អានតួអត្ថបទ
កម្ពុជា

អនុប្រធាន​គណបក្សសង្រ្គោះជាតិ​ចង់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី

លោក​កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី​តែ​ពីរ​អាណត្តិ​ប្រសិន​បើ​គណបក្ស​របស់​លោក​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​ឆ្នាំ​២០១៣​នេះ។ រីឯ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​ឆ្លើយ​បក​វិញ​ថា ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត ជា​អ្នក​សម្រេច​កិច្ចការ​នេះ។

លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ​ផ្លូវការ​​តាម​រយៈ​សមាជ​វិសាមញ្ញ​គណបក្ស​សិទ្ធមនុស្ស​កាល​ពី​ព្រឹកមិញ​នេះ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​​ថា ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​ឆ្នាំ​២០១៣​នេះ គណបក្ស​សង្រ្គោះជាតិ​នឹង​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មិន​បាន​ចែង​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ទេ។

ប៉ុន្តែ​សម្រាប់​លោក​កឹម សុខា លោក​មាន​បំណង​ចង់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី​ត្រឹម​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ។ លោក​កឹម សុខា​បាន​ពន្យល់​ថា ប្រសិន​បើ​មាន​ការ​កំណត់​អាណត្តិ អ្នក​ដឹកនាំ​មិន​សូវ​ហ៊ាន​ប្រព្រឹត្តិ​កំហុស​ទេ ពីព្រោះ​ខ្លាច​ពេល​បាត់​បង់​អំណាច អ្នក​ដឹកនាំ​រូប​នោះ​អាច​ត្រូវ​បាន​ច្បាប់​នាំ​យក​មក​កាត់ទោស។

លោក​កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​គឺ​ជា​គំនិត​ល្អ​។ ល្អ​នៅ​ត្រង់​ថា អ្នក​ណា​ក៏​ដោយ នៅ​ពេល​ដែល​ដឹកនាំ​យូរ​ពេក ធ្វើ​ការ​យូរ​ពេក​នៅ​ក្នុង​អាជីព​ណា​មួយ​នោះ ពួក​គេ​មិន​សូវ​មាន​គំនិត​ថ្មីៗ​ទេ។ ផ្ទុយ​ទៅ​វិញ ធ្វើ​អោយ​ពួក​គេ​មាន​បក្ស​ពួក​កាន់​តែ​ច្រើន​ឡើង។ លោក កែម ឡី​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា មេដឹក​នាំ​អង្គការ​ធំៗ​ ដូចជា អង្គការ UNDP UNESCO ឬ UNICEF ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ស្ទើរ​រៀងរាល់​មួយ​អាណត្តិ​ម្តង ​ពោល​គឺ​លោក​កម្រ​ឃើញ​ពួកគេ​ដឹកនាំ​ពីរ​អាណត្តិ​ជាប់​គ្នា​ណាស់។

ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​កឹម សុខា លោក ឈាង វ៉ុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា គណបក្ស​លោក​កឹម សុខា អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន លុះត្រា​តែ​គណបក្ស​នេះ​អាច​រក​សំឡេង​បាន ២​ភាគ​៣​នៅ​ក្នុង​រដ្ឋសភា​ជាតិ។ បើ​រក​មិន​បាន​ទេ គឺ​ជា​ការ​បរាជ័យ​នៅ​ក្នុង​ការ​ប៉ុនប៉ង​កែប្រែ​រដ្ឋ​ធម្មនុញ្ញ។ លោក ឈាង វ៉ុន បាន​បន្ត​បញ្ជាក់​ទៀត​ថា យើង​មិន​កំណត់​អាណត្តិ​នាយករដ្ឋ​មន្ត្រី​ទេ យើង​ទុក​អោយ​ប្រជាជន​ជា​អ្នក​កំណត់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ