០ ដុល្លារ និង​មាន​សុពលភាព ៣​ឆ្នាំ តែ​អាច​ពន្យារបាន​ពីរ​ដង​ដោយ​ក្នុង​ម្តងៗ​មាន​រយៈពេល​២​ឆ្នាំ។

លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ដើម​ឆ្នាំ ២០១៤​តទៅ រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​ចេញ​លិខិត​ឆ្លង​ដែន​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សុពលភាព​រហូត​ដល់​១០​ឆ្នាំ។  ​នេះ​តាម​លោក វុធ ថា​លី ប្រធាន​នាយកដ្ឋាន​នគរបាល​ស្ថិតិ និង​លិខិត​ឆ្លង​ដែន ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ។

រហូត​មក​ទល់​ពេល​នេះ លិខិត​ឆ្លងដែន​ខ្មែរមាន​សុពល​ភាពត្រឹម​តែ ៣ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ គេអាចពន្យារ​បាន​ ២ដង ដោយ​ក្នុង​ម្តងៗមានរយៈពេល ២ឆ្នាំ។ ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​មួយ គេ​ត្រូវ​ចំណាយ​យ៉ាង​តិច ១២៤​ដុល្លារ និង​ត្រូវ​រង់ចាំ​រយៈពេល​យ៉ាង​តិច​មួយ​ខែ​ទើប​អាច​ទទួល​បាន។ អ្នក​ដែល​ចង់​បាន​លឿន​ជាង​នេះ​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ដល់​អ្នក​ជួយ​រត់​ការ។

លោក គាត ច័ន្ទថារិទ្ធិ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ពន្យល់​ថា ការបង្កើន​សុពលភាព​នៃ​លិខិត​ឆ្លងដែន​នេះ​មាន​គោលដៅ ដើម្បី​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ពីព្រោះ​សុពលភាព​ត្រឹម ៣​ឆ្នាំ ដូច​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​ខ្លី​ពេក។ បើតាមលោក គាត ច័ន្ទថារិទ្ធិ នេះជាផ្នែកមួយនៃកំណែទម្រង់សេវាសាធារណៈ​ដែលរដ្ឋាភិបាលបាន​​គិតគូរតាំងពីមួយឆ្នាំមុនម្ល៉េះ។

ក្រៅពីមានសុពលភាពយូរជាងមុន លិខិតឆ្លងដែនថ្មីនេះក៏នឹងមានកម្រាស់ក្រាសជាង​មុនដែរដល់ទៅពីរដងពោលគឺមានរហូតដល់ ៦០ ទំព័រ។ យ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានលម្អិត​​​ថា លិខិតឆ្លងដែនថ្មីនេះមានតម្លៃ​ប៉ុន្មាននៅ​ឡើយ​ទេ។  ទាំងលោក វុធ ថាលី ​ទាំងលោក គាត ច័ន្ទថារិទ្ធ បានអះអាងថា មិនទាន់បានដឹងអំពីការកំណត់តម្លៃថ្មីនៅឡើយដែរ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ត្រូវ​ការ​កាន់​លិខិត​ឆ្លង​ដែន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ កាលពីឆ្នាំ ២០១២ មានអ្នកទៅសុំលិខិតឆ្លងដែនចំនួនជាង
 ១៦០ ០០០​នាក់ ខណៈ​ដែល​​គិតត្រឹម ១០ ខែ​ក្នុងឆ្នាំ ២០១៣ ចំនួននេះបានកើនដល់ទៅជាង ២១០ ០០០​នាក់។ នេះបើយោងតាមតួលេខដែលផ្តល់ដោយ​នាយកដ្ឋាន​នគរ​បាល​ស្ថិតិនិង​លិខិត​​ឆ្លងដែន។

គួរកត់សម្គាល់ថា​ ការ​ទទួល​បាន​លិខិត​ឆ្លងដែន​គឺជា​រឿង​ស្មុគស្មាញ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា។ តម្លៃខ្ពស់ជាងប្រទេសជិតខាង សុពលភាពតិច ហើយរាល់ពេលពន្យារម្តងៗ​ត្រូវ​ការ​បង់​ប្រាក់​​បន្ថែម និងត្រូវរង់ចាំយូរ សុទ្ធសឹងជា​បញ្ហាដែលកើតមានឡើងជាប្រចាំ។ ការបង់ប្រាក់ក្រៅផ្លូវការក៏បានក្លាយជាទម្លាប់មួយទៅហើយដែរ។ ដូច្នេះ កំណែ​ទម្រង់​សេវាកម្ម​ផ្តល់លិខិតឆ្លងដែនគឺជាដំណឹងល្អមួយសម្រាប់ប្រជាពល​រដ្ឋកម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ