អានតួអត្ថបទ
កម្ពុជា

សំណើ​សុំ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​ទៅ​ដល់​ក្រសួង​មហាផ្ទៃ

សំណើ​សុំបង្កើត​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​ដាក់ទៅ​ដល់​ក្រសួងមហាផ្ទៃ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ គណបក្ស​ថ្មី​មួយនេះ​ដែល​កើត​ចេញ​ពី​គំនិត​រួម​គ្នា​របស់​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​ មាន​សមាភាព​លោក​សម រង្ស៊ី​ជា​ប្រធាន និង​លោក​ប៉ុល ហំម ជា​អនុ​ប្រធាន​គណបក្ស។

លោក​កឹម សុខា និង​លោក​គង់ គាំ រួមជាមួយ​លោក​សម រង្ស៊ី (តាមវីដេអូ​ខុនហ្វេរិន) ក្នុង​ពេល​ប្រជុំ​ព្រឹកថ្ងៃ​៣០​កក្កដា
លោក​កឹម សុខា និង​លោក​គង់ គាំ រួមជាមួយ​លោក​សម រង្ស៊ី (តាមវីដេអូ​ខុនហ្វេរិន) ក្នុង​ពេល​ប្រជុំ​ព្រឹកថ្ងៃ​៣០​កក្កដា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​២០​សីហា​នេះ រហូត​ដល់​១៥​ថ្ងៃ​ទៀត គឺ​ជា​ពេល​វេលា​ដែល​ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​​អនុញ្ញាត​ ឬមិន​អនុញ្ញាត​អោយ​បង្កើត​គណបក្ស​សង្គ្រោះជាតិ។ នេះ​បើ​យោងតាម​នីតិវិធី។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សំណើ​បង្កើត​គណបក្ស​ថ្មី​មួយ​នេះ​ដែល​ជាផ្លែផ្កា​នៃ​ការ​រួបរួមគ្នា​រវាង​គណបក្ស​​ប្រឆាំង​ទាំងពីរ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធមនុស្សនោះ ត្រូវ​បាន​យក​ទៅ​ដល់​ក្រសួង​មហាផ្ទៃ​ហើយ។

គ្មាន​ទេ​ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី​នោះ ប៉ុន្តែ​សមាជិក​ជាន់ខ្ពស់​ខ្លះ​នៃ​គណបក្ស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នឹង​ទៅ​ចូលរួម​ដឹកនាំ​គណបក្ស​ថ្មី គណបក្ស​សង្គ្រោះជាតិ​នោះ។ សមាសភាព​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​លោក​សម រង្ស៊ី​ដែល​កំពុង​ជាប់ពិរុទ្ធ។

លោកសុក សំអឿន ប្រធាន​ក្រុម​អ្នកច្បាប់​ការពារសិទ្ធិ​កម្ពុជា​បានពន្យល់​អោយដឹងថា មិន​មាន​ច្បាប់​ណា​ដែល​ហាម​ និង​សរសេរ​ថា ជន​ដែល​មាន​ពិរុទ្ធ​មិនអាច​ឈរ​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​នោះ​ឡើយ។ ច្បាប់​គ្រាន់​តែ​បាន​ហាម​ជន​មាន​ពិរុទ្ធ​មិន​អោយ​ឈរ​ឈ្មោះ​អោយ​គេ​បោះឆ្នោត និងមិន​អោយ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​រង់ចាំ​មើល​វាសនា​នៃ​គណបក្ស​នយោបាយ​មួយ​នេះ ថា​តើ​ក្រសួង​​មហាផ្ទៃ​នឹង​ឆ្លើយ​តប​យ៉ាង​ណា ខណៈ​អ្នក​ច្បាប់​សុក សំអឿន​អះអាង​ថា គួរ​តែ​គ្មាន​បញ្ហា​​អ្វី​នោះ។

ក្រោយ​ពី​បាន​ដាក់​សំណើ​សុំបង្កើត​គណបក្ស​ទៅក្រសួង​មហាផ្ទៃ​ហើយ សមាជិក​គណបក្ស​សង្គ្រោះជាតិ​បាន​រៀប​ចំ​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​ដំណឹង​នៃ​ការ​សុំ​ចុះ​ឈ្មោះ​គណបក្ស និង​បង្ហាញ​សមាសភាព​ថ្នាក់ដឹកនាំ​ផង​ដែរ។ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ត្រូវ​បាន​រៀបចំ​នៅ​គេហដ្ឋាន​របស់​អតីត​តំណាងរាស្ត្រ​គណបក្សសម រង្សី គឺ​លោក​សាម ស៊ុនឌឿន​នោះ មាន​សមាសភាព​មក​ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​​ដែល​ឈរ​ឈ្មោះ​ជា​សមាសភាព​នៃ​អ្នកដឹកនាំ​គណបក្ស​ថ្មី​នេះ។ ក្នុង​នោះ​រួម​មាន​ លោក​ប៉ុល ហំម លោកស៊ុន ចន្ទី លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី​ជា សុគន្ធានី និង​លោក​សាម ស៊ុនឌឿន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ